លោក ហេង ឆេងលី ប្រធានសហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ការមិនអាចកំណត់បានចំពោះទុរេននាំចូល កំពុងបង្កការរំខានដល់អ្នកទិញ ដែលគាំទ្រទុរេនក្នុងស្រុក។ បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះគេអាចសម្គាល់លើផ្នែកមួយចំនួន នៃទុរេននាំចូលមកកម្ពុជា ដូចជាផ្នែកទង បន្លា និងសម្បុរជាដើម។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការសម្គាល់ទាំងនេះមិនអាចត្រឹមត្រូវ១០០% នោះទេ ព្រោះអ្វីៗគេអាចធ្វើតម្រូវទីផ្សារបាន។ បើតាមការគូសបញ្ជាក់របស់ប្រធានសហគមន៍រូបនេះ បច្ចុប្បន្នសហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ កំពុងសហការជាមួយមន្រ្តីជំនាញបង្កើតនិមិត្តសញ្ញាសម្គាល់ទុរេននៅក្នុងសហគមន៍ ដើម្បីបង្កើតទំនុកចិត្តដល់អ្នកគាំទ្រទុរេនក្នុងស្រុក។
ស្រដៀងគ្នានេះដែរ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន យល់ឃើញថា ការខ្វះប្រព័ន្ធកំណត់អត្តសញ្ញាណរវាងទុរេននាំចូល និងទុរេនដាំក្នុងស្រុកច្បាស់លាស់ នឹងធ្វើឱ្យកសិករខាតបង់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ តែទោះជាយ៉ាងណាក៏ដោយ លោកលើកទឹកចិត្តឱ្យម្ចាស់ចម្ការនៅតាមបណ្តាខេត្តមានសក្ដានុពលនានា គួររួមគ្នាចងក្រងជាបណ្តាញ និងប្រើប្រាស់ស្លាកសញ្ញាសម្គាល់ប្រចាំតំបន់របស់ខ្លួន ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន។
ដោយឡែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា ការហូរចូលទុរេន និងផលិតមានតម្លៃទាបពីប្រទេសជិតខាងមកកម្ពុជា ក៏ដោយសារតែផលិតផលរបស់ពួកគេមានបញ្ហា និងខុសស្តង់ដា ហើយមិនអាចនាំចេញទៅទីផ្សារបរទេសបាន។ ការណ៍នេះ វានឹងបង្កផលប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ផលិតផលខ្មែរនៅលើទីផ្សារ។ បើតាមអ្នកឧកញ៉ា លឹម ហេង សមត្ថកិច្ចជំនាញគួរមានសញ្ញាសម្គាល់លើផលិតផលនាំចូល ដើម្បីចៀសវាងការក្លែងបន្លំជាផលិតផលខ្មែរ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះត្រួតពិនិត្យលើទីតាំងមួយចំនួន ដើម្បីរាំងខ្ទប់ការលួចនាំចូលទំនិញហាមឃាត់ ជាពិសេសទុរេនពីប្រទេសជិតខាង ដែលនាំចូលមកបន្លំជាផលិតផលខ្មែរ។ ចំណាត់ការនេះធ្វើឡើងដើម្បីការពារផលប្រយោជន៍កសិករក្នុងស្រុក ខណៈដែលទុរេនខ្មែរកំពុងចាប់ផ្តើមប្រមូលផល និងមានតម្លៃខ្ពស់នៅលើទីផ្សារ។ មកទល់ពេលនេះ ទុរេនរបស់កម្ពុជាត្រូវបាននាំចេញទៅទីផ្សារចិនជាបណ្ដើរៗហើយដោយអនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន៕
អត្ថបទ៖ បូ ដូឡា