សារព័ត៌មាន South China Morning Post បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ថា ដើម្បីទប់ឥទ្ធិពលរបស់ចិន អាម៉េរិក បានត្រៀមចំណាយរហូតដល់ទៅជាង១ទ្រីលានដុល្លារ សម្រាប់វិស័យការពារជាតិឆ្នាំ២០២៧។ តើមានចំណុចសំខាន់ៗអ្វីខ្លះដែលពិភពលោកកំពុងតាមដានការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ។
ទី១, បង្កើនការគាំទ្រផ្នែកយោធាដល់កោះតៃវ៉ាន់
សេចក្តីព្រាងច្បាប់របស់សភាតំណាងរាស្ត្រស្នើឱ្យបន្តផ្តល់ហិរញ្ញប្បទានដល់ការការពារជាតិតៃវ៉ាន់ រួមទាំងជំនួយរហូតដល់១ពាន់លានដុល្លារអាម៉េរិកក្រោមសេចក្តីព្រាងច្បាប់របស់សភា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍដ្រូន ប្រព័ន្ធប្រឆាំងដ្រូន និងការការពារតាមប្រព័ន្ធអ៊ីនធឺណិត ខណៈចិនប្រឆាំងយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់អាវុធរបស់អាម៉េរិកដល់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថា ជាផ្នែកមួយនៃទឹកដីចិន។
ទី២, ត្រៀមយុទ្ធសាស្ត្រឆ្លើយតបវិបត្តិនៅសមុទ្រចិនខាងត្បូង
សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាស្នើឱ្យមន្ទីរបញ្ចកោណ រៀបចំយុទ្ធសាស្ត្រឆ្លើយតបចំពោះវិបត្តិដែលអាចកើតមាននៅសមុទ្រចិនខាងត្បូង ដោយសហការជាមួយដៃគូក្នុងតំបន់ រួមទាំងហ្វីលីពីន។
ទី៣, ពង្រឹងសមត្ថភាពសាងសង់នាវាចម្បាំងរបស់អាម៉េរិក
សេចក្តីព្រាងច្បាប់របស់សភាតំណាងរាស្ត្រស្នើហាមប្រើថវិកាដើម្បីទិញ ឬចុះកិច្ចសន្យាសាងសង់នាវាចម្បាំងនៅកន្លែងផលិតនាវាបរទេស។ ចំណែកឯកំណែសេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាអនុញ្ញាតឱ្យទិញនាវាដឹកប្រេង និងនាវាជំនួយមួយចំនួនពីកន្លែងផលិតនាវារបស់ប្រទេសសម្ព័ន្ធមិត្ត ដែលមានសន្ធិសញ្ញាជាមួយអាម៉េរិក។
ទី៤, រឹតបន្តឹងការប្រើប្រាស់បច្ចេកវិទ្យាចិន
សេចក្តីព្រាងច្បាប់ទាំងពីរមានវិធានការរឹតបន្តឹងលើផលិតផលមួយចំនួនដែលផលិតនៅចិន និងប្រើប្រាស់ដោយមន្ទីរបញ្ចកោណ។ សំណើបន្ថែម ក៏អាចពង្រីកការត្រួតពិនិត្យលើបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យារសើបផ្សេងទៀតដែលចិនបានរិះគន់ថា អាចបង្កការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។
ទី៥, កាត់បន្ថយការពឹងផ្អែកលើចិនសម្រាប់រ៉ែយុទ្ធសាស្ត្រ
សេចក្តីព្រាងច្បាប់នេះ ក៏មានគោលដៅកាត់បន្ថយការពឹងផ្អែករបស់អាម៉េរិកលើចិនសម្រាប់រ៉ែ
សំខាន់ៗ ដែលប្រើក្នុងបច្ចេកវិទ្យាយោធាផងដែរ។ វិធានការដែលបានស្នើរួមមានការរឹតបន្តឹងប្រភព
នាំចូល និងជំរុញការផលិតរ៉ែសំខាន់ៗនៅក្នុងសហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម