លោក Elon Musk បានសរសេរនៅលើបណ្ដាញសង្គម Twitter របស់លោកនាពេលថ្មីៗនេះថា ប្រសិនបើក្រុមហ៊ុន Tesla អាចជោគជ័យក្នុងការនាំចូលយានយន្ដ នោះរោងចក្រនៅឥណ្ឌាទំនងជាអាចនឹងសាងសង់បាន។ លោកបន្ថែមថា ក្រុមហ៊ុនរបស់លោកចង់ធ្វើការវិនិយោគនៅឥណ្ឌា ប៉ុន្ដែពន្ធនាំចូលនៅប្រទេសនេះ គឺមានខ្ពស់ខ្លាំងពេក។
បើតាមប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla ចង់ឲ្យមានការកាត់បន្ថយពន្ធនាំចូលយានយន្ដមកនៅត្រឹម៤០% នៃតម្លៃរបស់យានយន្ដ ខណៈបច្ចុប្បន្ន ពន្ធនាំចូលយានយន្ដដែលកំណត់ដោយរដ្ឋាភិបាលឥណ្ឌា គឺមានចន្លោះពី៦០% ទៅដល់១០០% អាស្រ័យលើតម្លៃយានយន្ដ។
នៅដើមឆ្នាំនេះ ក្រុមហ៊ុន Tesla ទើបតែបានចុះបញ្ជីក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌា ហើយគេរំពឹងថា ក្រុមហ៊ុននេះ នឹងបើកដំណើរការនៅឥណ្ឌាក្នុងពេលខាងមុខ។
កាលពីខែមេសាកន្លងទៅនេះដែរ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា ធ្លាប់បានលើកឡើងថា ក្រុមហ៊ុន Tesla គួរតែចូលក្នុងទីផ្សារឥណ្ឌាមុននឹងការប្រកួតប្រជែងកាន់តែឡើងកម្ដៅកាន់តែខ្លាំងជាងនេះ។ មន្ត្រីជាន់ខ្ពស់របស់ឥណ្ឌារូបនេះ បានទទូចស្នើឲ្យក្រុមហ៊ុន Tesla បង្កើតរោងចក្រផលិតរថយន្ដនៅឥណ្ឌា ដើម្បីរដ្ឋអាចផ្ដល់សម្បទានដល់ក្រុមហ៊ុននេះ កាន់តែច្រើនជាងនេះទៀត។ ក្នុងនោះ ឥណ្ឌាសន្យាថា នឹងធ្វើឲ្យតម្លៃផលិតកម្មរបស់ក្រុមហ៊ុននឹងមានទាបជាងគេបំផុតក្នុងពិភពលោក គឺទាបជាប្រទេសចិនទៅទៀត៕