បណ្តាក្រុមហ៊ុននៅក្នុងទីក្រុងកានថឺ នៃតំបន់ដែនដីសណ្តទន្លេមេគង្គ ភាគខាងត្បូងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្ម និងផ្នែកបច្ចេកទេស។ បញ្ហានេះបានជំរុញឱ្យពួកគេទាមទារឱ្យមានគោលនយោបាយច្បាស់លាស់មួយ ដើម្បីបើកផ្លូវនាំចូលពលករពីប្រទេសកម្ពុជា និងបណ្តាប្រទេសជិតខាង។ តំណាងវិស័យឯកជននៅក្នុងតំបន់បានព្រមានថា កង្វះខាតធនធានមនុស្សនេះ នឹងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត នៅពេលដែលតំបន់ឧស្សាហកម្មថ្មីៗជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។
លោក ង្វៀន វ៉ាន់ហាវ (Nguyen Van Hao) ប្រធានសមាគមធុរកិច្ចទីក្រុងកានថឺ បានគូសបញ្ជាក់ថា ទោះបីជាសហគ្រាសជាច្រើនបានបោះទុនវិនិយោគលើបច្ចេកវិទ្យាកែច្នៃ និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់មនុស្សក៏ដោយ ប៉ុន្តែម៉ាស៊ីនមិនអាចជំនួសធនធានមនុស្សទាំងស្រុងបានឡើយ។ លោកបានបញ្ជាក់យ៉ាងខ្លីថា បើគ្មានកម្លាំងមនុស្ស ការផលិតទាំងមូលនឹងត្រូវជាប់គាំង។
បើតាមការគូសបញ្ជាក់របស់ប្រធានសមាគមធុរកិច្ចរូបនេះ វៀតណាមកំពុងប្រឈមមុខនឹងការហូរចេញនៃកម្លាំងពលកម្ម ដោយសារកម្មករជំនាញវៀតណាមភាគច្រើនបានចាកចេញទៅធ្វើការនៅបរទេស ដែលផ្តល់ប្រាក់ខែខ្ពស់ជាងនៅក្នុងស្រុក។ ហេតុនេះអាជ្ញាធរទីក្រុងកានថឺ គួរតែប្រញាប់ប្រញាល់ដាក់ចេញនូវគោលនយោបាយពិសេស ដើម្បីស្រូបយកពលករបរទេសឱ្យមកបំពេញចន្លោះប្រហោងនេះ។
ការលើកឡើងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីលោក ង្វៀន ភឿងឡាំ (Nguyen Phuong Lam) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមប្រចាំតំបន់ដីសណ្តទន្លេមេគង្គ។ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នការស្នើសុំទិដ្ឋាការសម្រាប់បុគ្គលិកបរទេសនៅតែមានភាពស្មុគស្មាញ និងស្ថិតក្រោមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ដែលបានក្លាយជាឧបសគ្គដ៏ធំសម្រាប់រោងចក្រនានាដែលត្រូវការជ្រើសរើសកម្មករបរទេសរាប់រយនាក់នាពេលខាងមុខ៕
ដោយៈ សរ សុជាតិ