កាសែត The Nation របស់ថៃ បានរាយការណ៍នៅថ្ងៃទី២៨ ខែតុលា ថា គណបក្សប្រឆាំងដ៏ធំរបស់ថៃ ដឹកនាំដោយលោក ណាតាផុង រឿងបញ្ញាវុត បានដាក់ញត្តិវាយប្រហារផ្លូវច្បាប់ក្រោមមាត្រា ១៥១ នៃរដ្ឋធម្មនុញ្ញថៃ ប្រឆាំងនឹងរដ្ឋមន្ត្រីមួយចំនួនក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល កាលពីថ្ងៃទី៨ ខែតុលា ជាមួយនឹងហត្ថលេខារបស់សមាជិកសភាចំនួន១៤៥រូប។ គោលដៅនៃការវាយប្រហារនេះ គឺតម្រង់ទៅរករដ្ឋមន្ត្រីចំនួន១៨រូប ក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រី លោក អានុទីន ឆានវីរៈគុល ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរ។ ដើមឡើយគណបក្សប្រឆាំងបានទាមទារឱ្យបើកសភាដេញដោលនៅចុងខែតុលា នេះក្នុងរយៈពេល៥ថ្ងៃពេញ។
ទាក់ទិននឹងបញ្ហានេះ លោក អានុទីន បានថ្លែងកាលពីថ្ងៃទី២៧ ខែតុលា ថា លោកបានទទួលលិខិតផ្លូវការពីប្រធានសភាថៃ លោក សូផុន សារ៉ាម ហើយបានជជែកជាមួយគណៈរដ្ឋមន្ត្រីរួចរាល់ហើយ ដោយអះអាងថា រដ្ឋមន្ត្រីរបស់លោកទាំងអស់ស្វាគមន៍ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមដេញដោលចាប់ពីថ្ងៃទី៦ ខែធ្នូ តទៅ។
ដោយឡែកប្រធានសភាថៃ លោក សូផុន សារ៉ាម បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលា ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍លើរូបមន្ត «៤+១» គឺដេញដោល៤ថ្ងៃ និងទុក១ថ្ងៃចុងក្រោយ សម្រាប់ការបោះឆ្នោតសម្រេចជោគវាសនាទុកចិត្ត ឬមិនទុកចិត្ត។
ទន្ទឹមនឹងនេះប្រធានក្រុមតំណាងរដ្ឋាភិបាលលោក កូរ៉ាវី ព្រីសាណានតាគុល បានឱ្យដឹងថា តំណាងភាគីទាំង៣ នឹងជួបប្រជុំគ្នានៅថ្ងៃទី២៩ ខែតុលា ដើម្បីចាត់ចែងកាលវិភាគចុងក្រោយ ដោយរំពឹងថា នឹងដេញដោលពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែធ្នូ ហើយបោះឆ្នោតផ្ដាច់ព្រ័ត្រនៅថ្ងៃទី១០ ខែធ្នូ។
ក្រុមអ្នកវិភាគនយោបាយនៅទីក្រុងបាងកក មើលឃើញថា ការរុញពេលវេលាពីចុងខែតុលា ទៅដើមខែធ្នូ គឺជាយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាលលោក អានុទីន ដើម្បីមានពេលដកដង្ហើម ប្រមូលភស្តុតាង បិទបាំងចំណុចខ្សោយ និងរៀបចំយុទ្ធសាស្ត្រតបតការចោទប្រកាន់។ ប៉ុន្តែផ្ទុយទៅវិញ វាក៏ជាអាវុធមុខពីរផងដែរ ព្រោះវាបានផ្តល់ពេលវេលាបន្ថែមឱ្យភាគីប្រឆាំងក្នុងការសម្រួចអាវុធ ផ្ទៀងផ្ទាត់ឯកសារសម្ងាត់ និងជីកកាយភស្តុតាង ដើម្បបាញ់ប្រហារចំគោលដៅលើរដ្ឋមន្ត្រីទាំង១៨រូបនោះឱ្យកាន់តែខ្លាំងក្លា និងឥតប្រកែកបាន៕