ជប៉ុន-ឥណ្ឌា

សង្គ្រាម​សេដ្ឋកិច្ចនៅ​អាស៊ី​កាន់​តែក្តៅ​គគុក! ចិន ចេញមុខព្រមាន ជប៉ុន-ឥណ្ឌា ក្រោយចុះកិច្ចព្រមព្រៀងជាង១០០


សង្គ្រាមសេដ្ឋកិច្ច និងការប្រកួតប្រជែងឥទ្ធិពលនៅអាស៊ីកំពុងឡើងកម្ដៅកាន់តែខ្លាំង បន្ទាប់ពីចិន បានចេញមុខព្រមានជាផ្លូវការទៅកាន់ជប៉ុន និងឥណ្ឌា ក្រោយប្រទេសទាំងពីរចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរហូតដល់ទៅជាង១០០ និងសម្រេចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ​សន្តិសុខសេដ្ឋកិច្ច បច្ចេកវិទ្យា AI បន្ទះឈីប រ៉ែកម្រសំខាន់ៗ និងខ្សែច្រវាក់ផ្គត់ផ្គង់។
ជប៉ុន-ឥណ្ឌា
ដោយ

 ចិនព្រមានថា កិច្ចសហការបែបនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួនជាដាច់ខាត ដែលធ្វើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកាន់តែតានតឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) ទៅកាន់ប្រទេសឥណ្ឌា ថ្មីៗនេះ ភាគីជប៉ុន និងឥណ្ឌា បានចេញសេចក្ដីថ្លែងការណ៍រួម និងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរហូតដល់ទៅជាង១០០លើវិស័យសំខាន់ៗរួមមាន បច្ចេកវិទ្យា បន្ទះឈីប បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រ៉ែកម្រសំខាន់ៗ ថាមពលបៃតង សន្តិសុខដែនសមុទ្រ និងសូម្បីតែបេសកកម្មរួមទៅកាន់ឋានព្រះច័ន្ទនាពេលអនាគត។ ភាគីទាំងពីរក៏បានសម្តែងការព្រួយបារម្ភចំពោះការប្រើប្រាស់សម្ពាធសេដ្ឋកិច្ច ការរឹតបន្តឹងការនាំចេញ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលអ្នកវិភាគជាច្រើនមើលឃើញថា ជាការសំដៅដោយប្រយោលទៅលើប្រទេសចិន។
ប៉ុន្មានម៉ោងក្រោយការប្រកាសនេះ ក្រសួងការបរទេសចិន បានចេញមុខព្រមានភ្លាមៗថា កិច្ចសហប្រតិបត្តិការរវាងប្រទេសនានា មិនត្រូវកំណត់គោលដៅប្រឆាំងប្រទេសទី៣ និងមិនត្រូវបង្កើតប្លុកផ្តាច់មុខ ដែលអាចនាំឱ្យមានការបែងចែក ការប្រឈមមុខ និងអស្ថិរភាពនៅក្នុងតំបន់នោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គ័រ ជាឃុន (Guo Jiakun) បានអះអាងថា ប្រទេសទាំងអស់គួរតែរួមគ្នាថែរក្សាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក និងប្រកាន់ខ្ជាប់ស្មារតីបើកចំហ និងកិច្ចសហប្រតិបត្តិការជាជាងបង្កើតសម្ព័ន្ធភាពថ្មីៗ ដែលជំរុញឱ្យមានការប្រកួតប្រជែងរវាងប្លុកមហាអំណាច។
ទន្ទឹមនេះ ចិន ក៏បានរិះគន់គោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុនផងដែរថា អាចជំរុញឱ្យមានការបែងចែក និងការប្រកួតប្រជែងក្នុងតំបន់ ខណៈជប៉ុន បានឆ្លើយតបវិញថា គោលនយោបាយនេះមានលក្ខណៈបើកចំហសម្រាប់គ្រប់ប្រទេស និងមិនមានគោលបំណងបង្កជម្លោះជាមួយប្រទេសណាមួយឡើយ។
ក្រុមអ្នកវិភាគមើលឃើញថា ការចេញមុខព្រមានពីសំណាក់ទីក្រុងប៉េកាំងនេះបានឆ្លុះបញ្ចាំងពីការកើនឡើង នៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាច ខណៈជប៉ុន និងឥណ្ឌា កំពុងពន្លឿនការកសាងសម្ព័ន្ធភាពយុទ្ធសាស្ត្រ ពង្រឹងសន្តិសុខសេដ្ឋកិច្ច ធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចចិន ដែលកំពុងធ្វើឱ្យតុល្យភាពអំណាចនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់តែប្រែប្រួល និងតានតឹងជាងមុន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ ព្រមានចាត់វិធានការលើអ្នកលួចនាំកញ្ឆាចេញក្រៅប្រទេស ដែលអាចជាប់គុក១០ឆ្នាំ និងពិន័យជាប្រាក់ធ្ងន់ធ្ងរ

វាហាក់ដូចជាយឺតពេលទៅហើយសម្រាប់រដ្ឋាភិបាលទីក្រុងបាងកក ក្នុងការស្តារមុខមាត់ឡើងវិញ បន្ទាប់ពីការបើកចំហរច្បាប់កញ្ឆាសេរីកាលពីពេលកន្លងទៅ បានត្…

តើភាពជោគជ័យលើការប្រើយន្តការ UNCLOS របស់ទីម័រខាងកើត អាចជាផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជា ក្នុងការដោះស្រាយបញ្ហាជាមួយថៃ ទេ?

ករណីប្រវត្តិសាស្ត្រ ដែលប្រទេសទីម័រខាងកើត អាចដោះស្រាយជម្លោះព្រំដែនសមុទ្រដ៏រ៉ាំរ៉ៃជាមួយអូស្ត្រាលី តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ