កំពូលមហាសេដ្ឋីមានបំផុតទាំង៥រូបនៅតំបន់អាស៊ីអាគ្នេយ៍កំពុងកាន់កាប់ទ្រព្យសម្បត្តិសរុបជាង១១០ពាន់លានដុល្លារ។ ក្នុងនោះ លោក ផាម ញ៉ាតវង្ស (Pham Nhat Vuong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Vingroup នៅប្រទេសវៀតណាម កំពុងក្តោបក្តាប់ទ្រព្យសម្បត្តិស្ទើរតែមួយភាគបី នៃទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីទាំង៥រូបនេះ។
យោងតាមការចាត់ថ្នាក់មហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes លោក ផាម ញ៉ាតវង្ស បន្តគ្រងតំណែងជាមហាសេដ្ឋីមានបំផុតប្រចាំតំបន់អាស៊ាន ដោយមានទ្រព្យសម្បត្តិរហូតដល់ជាង៣៦ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិដ៏មហាសាលនេះបានរុញច្រានមហាសេដ្ឋីវ័យ៥៨ឆ្នាំរូបនេះឱ្យឈរនៅលំដាប់ថ្នាក់ទី៦០ក្នុងចំណោមអ្នកមានបំផុតលើពិភពលោក និងតំណាងឱ្យប្រមាណ៣៣% នៃទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីទាំង៥ប្រចាំតំបន់។
ឈរនៅលេខរៀងទី២ គឺមហាសេដ្ឋីអាជីវកម្មកំពង់ផែ និងឡូជីស្ទិករបស់ហ្វីលីពីន លោក អេនរីក រ៉ាហ្ស៊ុន (Enrique Razon Jr) ដែលមានទ្រព្យសម្បត្តិប្រមាណ២០ពាន់លានដុល្លារ។ មហាសេដ្ឋីហ្វីលីពីនវ័យ ៦៦ឆ្នាំរូបនេះបានស្ទុះឡើងមកគ្រងតំណែងជាអ្នកមានបំផុតនៅក្នុងប្រទេសហ្វីលីពីន ជាលើកដំបូងសម្រាប់ឆ្នាំនេះ គិតចាប់តាំងពីលោកបានបង្ហាញមុខក្នុងបញ្ជីមហាសេដ្ឋីកាលពីឆ្នាំ២០០៧។
ដោយឡែកកំពូលអ្នកមានទី៣ គឺលោក ឡូវ ទុក វង្ស (Low Tuck Kwong) មហាសេដ្ឋីឧស្សាហកម្មធ្យូងថ្មរបស់ឥណ្ឌូនេស៊ី វ័យ៧៨ឆ្នាំ ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណជាង១៩ពាន់លានដុល្លារ។ ខណៈដែលតំណែងទី៤ និងទី៥ នៅក្នុងបញ្ជីកំពូលមហាសេដ្ឋីអាស៊ាននេះ គឺបានទៅលើមហាសេដ្ឋីល្បីឈ្មោះមកពីប្រទេសថៃ៕
ដោយៈ សរ សុជាតិ