បរិបទការងារនៅទ្វីបអឺរ៉ុបកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងខ្លាំង នៅពេលដែលបុគ្គលិកវ័យក្មេង ជាពិសេសក្រុមមនុស្សជំនាន់ Z កាន់តែតិចទៅៗ មានបំណងចង់ឡើងកាន់តួនាទីជាអ្នកគ្រប់គ្រង។ អ្វីដែលពួកគេស្វែងរកនាពេលនេះ គឺបរិយាកាសការងារដែលមានលក្ខខណ្ឌល្អប្រសើរ មិនប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរក្សាបាននូវលំនឹងរវាងជីវិតផ្ទាល់ខ្លួន និងការងារ។ និន្នាការដើរផ្ទុយពីប្រពៃណីការងារបែបនេះ កំពុងក្លាយជាសម្ពាធ និងជាប្រធានបទដ៏ក្តៅគគុកសម្រាប់ក្រុមហ៊ុន អាជីវកម្ម ព្រមទាំងទស្សនវិស័យកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ុប ដែលកំពុងជួបភាពទន់ខ្សោយស្រាប់ទៅហើយនោះ។
លោក ថូម៉ាស ស្ក្លាស្គី (Tomasz Szklarski) នាយកប្រតិបត្តិក្រុមហ៊ុន Enpulse និងជាអ្នកជំនាញខាងធនធានមនុស្សបានប្រាប់ Euronews ថា លទ្ធផលនៃការអង្កេតថ្មីមួយបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មានក្រុមមនុស្សជំនាន់ Z ត្រឹមតែ៦%ប៉ុណ្ណោះ ដែលប្រាថ្នាចង់បាន ឬសុខចិត្តទទួលយកតំណែងជាអ្នកគ្រប់គ្រង ឬចង់ក្លាយជាចៅហ្វាយនាយលើគេឯង។ លោកបានគូសបញ្ជាក់ថា ស្ថានភាពនេះ គឺជាសញ្ញាអាសន្នមួយសម្រាប់អនាគតសេដ្ឋកិច្ចរបស់អឺរ៉ុប ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងអត្រាកើនឡើងនៃសេដ្ឋកិច្ចក្នុងកម្រិតទាបស្រាប់។
អ្នកជំនាញខាងលើបានសង្កត់ធ្ងន់ថា នេះគឺជាវិបត្តិប្រជាសាស្ត្រ និងធនធានមនុស្សដោះមិនរួចមួយ ដែលអឺរ៉ុបត្រូវតែប្រញាប់ស្វែងរកដំណោះស្រាយជាបន្ទាន់ បើពុំនោះទេ វិបត្តិនឹងរឹតតែរីករាលដាលខ្លាំងឡើង។ លោកបានបន្ថែមថា ទោះបីជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្មកំពុងជ្រៀតចូលយ៉ាងជ្រៅទៅក្នុងទីផ្សារពលកម្មយ៉ាងណាក៏ដោយ ក៏វានៅតែមិនអាចដោះស្រាយជំនួសបញ្ហាប្រឈមនៃនិន្នាការប្រជាសាស្ត្រការងារនេះបាននោះឡើយ៕
ដោយៈ សរ សុជាតិ