វិស័យអប់រំ

ហេតុអ្វីបានជា​និស្សិតចិន និងឥណ្ឌា លែងសូវចាប់អារម្មណ៍ទៅបន្តការសិក្សានៅបរទេស?


អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសញ្ញាបត្រពីសាកលវិទ្យាល័យលោកខាងលិច ត្រូវគេចាត់ទុកជាក្តីស្រមៃសម្រាប់យុវជនចិន និងឥណ្ឌា ដែលជាប្រជាជាតិ​មានប្រជាពលរដ្ឋច្រើនជាងគេបំផុតនៅលើពិភពលោក។ ប៉ុន្តែយុគសម័យនេះ កំពុងឈានដល់ចំណុចរបត់ និងធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មាន។ តួលេខចុងក្រោយបានបង្ហាញថា យុវជននៃប្រទេសមហាអំណាចទាំងពីរនេះ លែងសូវស្រេកឃ្លាន ឬចង់លះបង់ទ្រព្យសម្បត្តិ ដើម្បីទៅយកសញ្ញាបត្រនៅបរទេសដូចមុនទៀតហើយ។ តើមានកត្តាអ្វីខ្លះ ដែលកំពុងរុញច្រានឱ្យកើតមាននិន្នាការនេះ?
វិស័យអប់រំ
ដោយ

យោងតាមទិន្នន័យដែលចុះផ្សាយដោយសារព័ត៌មាន The Chosun Daily និង India Daily ចំនួនសិស្ស និស្សិតរបស់ចិន និងឥណ្ឌាទៅសិក្សានៅបណ្តាប្រទេសលោកខាងលិកមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ស្ថិតិផ្លូវការពីក្រសួងអប់រំចិន បានលាតត្រដាងថា នៅក្នុងឆ្នាំ២០២៥ ចំនួននិស្សិតចិន ដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេសមានត្រឹមតែជាង៥៧ម៉ឺននាក់ប៉ុណ្ណោះ ពោលគឺថយចុះរហូតដល់ទៅជាង១៣ម៉ឺននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ ដោយឡែកសម្រាប់ប្រទេសឥណ្ឌាវិញ ក៏ជួបជោគវាសនាដូចគ្នាដែរ ដោយចំនួននិស្សិតចេញទៅក្រៅប្រទេសបានធ្លាក់ចុះពីជិត៩១ម៉ឺននាក់ក្នុងឆ្នាំ២០២៣ មកនៅត្រឹមប្រមាណ៦៣ម៉ឺននាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៥។
ការថមថយយ៉ាងគំហុកនេះបានចោទជាសំណួរថា តើហេតុអ្វីបានជាមន្តស្នេហ៍នៃសញ្ញាបត្ររបស់ប្រទេសលោកខាងលិច លែងមានភាពទាក់ទាញសម្រាប់យុវរបស់មហាអំណាចអាស៊ីទាំងពីរនេះ? តាមការវិភាគយ៉ាងស៊ីជម្រៅរបស់ទស្សនាវដ្តី The Economist និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បាតុភូតនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃសម្ពាធសេដ្ឋកិច្ច ការប្រែប្រួលភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូររបៀបគិត។ ការថមថយកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន គួបផ្សំនឹងអតិផរណាខ្ពស់នៅប្រទេសលោកខាងលិចបានធ្វើឱ្យថ្លៃការសិក្សា និងចំណាយរស់នៅហក់ឡើងខ្ពស់។ អាណាព្យាបាល និងយុវជនសម័យថ្មីចាប់ផ្តើមគណនាផលចំណេញត្រឡប់មកវិញ ដោយពួកគេយល់ថា ការចំណាយប្រាក់រាប់ម៉ឺនដុល្លារដើម្បីសញ្ញាបត្រមួយ គឺលែងជាការវិនិយោគដែលមានសមតុល្យទៀតហើយ។
ម្យ៉ាងវិញទៀតបច្ចុប្បន្នសញ្ញាបត្រនៅបរទេសលែងសូវមានសក្តានុពលខ្ពស់សម្រាប់ប្រទេសមហាអំណាចទាំងពីរនៅតំបន់អាស៊ីទៀតហើយ ដោយកាលពីមុនអ្នកបញ្ចប់ការសិក្សាពីបរទេស តែងទទួលបានប្រាក់ខែខ្ពស់ និងការស្វាគមន៍យ៉ាងកក់ក្តៅ។ ប៉ុន្តែបច្ចុប្បន្នទីផ្សារការងារស្រុកចិន និងឥណ្ឌា បានបង្វែរមកវាយតម្លៃលើសមត្ថភាពពិតប្រាកដជាជាងសញ្ញាបត្រ។ និស្សិតបញ្ចប់ការសិក្សាពីក្រៅប្រទេសជាច្រើនត្រូវប្រឈមមុខនឹងអត្រាទំនេរគ្មានការងារធ្វើ ឬទទួលបានប្រាក់ខែមិនខុសពីនិស្សិតក្នុងស្រុកនោះឡើយ។
របាំងទិដ្ឋាការ និងនយោបាយប្រឆាំងជនអន្តោប្រវេសន៍ក៏ជាមូលហេតុមួយផងដែរ។ ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងកាណាដាបានបង្កើនការរឹតបន្តឹងគោលនយោបាយទិដ្ឋាការយ៉ាងតឹងរ៉ឹង ការកាត់បន្ថយអាហារូបករណ៍ និងការបិទច្រកមិនឱ្យនិស្សិតបរទេសធ្វើការក្រោយបញ្ចប់ការសិក្សា។ របាំងនយោបាយនេះបានបង្កើតជាបរិយាកាសមិនស្វាគមន៍ ដែលធ្វើឱ្យយុវជនចិន និងឥណ្ឌាមានអារម្មណ៍ធុញទ្រាន់ និងដកថយ។
មូលហេតុមួយទៀតដែលធ្វើឱ្យយុវជនចិន និងឥណ្ឌាមិនសូវចាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅក្រៅប្រទេសនោះ គឺការស្ទុះងើបឡើងនៃគុណភាពអប់រំក្នុងស្រុក។ មិនអាចបដិសេធបានទេថា សាកលវិទ្យាល័យជួរមុខក្នុងស្រុកចិនដូចជា Tsinghua ឬ Peking និងវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា IITs បានអភិវឌ្ឍសមត្ថភាព និងគុណភាពអប់រំរបស់ខ្លួនរហូតហក់ឡើងទៅកាន់កម្រិតស្តង់ដាពិភពលោក។ ការទទួលបានការអប់រំលំដាប់ខ្ពស់នៅក្នុងស្រុក ដោយមិនចាំបាច់ចាកចេញពីគ្រួសារ និងចំណាយប្រាក់មហាសាល បានក្លាយជាជម្រើសដ៏ឆ្លាតវៃ និងមានសុវត្ថិភាពជាង។

ជារួមរបត់នៃការថយចុះនេះ គឺជាសញ្ញាព្រមានមួយផ្ញើទៅកាន់គ្រឹះស្ថានឧត្តមសិក្សានៅលោកខាងលិច ដែលធ្លាប់តែពឹងផ្អែកលើប្រភពចំណូលពីនិស្សិតអាស៊ី។ វាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា យុវជនចិន និងឥណ្ឌាសម័យថ្មីកំពុងមានភាពម្ចាស់ការលើជម្រើសជីវិតរបស់ខ្លួន ដោយពួកគេលែងមើលឃើញថា សញ្ញាបត្រលោកខាងលិចជាផ្លូវតែមួយគត់ឆ្ពោះទៅរកភាពជោគជ័យទៀតហើយ៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឧស្សាហកម្មនាំចេញសំខាន់ៗ៨ តម្លៃជាង៥០ពាន់លានដុល្លាររបស់ថៃ ប្រឈមនឹងការត្រួតពិនិត្យពីគយអាម៉េរិក លើករណីបន្លំប្រភពដើមទំនិញ

ឧស្សាហកម្មនាំចេញដ៏មានសក្តានុពលចំនួន៨របស់ថៃ ដែលមានទំហំទឹកប្រាក់រហូតដល់ជាង៥២ពាន់លានដុល្លារ កំពុងប្រឈមនឹងសម្ពាធ និងការរឹតបន្តឹងលើការត្រួ…

កោះតៃវ៉ាន់ បង្កើនថវិកាការពារជាតិច្រើនបំផុតមិនធ្លាប់​មានរហូតដល់៣៥ពាន់លានដុល្លារអាម៉េរិក

ក្រោយប្រទេសចិន បានបង្កើន​ការដាក់​សម្ពាធ​យោធាជុំវិញកោះ​តៃវ៉ាន់ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងទើ កំពុងជំរុញ​ការអនុម័តថវិកាការពារជាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ