ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ក្រុមអ្នកវិភាគបានលើកឡើងថា នៅពេលដែលសង្គ្រាមប្រកួតប្រជែងកាន់តែស្រួចស្រាល់ ជម្រើស នៃការជ្រើសរើសដោយសេរីរវាងមហាអំណាច AI ទាំងពីរ គឺអាម៉េរិក និងចិន នឹងកាន់តែចង្អៀតទៅៗ ដែលបង្ខំឱ្យបណ្តាប្រទេសនានាត្រូវប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាក ថាតើត្រូវចូលរួមក្នុងប្លុក Pax Silica ដឹកនាំដោយអាម៉េរិក ឬអង្គការកិច្ចសហប្រតិបត្តិការ AI ពិភពលោក ដែលផ្តួចផ្តើមដោយប្រទេសចិន។ បញ្ហានេះបានធ្វើឱ្យប្រទេសជាច្រើនស្ថិតក្នុងមន្ទិលសង្ស័យ តើពួកគេគួរជ្រើសរើសយកបន្ទះឈីប និងបច្ចេកវិទ្យា AI ដ៏មានថាមពលកំពូលរបស់សហរដ្ឋអាម៉េរិក ឬមួយក៏បង្វែរទៅរកប្រព័ន្ធ AI ប្រភពបើកចំហ ដែលមានតម្លៃធូរថ្លៃជាងរបស់ចិន?
កាហ្សាក់ស្ថាន គឺជាប្រទេសកម្រមួយ ដែលបានចូលក្នុងប្លុកទាំងពីរក្នុងពេលតែមួយ។ រដ្ឋមន្ត្រីទទួលបន្ទុកផ្នែក AI នៃប្រទេសនេះបានប្រកាសចូលរួមជាមួយក្រុមការងារអាម៉េរិកក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ AI នៅទីក្រុងវ៉ាស៊ីនតោន កាលពីខែមិថុនា ហើយត្រឹមតែ៣សប្តាហ៍ក្រោយមក លោក បានហោះទៅកាន់ទីក្រុងសៀងហៃ ដើម្បីចុះហត្ថលេខាក្លាយជាសមាជិកស្ថាបនិក នៃគំនិតផ្តួចផ្តើម AI របស់ចិនបន្ថែមទៀត។
មិនខុសពីកាហ្សាក់ស្ថាននោះទេ ប្រទេសក្នុងតំបន់អាស៊ានដូចជាឥណ្ឌូនេស៊ី និងសិង្ហបុរី ក៏កំពុងស្ថិតនៅចន្លោះនៃសមរភូមិប្រជែងអំណាចនេះដែរ។ ឥណ្ឌូនេស៊ី ដែលមានធនធានរ៉ែយុទ្ធសាស្ត្រសំខាន់ៗសម្រាប់វិស័យបច្ចេកវិទ្យាដូចជានីកែល និងស្ពាន់កំពុងប្រឹងប្រែងបឺតស្រូបយកផលប្រយោជន៍ពីភាគីទាំងពីរដោយបានចូលរួមក្នុងអង្គការ AI របស់ចិន ខណៈដែលប្រទេសសិង្ហបុរី ក៏បានបង្ហើបថា ខ្លួនកំពុងពិចារណាលើការចូលរួមជាមួយអង្គការរបស់ចិននេះ។
ដោយឡែកប្រទេសបារាំង ដែលជាមហាអំណាចលើវិស័យនេះនៅអឺរ៉ុបកំពុងព្យាយាមកសាងផ្លូវផ្ទាល់ខ្លួន តាមរយៈការបង្កើត Mistral ដែលម៉ូដែល AI ចុងក្រោយបង្អស់របស់ខ្លួនដាក់លក់នាខែតុលានេះ មានសមត្ថភាពខ្លាំងក្លាជាងម៉ូដែល AI កម្រិតខ្ពស់មួយចំនួនរបស់ចិនទៅទៀត។ ជាមួយគ្នានេះ ជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិកលើផ្នែកយុទ្ធសាស្ត្រ សន្តិសុខ និងបន្ទះឈីបកម្រិតខ្ពស់ ក៏មិនបានបិទទ្វារទាំងស្រុងចំពោះម៉ូដែល AI របស់ចិន ដែលមានតម្លៃធូរថ្លៃនោះដែរ ជាពិសេសសម្រាប់យកមកប្រើប្រាស់លើកម្មវិធី ឬប្រព័ន្ធដែលមានកម្រិតហានិភ័យទាប៕
អត្ថបទៈ សួន ឡង់ទីៈ រូបភាពៈ ឯកសារបរទេស