លោកបានសង្កត់ធ្ងន់ចំៗពីបន្ទាត់ក្រហម និងការផ្លាស់ប្តូរជំហររបស់អាម៉េរិក ដែលធ្វើឱ្យតំបន់អាស៊ីទាំងមូលត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
រដ្ឋមន្ត្រីការពារជាតិ អាម៉េរិក លោក ភីត ហេកសេត បានទម្លាយទស្សនវិស័យយុទ្ធសាស្ត្រជុំវិញគូប្រជែងធំៗរបស់អាម៉េរិក ជាពិសេសប្រទេសចិន រួមទាំងបញ្ហាអ៊ីរ៉ង់ អង្គការណាតូ និងបញ្ហាកោះតៃវ៉ាន់ ដែលជាចំណុចក្តៅបំផុតនៃជម្លោះភូមិសាស្ត្រនយោបាយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ការទម្លាយនេះធ្វើឡើងក្នុងវេទិកាកិច្ចសន្ទនាដ៏មានឥទ្ធិពល សាំងគ្រីឡា កាលពីថ្ងៃទី៣០ ខែឧសភា នៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីមន្ត្រីយោធា និងប្រមុខក្រសួងការពារជាតិ មកពី៤៤ប្រទេសចូលរួម។
ទីភ្នាក់ងារព័ត៌មាន Al Jazeera បានរាយការណ៍ថា ទីក្រុងប៉េកាំង កំពុងត្រូវបានអាម៉េរិក កំណត់មុខសញ្ញាថា ជាបញ្ហាប្រឈមខាងភូមិសាស្ត្រនយោបាយដ៏ធំបំផុត និងស៊ីជម្រៅបំផុត។ នៅក្នុងឱកាសនោះលោក ហេកសេត បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីកដុះដាលនៃមហិច្ឆតាយោធារបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយលោកបានថ្លែងធ្ងន់ៗថា«នេះគឺជាការព្រួយបារម្ភដ៏ត្រឹមត្រូវបំផុត ពាក់ព័ន្ធនឹងការពង្រឹងកម្លាំងយោធាជាប្រវត្តិសាស្ត្ររបស់ប្រទេសចិន ក៏ដូចជារលកនៃការវាតទីពង្រីកសកម្មភាពយោធាយ៉ាងគំហុកនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ»។
គួររំលឹកថា នៅក្នុងសៀវភៅ ស ឬឯកសារយុទ្ធសាស្ត្រការពារជាតិថ្មីចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកប្រទេសចិន ជាមហាអំណាចខ្លាំងបំផុតលំដាប់ទី២ លើលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក។
ជាមួយគ្នានេះ ប្រមុខការពារជាតិអាម៉េរិករូបនេះ បានប្រើប្រាស់វេទិកាលំដាប់ពិភពលោកនេះផ្ញើសារព្រមាន និងអំពាវនាវយ៉ាងទទូចដល់បណ្តាប្រទេសជាសម្ពន្ធមិត្តរបស់អាម៉េរិកទាំងអស់នៅក្នុងតំបន់ ឱ្យបង្កើនកញ្ចប់ថវិកាចំណាយលើកិច្ចការការពារជាតិរបស់ខ្លួនឱ្យបានច្រើនឡើង ដើម្បីរួមគ្នាបង្កើតជាខែលទប់ទល់នឹងឥទ្ធិពល និងអំណាចដែលកំពុងតែរីកធំធាត់ដូចទឹកបាក់ទំនប់របស់ប្រទេសចិន។
ទោះជាយ៉ាងណាប្រមុខការពារជាតិអាម៉េរិករូបនេះបានកត់សម្គាល់ថា ទំនាក់ទំនងយោធាជាមួយក្រុងប៉េកាំង នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរឡើង បើធៀបនឹងរាប់ឆ្នាំមុន ប៉ុន្តែលោកបានព្រមានថា ប្រសិនបើគ្មានចំណាត់ការរួមគ្នាណាមួយទេនោះ ពិភពលោកនឹងត្រូវមើលឃើញចិន ក្តោបក្តាប់ជាមហាអំណាចផ្តាច់មុខក្នុងតំបន់នេះជាក់ជាមិនខាន។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវគ្របសង្កត់ និងត្រួតត្រាដោយមហាអំណាចណាមួយនោះ វានឹងបំផ្លាញតុល្យភាពអំណាចក្នុងតំបន់ទាំងស្រុង។ គ្មានរដ្ឋណាមួយរួមទាំងចិនផង អាចប្រើអំណាចបំពានគ្របសង្កត់ និងគំរាមកំហែងដល់សន្តិសុខ ឬយាយីដល់វិបុលភាពរបស់ប្រជាជាតិ និងសម្ពន្ធមិត្តណាមួយបានឡើយ។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក បានបិទបញ្ចប់សុន្ទរកថារបស់ខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលថា សម័យកាលដែលសហរដ្ឋអាម៉េរិក ចេញមុខរ៉ាប់រងបោះទុន ឬផ្តល់ប្រាក់ឧបត្ថម្ភការពារហ្វ្រីៗលើវិស័យការពារជាតិ ដល់ប្រទេសដទៃនោះ ត្រូវបានបញ្ចប់ហើយ! អ្វីដែលអាម៉េរិក ត្រូវការនៅពេលនេះ គឺសម្ពន្ធមិត្តពិតប្រាកដ មិនមែនជាអ្នកការពារដាច់ថ្លៃរបស់ប្រទេសណាមួយឡើយ។ សម្ពន្ធភាពដ៏រឹងមាំ និងរស់រវើកអាចទៅរួច លុះត្រាតែភាគីទាំងអស់ចូលរួមចំណែកផ្ដល់កម្លាំង និងថវិកាដោយស្មោះត្រង់ ពោលគឺគ្មានការកេងប្រវ័ញ្ច ឬជ្រកក្រោមដំបូលអ្នកដទៃដោយមិនចេញកម្លាំងនោះទេ៕
អត្ថបទៈ សួន ឡង់ទី