យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC នាពេលបច្ចុប្បន្នប្រទេសចិន កំពុងពង្រីកឥទ្ធិពលទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនយ៉ាងខ្លាំងក្លានៅទូទាំងទ្វីបអឺរ៉ុប ចក្រភពអង់គ្លេស អាស៊ី និងអូស្ត្រាលី តាមរយៈការនាំចេញរថយន្តរាប់លានគ្រឿង ដែលមានការរចនាយ៉ាងប្រណីតបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ និងមានតម្លៃប្រកួតប្រជែងខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ ចិន ថែមទាំងបានសាងសង់រោងចក្រ និងពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនយ៉ាងរឹងមាំថែមទៀតផង។
នៅពេលនេះ ចិន កំពុងតែតម្រង់រ៉ាដាចាប់យកគោលដៅធំ គឺសហរដ្ឋអាម៉េរិក ដែលជាទីផ្សាររថយន្តធំជាងគេលំដាប់ទី២លើពិភពលោក។ ការរំកិលខ្លួនរបស់ចិននេះធ្វើឡើងចំពេលដែលអាម៉េរិកខ្លួនឯង ហាក់បីដូចជាកំពុងកាត់បន្ថយល្បឿន និងមហិច្ឆតាក្នុងឧស្សាហកម្មរថយន្តអគ្គិសនីរបស់ខ្លួន។
បញ្ហានេះបានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនយក្សៗទាំង៣របស់អាម៉េរិក រួមមាន General Motors, Ford និង Stellantis។ ស្របពេលដែលការផ្គត់ផ្គង់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនយក្សៗទាំង៣នេះហាក់មានភាពខ្សត់ខ្សោយ ពួកគេបែរជាផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការផលិត និងលក់រថយន្តដើរដោយប្រេងម៉ាស៊ូត និងសាំងទៅវិញ។ សកម្មភាពនេះដើរផ្ទុយស្រឡះពីការយល់ឃើញរបស់អ្នកជំនាញយានយន្តភាគច្រើន ដែលអះអាងដូចៗគ្នាថា រថយន្ត EV គឺជានិន្នាការអនាគតនៃពិភពលោក ហើយប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រប់គ្រងអាណាចក្រមួយនេះ។
លោក ស្ទីហ្វេន ដៃអឺ (Stephen Dyer) នាយកគ្រប់គ្រងផ្នែកឧស្សាហកម្មយានយន្តនៅក្រុមហ៊ុន AlixPartners បានលើកឡើងថា ក្រុមហ៊ុនអាម៉េរិកជាច្រើនបានដកថយពីសមរភូមិរថយន្ត EV ដោយសារតែពួកគេមិនទាន់អាចស្វែងរកទម្រង់តម្លៃមួយ ដែលទាក់ទាញ ឬធូរថ្លៃសម្រាប់អ្នកប្រើប្រាស់នៅអាម៉េរិកបាន។ ទោះជាយ៉ាងណាលោកបានសង្កត់ធ្ងន់ថា បើសិនជារថយន្តអគ្គិសនីពិតជារថយន្តនៃពេលអនាគតមែននោះ ក្រុមហ៊ុនអាម៉េរិកនឹងគ្មានអាវុធអ្វីទៅប្រកួតប្រជែងជាមួយចិនឡើយ បើសិនជាអាម៉េរិកមិនព្រមចូលរួមក្នុងសមរភូមិនេះតាំងពីពេលនេះទៅ។
ជាមួយគ្នានេះលោក ម៉ៃឃើល ឌុននី (Michael Dunne) នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាយោបល់ Dunne Insights ដែលផ្តោតលើរថយន្ត EV និងយានយន្តបើកបរស្វ័យប្រវត្តបានវាយតម្លៃថា ចិនមានផែនការមហិច្ឆតាច្បាស់លាស់ក្នុងការគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនី យានយន្តដឹកទំនិញ រួមទាំងខ្សែច្រវាក់ផលិតកម្មអាគុយនៅទូទាំងសកលលោក។
គួររំលឹកថា កាលពីខែមករា កន្លងទៅ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានបង្ហាញជំហរគាំទ្រក្នុងការបើកផ្លូវឱ្យក្រុមហ៊ុនចិន មកបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅលើទឹកដីសហរដ្ឋអាម៉េរិក ក្រោមលក្ខខណ្ឌចម្បងមួយ គឺត្រូវតែជួលកម្មករជនជាតិអាម៉េរិក។ ការលើកឡើងនេះបានបង្កើតឱ្យមានការរំពឹងទុកយ៉ាងខ្លាំងថា របៀបវារៈដ៏ក្តៅគគុកមួយនេះ នឹងត្រូវលើកយកមកពិភាក្សានៅក្នុងជំនួបកំពូលនៅទីក្រុងប៉េកាំងជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង កាលពីពេលថ្មីៗនេះ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍ផ្លូវការណាមួយបំភ្លឺជុំវិញលទ្ធផល នៃកិច្ចពិភាក្សានេះនៅឡើយទេ៕
អត្ថបទៈ សួន ឡង់ទី