ប៉ុន្តែវាកំពុងវាយប្រហារយ៉ាងខ្លាំងលើទីផ្សារការងារ ខ្សែច្រវាក់ផ្គត់ផ្គង់ ឧស្សាហកម្មផលិត និងសេដ្ឋកិច្ចសកលលោក។
បច្ចប្បន្នរថយន្តអគ្គិសនី កំពុងបំបែកទម្លាប់ចាស់នៃការធ្វើដំណើរ និងរៀបចំឡើងវិញនូវរចនាសម្ព័ន្ធផលិតកម្មយានយន្តសកល។ ការប្តូរទិសដៅនេះបាន និងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារការងារ រចនាសម្ព័ន្ធឧស្សាហកម្ម និងសេដ្ឋកិច្ចពិភពលោក។ លោក រីឆាត ញូវមេន សមាជិកក្រុមប្រឹក្សាយោបល់ នៃមជ្ឈមណ្ឌលបារាំង-អូស្ត្រាលីសម្រាប់ការផ្លាស់ប្តូរថាមពល នៃសាកលវិទ្យាល័យ Swinburne បានគូសបញ្ជាក់ថា សញ្ញានៃការផ្លាស់ប្តូរដ៏ធំនេះបានស្តែងឡើងយ៉ាងច្បាស់នៅក្នុងប្រទេសអូស្ត្រាលី តាមរយៈកំណើននៃការគាំទ្រ និងប្រើប្រាស់រថយន្តអគ្គិសនី។ អាកប្បកិរិយារបស់អ្នកប្រើប្រាស់នៅអូស្ត្រាលីបានប្រែប្រួលយ៉ាងខ្លាំង ដោយពួកគេលែងសូវព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថាន បញ្ហាការបើកបរផ្លូវឆ្ងាយ ឬការប្រែប្រួលឡើងថ្លៃ នៃប្រេងឥន្ធនៈដូចមុនទៀតហើយ។
លោកបានអះអាងថា ប្រសិនបើនិន្នាការប្តូរមកប្រើរថយន្តអគ្គិសនីនេះ រីករាលដាលខ្លាំងនៅតាមបណ្តាប្រទេសផ្សេងៗទៀត វានឹងបង្កើតជាសម្ពាធយ៉ាងធ្ងន់ធ្ងរលើក្រុមហ៊ុនផលិតរថយន្តប្រើប្រេងឥន្ធនៈប្រពៃណី ជាពិសេសមហាអំណាចផលិតរថយន្តនៅតំបន់អឺរ៉ុប។
ទន្ទឹមនឹងនេះ វិបត្តិធំបំផុតមួយទៀត គឺការរង្គោះរង្គើខ្សែច្រវាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ ដោយសាររថយន្តអគ្គិសនីមានផ្នែកមេកានិច និងគ្រឿងបន្លាស់តិចជាងរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុងរហូតដល់ទៅរាប់ពាន់មុខឯណោះ ដែលវានឹងធ្វើឱ្យក្រុមហ៊ុនផលិតគ្រឿងបន្លាស់ប្រពៃណីរាប់ពាន់កន្លែងប្រឈមនឹងការបិទទ្វារ និងបាត់បង់ការងាររាប់ម៉ឺនកន្លែង។
ទិន្នន័យនៅអូស្ត្រាលីបានបង្ហាញថា ការចំណាយលើប្រតិបត្តិការ និងការថែទាំរថយន្តអគ្គិសនីមានកម្រិតទាបជាងរថយន្តប្រើប្រេងឥន្ធនៈរហូតដល់ជាង៨៥%។ នៅពេលដែលប្រជាជនជុំវិញពិភពលោកចាប់ផ្តើមមើលឃើញពីការសន្សំសំចៃដ៏មហាសាលនេះ តម្រូវការរថយន្តប្រេងនឹងដាំក្បាលចុះ។
កត្តានេះហើយ ដែលបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាល្លឺម៉ង់ដូចជា Volkswagen ត្រូវប្រកាសផែនការកាត់បន្ថយការងាររហូតដល់១០០,០០០កន្លែង និងកាត់បន្ថយចំនួនម៉ូដែលរថយន្តប្រើប្រេងរហូតដល់៥០% នៅត្រឹមឆ្នាំ២០៣៥ និងត្រៀមបិទរោងចក្រចំនួន៤នៅក្នុងប្រទេសអាល្លឺម៉ង់ផ្ទាល់។
យ៉ាងណាមិញអ្នកជំនាញខាងលើបានសន្ធិដ្ឋានថា រថយន្តអគ្គិសនីមិនមែនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកវិទ្យាយានយន្តធម្មតានោះទេ ប៉ុន្តែវាជាកាតាលីករ ដែលកំពុងប្រែក្លាយទម្រង់ឧស្សាហកម្មយានយន្ត ទីផ្សារការងារ របៀបរបបធ្វើដំណើរ និងប្រព័ន្ធសង្គម-សេដ្ឋកិច្ចរបស់មនុស្សជាតិទាំងមូលឱ្យឈានចូលទៅកាន់យុគសម័យថ្មីមួយ ដែលគ្មានផ្លូវត្រឡប់ក្រោយឡើយ៕
ដោយៈ សរ សុជាតិ