លោក ដូណាល់ ត្រាំ

ការស្ទង់មតិ៖ ជនជាតិអាម៉េរិកភាគច្រើនយល់ថា លោក ដូណាល់ ត្រាំ កំពុងប្រើតំណែងប្រធានាធិបតី​ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយខុសច្បាប់ ឬគ្មានសីលធម៌


ជនជាតិអាម៉េរិកភាគច្រើនយល់ថា លោក ដូណាល់ ត្រាំ កំពុងទាញយកផលប្រយោជន៍ពីតំណែងប្រធានាធិប​តីរបស់ខ្លួន តាមរយៈសកម្មភាពដែលខុសច្បាប់ ឬគ្មានសីលធម៌។ នេះបើយោងតាមលទ្ធផល​នៃការស្ទង់​មតិថ្មីមួយរបស់សារព័ត៌មាន Associated Press និងមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈ NORC (AP-NORC)។ លទ្ធផលស្ទង់មតិ ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី ១៣ ខែតុលា ក៏បង្ហាញផងដែរថា សាធារណជនយល់ថា លោក ត្រាំ ផ្តល់អាទិភាពដល់អាជីវកម្មផ្ទាល់ខ្លួន ជាជាងផលប្រយោជន៍ជាតិ។
លោក ដូណាល់ ត្រាំ
ដោយ

ការស្ទង់មតិនេះធ្វើឡើងលើមនុស្សពេញវ័យចំនួន ២ ១៤០នាក់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា។ លទ្ធផលបង្ហាញថា អ្នកឆ្លើយតបចំនួន ៤០% ជឿថា លោក ត្រាំ បានប្រព្រឹត្តអំពើខុសច្បាប់ ខណៈ ១៨% ផ្សេងទៀតយល់ថា សកម្មភាពរបស់លោកគ្មានសីលធម៌ ប៉ុន្តែមិនខុសច្បាប់នោះទេ។
លើសពីនេះ អ្នកឆ្លើយតបភាគច្រើន ឬ ៥៦% បាននិយាយថា លោក ត្រាំ ផ្តល់អាទិភាពយ៉ាងខ្លាំងដល់ផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួន។ ផ្ទុយទៅវិញ មានតែ ២៣% ប៉ុណ្ណោះដែលយល់ថា លោកផ្តល់អាទិភាពដល់ផលប្រយោជន៍របស់ប្រទេសជាតិជារួម។ ចំណែកអ្នកដែលយល់ថា លោកផ្តល់អាទិភាពដល់ប្រជាពលរដ្ឋដែលមានស្ថានភាពស្រដៀងនឹងពួកគេ មានត្រឹមតែ ១១% ប៉ុណ្ណោះ ខណៈពាក់កណ្តាលនៃអ្នកឆ្លើយតបបាននិយាយថា លោក ត្រាំ មិនបានផ្តល់អាទិភាពដល់មនុស្សដូចជាពួកគេឡើយ។
លោក រ៉េម៉ុន ឡា រ៉ាចា (Raymond La Raja) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Massachusetts Amherst និងជាសហនាយកនៃការស្ទង់មតិ UMass Poll បានប្រាប់ទស្សនាវដ្តី TIME ថា៖ «ការកើនឡើងនៃទ្រព្យសម្បត្តិរបស់ប្រធានាធិបតីរូបនេះ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺជារឿងដែលមិនសូវធ្លាប់មានពីមុនមក»។
លោកបានលើកឡើងពីករណីកាលពីឆ្នាំមុន ដែលក្រុមហ៊ុនមួយមានទំនាក់ទំនងជាមួយរាជវង្សនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានវិនិយោគទឹកប្រាក់ចំនួន ៥០០លានដុល្លារ ទៅក្នុងអាជីវកម្មពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូរបស់លោក ត្រាំ។ ការវិនិយោគនេះបានបង្កឱ្យមានការលើកឡើងអំពីបញ្ហាទំនាស់ផលប្រយោជន៍ពីសំណាក់អង្គការឃ្លាំមើល និងសមាជិកសភាអាម៉េរិក។
យោងតាមរបាយការណ៍បង្ហាញទ្រព្យសម្បត្តិហិរញ្ញវត្ថុប្រចាំឆ្នាំចុងក្រោយរបស់លោក ត្រាំ ដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា លោកទទួលបានប្រាក់ចំណូលជាង ១,៤ពាន់លានដុល្លារ ពីអាជីវកម្មទាំងនេះតែក្នុងឆ្នាំមុនប៉ុណ្ណោះ។
ជាមួយគ្នានេះ ការស្ទង់មតិដាច់ដោយឡែកមួយទៀត របស់សាកលវិទ្យាល័យ ម៉ាហ្សាជូសេត អែមហឺស (Massachusetts Amherst) ដែលធ្វើឡើងកាលពីខែសីហា ក៏បានបង្ហាញពីការព្រួយបារម្ភកាន់តែទូលំទូលាយរបស់សាធារណជនចំពោះអំពើពុករលួយក្នុងរដ្ឋាភិបាលសហព័ន្ធអាម៉េរិកផងដែរ។
តួយ៉ាង លទ្ធផលស្ទង់មតិនោះបង្ហាញថា អ្នកឆ្លើយតបចំនួន ៧៥% យល់ថា មានអំពើពុករលួយក្នុងកម្រិតខ្ពស់នៅក្នុងរដ្ឋាភិបាលសហព័ន្ធ។ ចំណែក ៥៣% បានចាត់ទុកតំណែងប្រធានាធិបតីថាជា «ស្ថាប័នដែលពុករលួយបំផុតក្នុងរដ្ឋាភិបាល» ដោយមានអត្រាខ្ពស់ជាងតុលាការកំពូល សភា និងស្ថាប័នរដ្ឋបាលសហព័ន្ធទាំងមូលទៅទៀត។

អត្ថបទ៖ ខេមបូណូមីស




អត្ថបទបន្ទាប់


វៀតណាមកំពុងសម្លឹងនាំចូលពលករពីកម្ពុជា និងប្រទេសជិតខាង ក្រោយជួបបញ្ហាខ្វះកម្លាំងពលកម្មធ្ងន់ធ្ងរ

ទោះបីជារដ្ឋាភិបាលវៀតណាមមិនទាន់មានគោលនយោបាយបើកចំហទូលំ​ទូលាយក្នុងការទទួលពលករបរទេស ជាពិសេសពីប្រទេសជិតខាងដូចជាកម្ពុជាក៏ដោយ ប៉ុន្តែវិប…

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដាក់ពាក្យស្នើសុំការលើកលែងទោស ក្រោមច្បាប់ផ្សះផ្សាជាតិឆ្នាំ២០២៥

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានដាក់ពាក្យស្នើសុំការលើកលែងទោស ក្រោមច្បាប់ស្តីពីការលើកកម្ពស់សន្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ