បទល្មើសគ្រឿងញៀន

ល្បិចកលច្រកគ្រឿងញៀនក្នុងបាវអក្សរខ្មែរចេញពីថៃ! តើកម្ពុជា គួរឆ្លើយតបបែបណាចំពោះល្បិចទម្លាក់កំហុសនេះ?


បាវអង្ករមានអក្សរខ្មែរត្រូវបានក្រុមទុច្ចរិតយកទៅវេចខ្ចប់ និងលាក់បាំងគ្រឿងញៀន ដែលមានប្រភពចេញពីប្រទេសថៃ ហើយដឹកជញ្ជូនតាមផ្លូវសមុទ្រទៅកាន់ប្រទេសឥណ្ឌូនេស៊ី តែត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីបង្ក្រាប និងចាប់រឹបអូសបាននាពេលថ្មីៗនេះ។ ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយ បានចាត់ទុកសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនទាំងនោះថា ជាការបន្លំភ្នែក ដើម្បីគេចពីការតាមដានរបស់សមត្ថកិច្ច និងមានចេតនាទម្លាក់កំហុស បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ព្រមទាំងប៉ះពាល់ដល់ម៉ាកសញ្ញាអង្ករខ្មែរនៅលើឆាកអន្តរជាតិ។ ​
បទល្មើសគ្រឿងញៀន
ដោយ

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ចាត់ទុកសកម្មភាពក្រុមទុច្ចរិតថៃ យកបាវអង្ករខ្មែរច្រកគ្រឿងញៀន គឺជារូបភាពបន្លំដើម្បីគេចពីការសង្ស័យរបស់សមត្ថកិច្ច។ យ៉ាងណាមិញរូបភាពនេះ ក៏ជាចេតនាទម្លាក់កំហុស និងបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និងទាញមជ្ឈដ្ឋានអន្តរជាតិ ឱ្យសម្លឹងមកកម្ពុជាជាប្រភពនៃការជួញដូរ គ្រឿងញៀន ឬធ្វើឱ្យប៉ះពាល់ដល់អង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិ ដែលកំពុងមានការប្រកួតប្រជែងខ្លាំង។

ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញរូបនេះ បានផ្ដល់ជាយោបល់ថា ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលគួរចេញសេចក្ដីថ្លែងការណ៍បំភ្លឺដល់សាធារណមតិអំពីភាពរងគ្រោះរបស់កម្ពុជាក្នុងការក្លែងបន្លំនេះ និងត្រូវសហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី និងថៃ ដើម្បីស៊ើបអង្កេតរកប្រភពបាវសម្រាប់វេចខ្ចប់ជាដើម។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា ក្រុមឧក្រិដ្ឋជនមានចេតនាក្លែងបន្លំប្រភពគ្រឿងញៀន ដើម្បីទាញការចាប់អារម្មណ៍ពីអន្តរជាតិ ឱ្យដាក់ការសង្ស័យមកលើកម្ពុជា ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ខណៈថៃ ខ្លួនឯងជាសម្បុកប្រព្រឹត្តអំពើអបាយមុខរបស់ជនទុច្ចរិត។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ បានផ្ដល់យោបល់ថា កម្ពុជា ត្រូវបង្ហាញភាពស្អាតស្អំតាមវិធីសាស្រ្តផ្សេងៗ ដើម្បីចៀសវាងការភាន់ច្រលំដោយសារក្រុមទុច្ចរិតបានយកបាវមានអក្សរខ្មែរទៅធ្វើសកម្មភាពឧក្រិដ្ឋ។

ជុំវិញបញ្ហានេះ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកសកម្មភាពអាក្រក់របស់ក្រុមទុច្ចរិតថៃ ប្រៀបបានជាការយកក្រដាសទៅខ្ចប់ភ្លើង។ មន្ត្រីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា ការពិតនៅតែជាការពិត ដែលពិភពលោកមើលឃើញយ៉ាងច្បាស់ដោយគ្មាននរណាម្នាក់អាចកាឡៃបានឡើយ ហើយពួកគេក៏មិនអាចយកបាតដៃទៅបិទបាំងព្រះអាទិត្យបាននោះដែរ។

សូមបញ្ជាក់ថា អាជ្ញាធរឥណ្ឌូនេស៊ី នាពេលថ្មីៗនេះចាប់រឹបអូសបានគ្រឿងញៀនប្រភេទកេតាមីន ប្រមាណ១,៣តោនពីកប៉ាល់មួយគ្រឿង ដែលធ្វើដំណើរចេញពីប្រទេសថៃ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្រុមឧក្រិដ្ឋជនបានប្រើប្រាស់បាវអង្ករ ដែលមានសរសេរអក្សរខ្មែរនៅលើនោះ ដើម្បីច្រក និងលាក់បាំងគ្រឿងញៀនទាំងនោះ ដើម្បីបង្វែរដានសមត្ថកិច្ច និងក្នុងចេតនាចេតនាទុច្ចរិតចង់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


កម្ពុជា ដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ធុរកិច្ចថ្មី ខណៈអ្នកជំនាញរំពឹងជួយកាត់បន្ថយនីតិវិធីស្មុគស្មាញនៅតាមក្រសួងស្ថាប័ន

ធុរកិច្ចថ្មីនៅកម្ពុជា កំពុងវិវត្តខ្លួនទៅ​ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់មិនអាច…

ស្ថានីយប្រេងឥន្ធនៈខ្មែរជ្រកក្រោមស្លាកយីហោPTT របស់ថៃ ជាច្រើន សុខចិត្តខាតប្រាក់រាប់សិបម៉ឺនដុល្លារប្តូរយីហោមកក្រុមហ៊ុនប្រេងផ្សេងវិញ ដើម្បីជំរុញអាជីវកម្មលក់ប្រេងឲ្យរស់ឡើងវិញ!

នៅក្នុងបរិបទ ដែលវិស័យថាមពល និងទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងការប្រកួតប្រជែងផ្នែកគុណភាព និងសេវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ