អ្នកដាំទុរេននៅខេត្តកំពង់

អ្នកដាំទុរេននៅខេត្តកំពង់ចាមអះអាងថា ទុរេនម៉ាន់ថងមិនទាន់ដល់រដូវប្រមូលផលនោះទេ និងស្នើឱ្យអាជ្ញាធររឹតបន្តឹងការនាំចូលទុរេនខុសច្បាប់


ស្របពេលរដូវកាលទុរេនកំពុងខិតជិតមកដល់ ម្ចាស់ចម្ការទុរេននៅក្នុងខេត្តកំពង់ចាម បានចេញមុខបញ្ជាក់ថា ផ្លែទុរេនក្នុងស្រុក ជាពិសេសពូជម៉ាន់ថងមិនទាន់ដល់រដូវប្រមូលផលពេញលេញនៅឡើយទេ ពោលគឺត្រូវរង់ចាំរហូតដល់ចុងខែឧសភា នេះ។ ការចេញមុខបញ្ជាក់បែបនេះ ធ្វើឡើងក្រោយមានការចរាចរទុរេនយ៉ាងច្រើននៅលើទីផ្សារ ដោយអះអាងថា ជាទុរេនកំពង់ចាម។ ទន្ទឹមនឹងនេះ កសិករ និងអ្នកជំនាញ ក៏បានអំពាវនាវឱ្យអាជ្ញាធរតាមច្រកព្រំដែនបង្កើនការរឹតបន្តឹងការនាំចូលទុរេនខុសច្បាប់ ដើម្បីការពារតម្លៃទីផ្សារក្នុងស្រុក និងសុខភាពអ្នកប្រើប្រាស់។
អ្នកដាំទុរេននៅខេត្តកំពង់
ដោយ

លោក ហេង ឆេងលី ប្រធានសហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ ខេត្តកំពង់ចាមបានអះអាងថា ទុរេននៅតំបន់របស់លោកមិនទាន់ដល់រដូវប្រមូលផលពេញលេញនៅឡើយទេ ពោលគឺអាចប្រមូលផលទុរេនពូជស្រាលៗដូចជាមូសាងឃីង និងរី៦បានខ្លះៗតែប៉ុណ្ណោះ ខណៈទុរេនម៉ាន់ថង ដែលជាពូជពេញនិយមមិនទាន់អាចប្រមូលផលបាននៅឡើយទេ។ បើតាមការគូសបញ្ជាក់របស់ប្រធានសហគមន៍រូបនេះ ទុរេនប្រភេទម៉ាន់ថងអាចនឹងប្រមូលផលនៅចុងខែឧសភា នេះ ខណៈបច្ចុប្បន្នទុរេនអាចលក់បានក្នុងតម្លៃប្រមាណ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ លោកបានសង្កត់ធ្ងន់ថា ទុរេនដែលបានចរាចរលក់នៅលើទីផ្សារក្នុងបរិមាណច្រើននាពេលបច្ចុប្បន្ន ហើយអះអាងថាជាទុរេនម៉ាន់ថងកំពង់ចាម គឺមិនមែនជាការពិតនោះឡើយ។

«សំឡេងលោក ហេង ឆេងលី»

ជាមួយគ្នានេះលោក ឡេង ប៉លីន ម្ចាស់ចម្ការទុរេននៅខេត្តកំពង់ចាមបានអះអាងថា បច្ចុប្បន្ននៅតំបន់របស់លោកមិនទាន់ដល់រដូវប្រមូលផលទុរេនសាច់ទឹកដោះគោ ឬទុរេនម៉ាន់ថងនៅឡើយទេ ពោលគឺអាចប្រមូលបានតិចតួចប៉ុណ្ណោះនៅតាមចម្ការមួយចំនួន។ ជាមួយគ្នានេះលោកលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលនិយមពិសាទុរេនម៉ាន់ថង ឱ្យមកជាវដល់ចម្ការផ្ទាល់ ឬស្វែងរកប្រភពដែលច្បាស់លាស់ ដើម្បីទទួលបានទុរេនខ្មែរពិតប្រាកដ ដែលមានរសជាតិឆ្ងាញ់ និងគ្មានសារធាតុគីមី។ ការគាំទ្រផលិតផលក្នុងស្រុកផ្ទាល់បែបនេះ ក៏ជាផ្នែកមួយជួយកាត់បន្ថយការនាំចូលទុរេនពីប្រទេសជិតខាងផងដែរ។

ដោយឡែកលោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំធុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន សង្កេតឃើញថា ក្រោយមានជម្លោះព្រំដែនជាមួយថៃចំនួនពលរដ្ឋគាំទ្រទុរេនក្នុងស្រុកមានការកើនឡើងយ៉ាងខ្លាំង។ សម្រាប់អ្នកជំនាញរូបនេះ ការប្រមូលផលផ្លែទុរេនមិនទាន់ដល់ពេលនៅឡើយទេ ដោយម្ចាស់ចម្ការកំពុងត្រៀមខ្លួនប្រមូលផលទុរេននៅចុងខែឧសភា នេះ។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យមន្រ្តីគយនៅតាមព្រំដែនរឹតបន្តឹងការត្រួតពិនិត្យរកសារធាតុគីមីលើទុរេននាំចូល ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ទុរេនខ្មែរមិនអាចលក់ក្នុងតម្លៃទាបដូចទុរេននាំចូលពីប្រទេសជិតខាងបាននោះទេ ដោយសារទុរេនខ្មែរប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ និងដាំមានស្ដង់ដាអនាម័យសុវត្ថិភាពខ្ពស់ ហើយក៏កំពុងត្រៀមវាយលុកទីផ្សារប្រទេសចិនផងដែរ។

សូមបញ្ជាក់ថា មកទល់ពេលនេះការប្រមូលផលទុរេននៅតាមបណ្តាខេត្តសក្តានុពលដូចជាកំពង់ចាម ព្រះវិហារ កោះកុង និងកំពតនៅមិនទាន់ដល់រដូវពេញលេញនៅឡើយទេ។ ចំពោះតម្លៃបោះដុំនៅលើទីផ្សារបច្ចុប្បន្នសម្រាប់ទុរេនខ្មែរពិតប្រាកដក្នុងរង្វង់ពី១៦,០០០ទៅ១៧,០០០រៀលក្នុងមួយគីឡូក្រាម៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើរាជរដ្ឋាភិបាលគួរចាត់វិធានការក្តៅបែបណា ដើម្បីទប់ស្កាត់ការហូរចូលទុរេនថៃខុសច្បាប់មកកម្ពុជា?

ការធ្លាយចេញនូវករណីឈ្មួញខិលខូចលួចនាំចូលទុរេនពីប្រទេសថៃ ដែលជាមុខទំនិញត្រូវបានហាមឃាត់ ដើម្បីមកបន្លំលក់ជាទុរេនខ្មែរបានបង្កឱ្យមានរលក នៃកំហ…

លោក ត្រាំ ប្រកាសជួយរំដោះនាវាដែលជាប់គាំងនៅច្រកសមុទ្រហ័រម៉ូស ខណៈអ៊ីរ៉ង់ព្រមានចាត់វិធានការតបត

ទោះបីជាការប៉ះទង្គិចគ្នាដោយអាវុធដោយផ្ទាល់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានអាក់ខានអស់រយៈពេលជាង៣សប្តាហ៍កន្លងមកនេះក៏ដោយ ប៉ុន្តែកម្ដៅនយោបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ