បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាផ្លូវការ ដែលនឹងអនុញ្ញាតឱ្យធនាគារ ឈីហ្វ ពង្រីកការបញ្ចេញឥណទានក្រោមការធានារបស់ CGCC ទៅកាន់អាជីវកម្មសក្តានុពលនៅកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានាសម្រាប់ការស្នើសុំកម្ចីពីធនាគារ។
លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថា “CGCC ស្វាគមន៍នូវភាពជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុដែលចូលរួម (PFIs) ដូចជា ធនាគារ ឈីហ្វ Chief ដែលទទួលស្គាល់អំពីតម្លៃនៃការធានាឥណទាន និងប្រើប្រាស់ការធានាឥណទាន ប្រកបដោយបុរេសកម្ម ដើម្បីគាំទ្រដល់អាជីវកម្មដែលមានសក្តានុពល។ ជាមួយនឹងការធានារបស់ CGCC, យើងសង្ឃឹមថា ធនាគារ ឈីហ្វ នឹងអាចពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុទៅកាន់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលមានសក្តានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ ធនាគារ ឈីហ្វ អាចផ្តល់ប្រាក់កម្ចីជាមួយនឹងសមាមាត្រកម្ចីធៀបនឹងតម្លៃទ្រព្យបញ្ចាំ (loan-to-value) ខ្ពស់ជាងមុន, រក្សាទុនបម្រុងទាបជាងមុនសម្រាប់កម្ចីដែលមានការធានា, និងអាចផ្តល់កម្ចីជូនដល់អតិថិជនដែលមិនអាចទទួលបានកម្ចី ប្រសិនបើគ្មានការធានា។ តាមរយៈភាពជាដៃគូនេះ យើងចង់ឃើញ ធនាគារ ឈីហ្វ ពង្រីកការផ្តល់កម្ចីរបស់ខ្លួន ដោយមិនចាំបាច់ពង្រីកហានិភ័យ តាមសមាមាត្រនៃការពង្រីកកម្ចី ព្រោះ CGCC នឹងចូលរួមចែករំលែកហានិភ័យ។ CGCCប្រកាន់ភ្ជាប់ក្នុងការកែលម្អជាបន្តបន្ទាប់លើការងារអាទិភាពជាយុទ្ធសាស្ត្រចម្បង ៥៖ ដំណើរការ (Process) ភាពជាដៃគូ (Partnership) ផលិតផល (Product) មនុស្ស (People) និងគោលនយោបាយ (Policy) ដើម្បីគាំទ្រដៃគូរបស់យើង និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ឱ្យបានកាន់តែប្រសើរ។”
បណ្ឌិត លឹម អូន ប្រធានអគ្គនាយកប្រតិបត្តិធនាគារ ឈីហ្វ បានមានប្រសាសន៍ថា “ ចំពោះធនាគារ ឈីហ្វ នេះជា ព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាជំហានឈានទៅមុខដ៏មានអត្តន័យ ដែលបានក្លាយជាស្ថាប័នហិរញ្ញវត្ថុចូលរួម (PFI) ជាផ្លូវការ ក្រោមកម្មវិធីធានាឥណទានរបស់ CGCC។ ភាពជាដៃគូនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម និង បុគ្គល ជាក់ស្តែងសម្រាប់សហគ្រាសធុនតូច និង មធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់អតិថិជនរបស់យើង និងចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។ ចំពោះធនាគារឈីហ្វ យើងខ្ញុំបន្តប្តេជ្ញាចិត្តចំពោះការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ផ្តល់សេវាកម្មផ្តោតលើអតិថិជនជាចម្បង និងផ្តល់ការគាំទ្រដល់វិស័យអាទិភាព នៃសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការចាប់ដៃគូជាមួយ CGCC យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា យើងអាចរួមគ្នាពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងផ្តល់ការគាំទ្រកាន់តែប្រសើរដល់អតិថិជនដែលត្រូវការជំនួយផ្នែកហិរញ្ញប្បទានយ៉ាងពិតប្រាកដ។”
តាមរយៈភាពជាដៃគូនេះ CGCC និងធនាគារ ឈីហ្វ មានទិសដៅក្នុងការគាំទ្រក្រុមហ៊ុន/អាជីវកម្មតាមរយៈគម្រោងធានាឥណទានចំនួនពីររបស់ CGCC គឺ WGS និង ESGS។ ក្រោមគម្រោង WGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់របស់ធនាគារ ឈីហ្វ ដើម្បីចែករំលែកហានិភ័យជាមួយធនាគារ និងកាត់បន្ថយកម្រិតថ្លឹងហានិភ័យលើអ៊ិចស្ពូស៊ើដែលមានការធានា។ តាមរយៈ WGS ធនាគារ ឈីហ្វ នឹងអាចពង្រីកលទ្ធភាពក្នុងការផ្តល់កម្ចីរបស់ធនាគារ និងជំរុញឱ្យធនាគារអាចផ្តល់ហិរញ្ញប្បទានបន្ថែមទៅកាន់ SMEs ដែលមានសក្តានុពលកាន់តែច្រើន។ ដោយឡែក ក្រោមគម្រោង ESGS, CGCC នឹងផ្តល់ការធានាលើកម្ចីអាជីវកម្មថ្មីរបស់ធនាគារ ឈីហ្វដែលផ្តល់ដល់ក្រុមហ៊ុន/អាជីវកម្ម រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងក្រុមហ៊ុនធំៗ ជាមួយនឹងវិសាលភាពនៃការធានារហូតដល់ ៩០% នៃប្រាក់ដើម និងលក្ខខណ្ឌធានាអនុគ្រោះនានា។ គម្រោង WGS និង ESGS នឹងចូលរួមចំណែកគាំទ្រធនាគារ ឈីហ្វ ក្នុងការពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្មដែលប្រឈមនឹងបញ្ហាកង្វះទ្រព្យធានា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យឯកជន និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា៕