ដោយសារបន្ទះឈីបដែលផលិតក្នុងស្រុករបស់ចិន នៅមិនទាន់អាចប្រៀបផ្ទឹមបាននឹងបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក ក្រុមហ៊ុនចិនមួយចំនួនបានងាកមកប្រើយុទ្ធសាស្ត្រទិញ ឬជួលសមត្ថភាពគណនា នៃប្រព័ន្ធបន្ទះឈីបពីបរទេសតាមរយៈយន្តការស្របច្បាប់។ ក្រុមហ៊ុនចិនអាចជួលសិទ្ធិប្រើប្រាស់បន្ទះឈីបរបស់អាម៉េរិក ដែលដំឡើងនៅក្នុងមជ្ឈមណ្ឌលទិន្នន័យនៅតាមប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាក់ស្តែងម៉ាឡេស៊ីកំពុងទទួលបានគម្រោងវិនិយោគរហូតដល់ ៥៩ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យចំនួន ១២៥កន្លែងក្នុងមហិច្ឆតាប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលសកល។ អ្នកជំនាញបានលើកឡើងថា តាមរយៈរូបមន្តជួលប្រើប្រាស់ពីចម្ងាយបែបនេះ ក្រុមវិស្វករ និងអ្នកជំនាញកំពូលៗរបស់ចិនអាចអភិវឌ្ឍគំរូ AI របស់ខ្លួនបានពីក្រៅប្រទេស ដោយមិនចាំបាច់នាំចូលបន្ទះឈីបដោយផ្ទាល់។
ជុំវិញនិន្នាការនេះ វិទ្យាស្ថាន Institute for Progress ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយឯករាជ្យនៅទីក្រុងវ៉ាស៊ីនតោន បានព្រមានថា អាស៊ីអាគ្នេយ៍កំពុងក្លាយជាមូលដ្ឋានក្រៅប្រទេសដ៏សំខាន់សម្រាប់ប្រតិបត្តិការ AI របស់ចិន។ ស្ថាប័ននេះបានប៉ាន់ប្រមាណតួលេខគួរឱ្យកត់សម្គាល់ថា នៅត្រឹមដំណាច់ឆ្នាំ ២០២៦ សមត្ថភាពគណនាសរុបរបស់ចិនប្រមាណ ២៤% ត្រូវបានប្រើប្រាស់តាមរយៈការចូលទៅកាន់មជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រទេសពីចម្ងាយ ដែលក្នុងនោះ ៣ភាគ៤ ឬ ៧៥% ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ នៅត្រឹមដំណាច់ឆ្នាំ ២០២៧ ចិនត្រូវបានគេព្យាករថា អាចបង្កើនសមត្ថភាពប្រើប្រាស់ពីក្រៅប្រទេសនេះឡើងដល់កម្រិត ៣១%។
ក្រុមអ្នកវិភាគ ក៏បានចោទជាសំណួរ និងសង្ស័យអំពីលទ្ធភាពដែលក្រុមជំនាញវិស្វកម្មរបស់ចិនអាចទាញយកប្រយោជន៍ និងជ្រៀតជ្រែកលើបន្ទះឈីប AI របស់អាម៉េរិក ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលទិន្នន័យក្រៅប្រទេសទាំងនោះ។ ទោះបីជាគេដឹងថា នេះជាប្រភពគណនាដ៏ធំមួយសម្រាប់ចិនក៏ដោយ ប៉ុន្តែសហគមន៍អន្តរជាតិនៅតែពិបាកកំណត់ទំហំជាក់លាក់ នៃសមត្ថភាពពិតប្រាកដរបស់ចិននៅឡើយ។
បច្ចុប្បន្នក្រុមហ៊ុនយក្សរបស់ចិនដូចជា Alibaba Cloud, TikTok និង Tencent កំពុងសម្រុកពង្រីកវត្តមាន និងប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍រួមមានម៉ាឡេស៊ី ថៃ និងហ្វីលីពីនជាដើម៕
ដោយៈ សរ សុជាតិ