មេធាវីរបស់លោក ថាក់ស៊ីន គឺលោក វីនយ៉ាត ឆាតម៉ុនទ្រី (Winyat Chatmontree) បាននិយាយកាលពីថ្ងៃទី ១៤ ខែតុលានេះថា ច្បាប់នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបញ្ចប់ជម្លោះនយោបាយ ដែលបានបង្កការខូចខាតដល់ប្រទេសថៃអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ លោកបានលើកឡើងថា លោក ថាក់ស៊ីន គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ពីចំណាត់ការដែលមានចរិតនយោបាយ ដោយលោកបានភ្ជាប់សំណុំរឿងដែលត្រូវបានចោទប្រកាន់លើអតីតនាយករដ្ឋមន្ត្រីរូបនេះ ទៅនឹងគោលនយោបាយដែលលោកបានអនុវត្តក្នុងអំឡុងពេលកាន់អំណាច និងរដ្ឋប្រហារយោធាដែលបានកើតឡើងជាបន្តបន្ទាប់។
មេធាវីរូបនេះបានជំរុញឱ្យគណៈកម្មាធិការពាក់ព័ន្ធពិចារណាលើគោលបំណងនៃច្បាប់ និងប្រើប្រាស់សិទ្ធិសម្រេចរបស់ខ្លួនដោយយុត្តិធម៌។ លោកបានបញ្ជាក់ថា លោក ថាក់ស៊ីន គ្រាន់តែចង់រស់នៅក្នុងជីវិតធម្មតាប៉ុណ្ណោះ មិនមែនមានបំណងវិលត្រឡប់ទៅកាន់តំណែងនយោបាយវិញនោះទេ។
លោក វីនយ៉ាត បានបញ្ជាក់បន្ថែមថា ពាក្យស្នើសុំនេះគ្របដណ្តប់លើសំណុំរឿងដែលតុលាការបានចេញសាលក្រមរួចហើយ ប៉ុន្តែមិនរាប់បញ្ចូលសំណុំរឿងប្រមាថព្រះមហាក្សត្រ តាមមាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃ ដែលកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យរបស់សាលាឧទ្ធរណ៍នៅឡើយទេ។