
សារព័ត៌មាន Nikkei បានរាយការណ៍ថា ប្រទេសវៀតណាម ហ្វីលីពីន និងប្រ៊ុយណេបានកំពុងតែដឹកដៃគ្នាចូលទៅក្នុងប្រព័ន្ធទូទាត់ QR code ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។
ក្រៅពីប្រទេសទាំងបីនេះ កម្ពុជា ថៃ វៀតណាម និង ឡាវ ក៏បានដាក់ដំណើរការនូវការទូទាត់ តាមប្រព័ន្ធ QR នេះរួចរាល់ហើយដែរ តាមយន្តការទ្វេភាគី ខណៈដែលឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និង សិង្ហបុរី ក៏បានចាប់ផ្តើមអនុវត្តកម្មវិធីទូទាត់នេះរួចរាល់ហើយ។
លោក ភ័រី វ័ហ្សីយ៉ូ (Perry Warjiyo ) ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ីបាននិយាយ ថា តំបន់កំពុងពង្រឹងការអនុវត្តប្រតិបត្តិការទ្វេភាគីដោយប្រើកូដ QR រវាងគ្នាទៅវិញទៅមក ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន។
លោកបានប្រាប់អ្នកយកព័ត៌មានថ្មីៗនេះថា "ការប្តេជ្ញាចិត្តនេះនឹងជួយសម្រួលដល់ការទូទាត់ឆ្លងកាត់ព្រំដែនប្រកបដោយភាពរលូន និងសុវត្ថិភាព"។
លោកបានបន្ថែមថា ដោយចេញដំណើរបន្តិចម្តងៗប្រទេសទាំងអស់ នឹងត្រូវបានភ្ជាប់ក្នុងការទូទាត់របស់ពួកគេ ជាមួយនឹងរូបិយបណ្ណក្នុងស្រុកដែលត្រូវបានប្រើប្រាស់។
នៅពេលនេះឥណ្ឌូនេស៊ីនៅក្នុងឋានៈជាប្រធានអាស៊ាន បាននិងកំពុងសាកល្បងគំនិតផ្តួចផ្តើមជាមួយសិង្ហបុរី ហើយនឹងជាមួយប្រទេសទាំងបួន ដាក់ឲ្យដំណើរការប្រព័ន្ធនេះ ហើយនឹងបន្តពង្រីកបន្ថែមទៀត។
ក្រោមគម្រោងទូទាត់ប្រាក់នេះ ធនាគារកណ្តាលម៉ាឡេស៊ី និងឥណ្ឌូណេស៊ីបានចាប់ផ្តើមការតភ្ជាប់ការទូទាតឆ្លងព្រំដែនក្នុងខែឧសភា។ ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីឥឡូវនេះ អាចចាយវាយគ្រប់ប្រតិបត្តិការដោយគ្រាន់តែស្កែន QR កូដជាមួយនឹងទូរស័ព្ទដៃរបស់ពួកគេ ។
លោកបានសម្តែងក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានកាន់តែច្រើននឹងបង្កើតកិច្ចសហប្រតិបត្តិការលើប្រតិបត្តិការរូបិយបណ្ណក្នុងស្រុក។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ថៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនៅក្នុងតំបន់ បានកំពុងតែ ខិតខំអភិវឌ្ឍប្រព័ន្ធទូទាត់បែបនេះនៅក្នុងប្រទេសខ្លួន ខណៈមានការផ្ទេរប្រាក់ និងពង្រីកការទូទាត់តាមប្រព័ន្ធឌីជីថលរបស់ប្រទេសនេះ អាចជំរុញកំណើនអត្រាផលិតផលនៅក្នុងស្រុកសរុបរបស់ប្រទេស ពី ៥ ទៅ៧ ភាគរយ នៅឆ្នាំក្រោយ។
លោក ថាណាវាត់ ផុនវីឆៃ (Thanawat Phonwichai) ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានថ្លែងថា ផែនការរបស់គណបក្សភឿថៃក្នុងការផ្ទេរប្រាក់ ១ម៉ឺន បាតទៅឱ្យជនជាតិថៃគ្រប់រូបដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំអាចបង្កើនកំណើនផលិតផលក្នុងស្រុកសរុប របស់ប្រទេសថៃដល់ទៅ ៥ទៅ៧ ភាគរយ ទៅក្នុងប្រព័ន្ធទូទាត់តាមឌីជីថលនេះ ។
សូមបញ្ជាក់ថា ក្រៅតែពីមានកិច្ចសហការប្រតិបត្តិសេវាទូទាត់ឆ្លងដែនជាមួយប្រទេសសមាជិកអាស៊ាន ថ្មីៗនេះ ប្រទេសកម្ពុជា ក៏មានការទូទាត់ឆ្លងដែននេះ ជាមួយនឹងប្រទេសចិនផងដែរ៕