វាលរ៉ែប្រេងហ៊្វូណាន នៅតំបន់ស្វយ័តស៊ីនជាំង គឺជាវាលប្រេងនៅតំបន់វាលខ្សាច់ដ៏ធំបំផុតរបស់ចិន។ វាបានផលិតប្រេង និងឧស្ម័នពីស្រទាប់ក្រោមដីជ្រៅជាង៦,០០០ម៉ែត្រក្នុងបរិមាណសរុបជាង២៦លានតោន។ ក្នុងនោះមានប្រេងឆៅប្រមាណ២០លានតោន និងឧស្ម័នធម្មជាតិជាង៨ពាន់លានម៉ែត្រគូប។ មិនត្រឹមតែប៉ុណ្ណោះ វិស្វករចិន ក៏កំពុងខួងចូលទៅក្នុងតំបន់អាងទឹក ថារីម កាន់តែជ្រៅផងដែរ ដោយថ្មីៗនេះពួកគេបានទាញយកសំណាកថ្មពីជម្រៅ៨,០៨០ម៉ែត្រដែលជាលើកដំបូងចិន ទទួលបានសំណាកថ្មពីជម្រៅលើស៨,០០០ម៉ែត្រនៅតំបន់នេះ។ ថ្មទាំងនោះមានអាយុកាលរហូតដល់ទៅប្រមាណ៥០០លានឆ្នាំ។
បច្ចុប្បន្នវាលរ៉ែប្រេងហ៊្វូណាន មានអណ្តូងជ្រៅចំនួន៤៨៥ ហើយអណ្តូងខ្លះមានជម្រៅលើស៨,៣០០ ម៉ែត្រដែលជម្រៅស្ទើរតែស្មើនឹងកម្ពស់ភ្នំ Everest។ ជាមួយគ្នានេះ ចិន កំពុងពន្លឿនការរុករកប្រេង និងឧស្ម័ននៅតំបន់ជ្រៅៗ ដើម្បីពង្រឹងសន្តិសុខថាមពល។ ប្រទេសចិន មានគោលដៅផលិតប្រេងឱ្យបានដល់ទៅ៤៤០លានតោនក្នុងស្រុកនៅឆ្នាំ២០៣០ និងពង្រីកបណ្តាញបំពង់បញ្ជូនប្រេង និងឧស្ម័ន។
ក្រៅពីតំបន់វាលខ្សាច់ ចិន ក៏កំពុងពង្រីកការផលិតប្រេង និងឧស្ម័ននៅឯនាយសមុទ្រផងដែរ ដើម្បីបង្កើនការផ្គត់ផ្គង់ថាមពលក្នុងស្រុក៕
ដោយ: តែម សុខុម