មហាសេដ្ឋីវៀតណាម

មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារ ករណីលក់លំនៅឋានគ្មានប្លង់កម្មសិទ្ធិជូនអតិថិជនរាប់រយនាក់


មហាសេដ្ឋីអចលនទ្រព្យដ៏ល្បីឈ្មោះរបស់វៀតណាមលោក ឡេ ថាញ់ ថាន់ (Le Thanh Than) អតីតប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំសម្បើមមួយ កំពុងប្រឈមមុខនឹងការផ្តន្ទាទោសជាប់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទបោកប្រាស់អតិថិជនរហូតដល់៥១៩នាក់ តាមរយៈការសាងសង់ និងលក់បន្ទប់ខុនដូដោយខុសច្បាប់នៅក្នុងគម្រោងដ៏ធំមួយនៅទីក្រុងហាណូយ។
មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារ ករណីលក់លំនៅឋានគ្មានប្លង់កម្មសិទ្ធិជូនអតិថិជនរាប់រយនាក់
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress លោក ឡេ ថាញ់ ថាន់ (Le Thanh Than) ដែលជាអតីតអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បេមេស ត្រូវបានចោទប្រកាន់ថា បានបោកប្រាស់អតិថិជនចំនួន៥១៩នាក់ ដែលបានបង់ប្រាក់សរុបរហូតដល់ជាង២០លានដុល្លារអាម៉េរិក ដើម្បីទិញបន្ទប់អាផាតមិន និងផ្ទះល្វែងនៅក្នុងគម្រោងដ៏ធំមួយនៅទីក្រុងហាណូយ។

សវនាការជំនុំជម្រះក្តីលើមហាសេដ្ឋីរូបនេះ បានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែវិច្ឆិកា និងត្រូវបានរំពឹងថានឹងអូសបន្លាយរយៈពេល១៣ថ្ងៃ។ ក្នុងសវនាការ តំណាងអយ្យការបានស្នើសុំឱ្យតុលាការផ្តន្ទាទោសបុរសវ័យ ៧៦ឆ្នាំរូបនេះដាក់ពន្ធនាគាររយៈពេលពី៣០ទៅ៣៦ខែ ព្រមទាំងបង្គាប់ឱ្យសងសំណងជាទឹកប្រាក់ដល់ជនរងគ្រោះទាំងអស់ ដោយគណនាផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្ន នៃលំនៅឋានទាំងនោះថែមទៀតផង។

ព្រះរាជអាជ្ញាបានគូសបញ្ជាក់ថា លោក ថាន់ បានបញ្ជាឱ្យផ្សព្វផ្សាយពាណិជ្ជកម្មបំភាន់ភ្នែកមហាជនថា គម្រោងនេះទទួលបានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់១០០% ហើយតម្លៃលក់ ក៏បានបូកបញ្ចូលទាំងថ្លៃសេវាធ្វើបណ្ណកម្មសិទ្ធិរួចជាស្រេចផងដែរ។ ការផ្សព្វផ្សាយភូតភរនេះបានធ្វើឱ្យអតិថិជនជឿជាក់ និងសម្រេចចិត្តទិញ ប៉ុន្តែដោយសារគម្រោងនេះបានរំលោភបំពានច្បាប់សំណង់យ៉ាងធ្ងន់ធ្ងរ ទើបលំនៅឋានទាំង៥១៩យូនីតនោះមិនអាចចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋបានឡើយ។ នៅចំពោះមុខតុលាការ លោក ថាន់ បានសារភាពកំហុស និងអះអាងថា ដោយសារតែភាពប្រញាប់ប្រញាល់ក្នុងការចាប់យកឱកាសអាជីវកម្ម ទើបលោកមិនបានបំពេញនីតិវិធីស្នើសុំប្លង់កម្មសិទ្ធិឱ្យបានទាន់ពេលវេលា។

បើតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ គម្រោងរបស់ក្រុមហ៊ុនមហាសេដ្ឋីខាងលើទទួលបានអាជ្ញាបណ្ណអនុញ្ញាតឱ្យសាងសង់អគារអាផាតមិនត្រឹមតែ៦,៧៥៩យូនីតប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនរបស់លោក ថាន់ បែរជាលួចសាងសង់លើសច្បាប់កំណត់រហូតដល់២៤,៩៤៣យូនីតឯណោះ។

គួរបញ្ជាក់ថា សំណុំរឿងបោកប្រាស់ដ៏កក្រើកមួយនេះ ក៏មានជាប់ពាក់ព័ន្ធនឹងមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់សង្កាត់ និងមន្ត្រីអធិការកិច្ចសំណង់ប្រចាំខណ្ឌចំនួន៥រូបផ្សេងទៀតផងដែរ ដែលកំពុងប្រឈមមុខនឹងការកាត់ទោសរួមគ្នាជាមួយលោក ថាន់ ក្រោមបទចោទខកខានមិនបានបំពេញភារកិច្ចចុះត្រួតពិនិត្យ និងទប់ស្កាត់ការសាងសង់រំលោភច្បាប់ទាំងនេះ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


UN ប្រឈមហានិភ័យគ្មានមេដឹកនាំ ខណៈមហាអំណាចទាំង៥ នៅតែខ្វែងគំនិតគ្នាលើអ្នកស្នងតំណែង

តើអង្គការសហប្រជាជាតិ ហៅកាត់ថា UN ដែលជាស្ថាប័នអន្តរជាតិ ដ៏សំខាន់បំផុតមួយរបស់ពិភពលោកអាចនឹងគ្មានមេដឹកនាំនៅដើមឆ្នាំ២០២៧ ឬ យ៉ាងណា? ខណៈន…

តើវិស័យបដិសណ្ឋារកិច្ចកម្ពុជាត្រូវបត់បែន និងពង្រឹងខ្លួនបែបណា ​ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា?

វិស័យបដិសណ្ឋារកិច្ច គឺជាឆ្អឹងខ្នងដ៏សំខាន់មួយ នៃវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពក្នុងការបង្កើតការងារ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ