យុទ្ធសាស្ត្រជាតិនេះត្រូវបានរំពឹងថា នឹងក្លាយជាផែនទីបង្ហាញផ្លូវ និងផ្តល់នូវមាគ៌ាច្បាស់លាស់សម្រាប់ក្រសួងស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ បរិយាបន្ន និងចីរភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ធុរកិច្ចថ្មីត្រូវបានចាត់ទុកជាធាតុមួយដ៏សំខាន់សម្រាប់នវានុវត្តន៍ និងសហគ្រិនភាព ដែលប្រទេសជាច្រើនក្នុងតំបន់ និងលើសកលោក បាននិងកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ពីព្រោះធុរកិច្ចថ្មីបានដើរតួនាទីជាភ្នាក់ងារ នៃការផ្លាស់ប្តូរដ៏សំខាន់ក្នុងការរួមចំណែកធ្វើពិពិធកម្មសេដ្ឋកិច្ចឆ្ពោះទៅរកការបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់ បង្កើនគំរូអាជីវកម្មបែបនវានុវត្តន៍កាន់តែសម្បូរបែប បង្កើនផលិត ភាព និងការបង្កើតការងារ ដែលមានគុណភាពកាន់តែខ្ពស់សម្រាប់យុវជន។
តែទោះជាយ៉ាងណា ឯកឧត្តម បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់ធុរកិច្ចថ្មីនៅកម្ពុជាបច្ចុប្បន្នហាក់នៅមានកម្រិតនៅឡើយបើធៀបជាមួយប្រទេសមួយចំនួនក្នុងតំបន់ ដោយសារបញ្ហាប្រឈមមួយចំនួន។ បើតាមថ្នាក់ដឹកនាំរូបនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីចាប់យកកាលានុវត្តភាព និងសក្តានុពលដ៏ធំធេងរបស់ធុរកិច្ចថ្មី ស្របជាមួយនឹងវឌ្ឍនភាពនៃវិស័យធុរកិច្ចថ្មី ក៏ដូចជានិន្នាការនៃបម្លាស់ប្តូរសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០ សំដៅកសាងសមត្ថភាពរបស់ធុរកិច្ចថ្មីនៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍខ្លួន។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ការដាក់ចេញយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីនេះ គឺពិតជាមានសារសំខាន់ណាស់ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ជាងនេះទៀត គឺការអនុវត្តផែនការយុទ្ធសាស្ត្រទាំងនេះឱ្យមានប្រសិទ្ធភាព និងមានលទ្ធផលជាក់ស្ដែង។ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈយុទ្ធសាស្ត្រជាតិនេះនឹងជួយចូលរួមកាត់បន្ថយនីតិវិធីស្មុគស្មាញនៅតាមបណ្ដាក្រសួងពាក់ព័ន្ធនានា ដែលជាបញ្ហាប្រឈមដ៏ធំមួយរបស់វិស័យសហគ្រិនក្នុងស្រុក។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា តាមរយៈយុទ្ធសាស្ត្រជាតិដ៏សំខាន់នេះ គឺនឹងជួយបង្កើតបទប្បញ្ញត្តិអំណោយផលសម្រាប់គាំទ្រដល់សហគ្រិន បង្កើនលទ្ធភាពទទួលបានដើមទុន បង្កើនចំនួនអ្នកមានទេពកោសល្យ និងជំនាញ ពង្រឹងកម្មវិធីគាំទ្រ ព្រមទាំងភ្ជាប់បណ្ដាញធុរជនជាមួយដៃគូអាជីវកម្ម និងការពង្រីកទីផ្សារ។ សម្រាប់អ្នកជំនាញរូបនេះ អ្វីដែលកម្ពុជាគួរធ្វើបន្ថែម គឺការបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្មដោយអនុញ្ញាតឱ្យគំនិតល្អៗអាចទទួលបានទុនសាកល្បងផលិតផល ឬសេវាកម្មនៅលើទីផ្សារបន្តរៀនពីបទពិសោធន៍អាជីវកម្មជាក់ស្ដែង និងពង្រីកអាជីវកម្មជាបន្តបន្ទាប់នៅពេលទទួលបានជោគជ័យ។
គួរជម្រាបថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០ ដែលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ មានចក្ខុវិស័យធ្វើឱ្យកម្ពុជា មានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ រស់រវើក និងប្រកបដោយបរិយាបន្ន ដែលអាចពូនជ្រំសហគ្រិននវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ ដើម្បីអភិវឌ្ឍធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុនដែលមានសមត្ថភាពប្រកួតប្រជែង និងលូតលាស់រហ័ស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕