សារព័ត៌មាន Euro News បានរាយការណ៍ថា លោកស្រី គ្រីស្ទីន ឡាហ្គាត ប្រធានធនាគារកណ្តាលអឺរ៉ុប បានបង្ហើបឱ្យដឹងថា លោកស្រីកំពុងពិចារណាពីលទ្ធភាពក្នុងការចូលរួមប្រឡូកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងថ្មីនាពេលខាងមុខ ដែលបញ្ហានេះអាចជំរុញឱ្យ លោកស្រី សម្រេចចិត្តចុះចេញពីតំណែងកំពូលផ្នែកហិរញ្ញវត្ថុនៅអឺរ៉ុបមុនការកំណត់។ ប៉ុន្តែរហូតមកទល់ពេលនេះ លោកស្រី មិនទាន់បានប្រកាសជាផ្លូវការនោះទេ។
ជាមួយគ្នានេះ ស្ថាប័នសារព័ត៌មានធំៗរបស់បារាំងជាច្រើន កំពុងវិភាគយ៉ាងផុសផុលថា តំណែងដែលស័ក្ដិសមបំផុតសម្រាប់ លោកស្រី គឺអាចស្ថិតនៅក្នុងស្ថាប័នកំពូល នៃសហភាពអឺរ៉ុប ឬក៏ជាបេក្ខភាពប្រធានាធិបតីបារាំងតែម្តង។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី បច្ចុប្បន្នលោក អេម៉ានុយអែល ម៉ាក្រុង នឹងត្រូវបញ្ចប់អាណត្តិទី២ របស់លោកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៧។
លោកស្រី គ្រីស្ទីន ឡាហ្គាត ធ្លាប់បានបញ្ជាក់ថា មិនមានគម្រោងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនោះទេ ប៉ុន្តែមានបំណងចង់ចូលរួមចំណែកជួយជំរុញ និងបង្កើតឱ្យមានការដេញដោលយ៉ាងទូលំទូលាយជុំវិញការបោះឆ្នោតនេះ។
បច្ចុប្បន្នបារាំង កំពុងប្រឈមមុខនឹងវិបត្តិ និងបញ្ហាស្មុគស្មាញជាច្រើនរាប់ចាប់តាំងពីបញ្ហាបំណុលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុ វិស័យការពារជាតិ រហូតដល់ការប្រកួតប្រជែងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម។ គិតមកទល់ពេលនេះមានបុគ្គលលេចធ្លោ និងមានឥទ្ធិពលជាង៣០នាក់ហើយ ដែលបានបង្ហាញការចាប់អារម្មណ៍ចង់ប្រជែងយកកៅអីប្រធានាធិបតី បន្ទាប់ពីលោក ម៉ាក្រុង អស់សិទ្ធិដឹកនាំ៕
ដោយៈ សរ សុជាតិ