បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាជី (Abbas Araghchi) បានធ្វើដំណើរមកដល់ទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា និងបានជួបពិភាក្សាការងារជាមួយសមភាគីចិន លោក វ៉ាង យី នៅថ្ងៃទី៦ខែឧសភា នេះ។ ទោះបីជាសេចក្តីថ្លែងការណ៍ផ្លូវការមិនបានបង្ហាញលម្អិតពីរបៀបវារៈ នៃជំនួបដ៏កម្រនេះក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយយ៉ាងព្រោងព្រាតអំពីជំនួបកម្រនេះ គឺជាការរៀបចំរបស់ប្រទេសចិន។
យ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា កិច្ចពិភាក្សារវាងប្រមុខការទូតចិននិងអ៊ីរ៉ង់ បានផ្តោតលើទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ។ទោះជាយ៉ាងណា អ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិ យល់ឃើញថា នេះគឺជាការរៀបចំយុទ្ធសាស្ត្ររបស់ទីក្រុងតេអេរ៉ង់ និងប៉េកាំង ដើម្បីតម្រឹមផលប្រយោជន៍រួមគ្នា មុនពេលដែលលោកប្រធានាធិបតី ស៊ី ជីនពីងត្រូវជួបពិភាក្សាជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៤ ដល់ទី១៥ខែឧសភា ខាងមុខ។
លោក អាមៀ ហេនចានី (Amir Handjani) សមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន Quincy បានលើកឡើងថា ចិន មានគោលដៅច្បាស់លាស់ក្នុងការស្វែងរកស្ថិរភាពនៅឈូងសមុទ្រពែក្ស ។ សម្រាប់ទីក្រុងប៉េកាំងការធានាឱ្យបាននូវលំហូរថាមពល និងសុវត្ថិភាពនាវាដឹកប្រេងចេញចូលតាមច្រកសមុទ្រនេះ គឺជាអាទិភាពសេដ្ឋកិច្ចកំពូល ដែលតម្រូវឱ្យចិនត្រូវចេញមុខសម្របសម្រួលដើម្បីបញ្ឈប់សង្គ្រាម។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ទីក្រុងប៉េកាំង នាពេលឆាប់ៗខាងមុខនេះ នឹងផ្តោតសំខាន់លើ បញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា បញ្ហានៅកោះតៃវ៉ាន់ និងភូមិសាស្ត្រនយោបាយសកល នឹងក្លាយជាប្រធានបទក្តៅសម្រាប់កិច្ចពិភាក្សារវាងមេដឹកនាំកំពូលទាំងពីរ។ ប្រសិនបើចិន អាចបញ្ចុះបញ្ចូលអ៊ីរ៉ង់ ឱ្យថយក្រោយមួយជំហានបាន នោះទីក្រុងប៉េកាំង នឹងដណ្តើមបានមុខមាត់យ៉ាងធំធេងលើឆាកអន្តរជាតិ ក្នុងនាមជាអ្នកនាំមកនូវសន្តិភាពថ្មីជំនួសតំណែងប៉ាគីស្ថាន៕
ដោយៈ សរ សុជាតិ