ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អះអាងថា ការស្ទុះងើបឡើងវិញ នៃកំណើននាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា នៅក្នុងរយៈពេល៣ខែកន្លងមកនេះ គឺដោយសារការបញ្ជាទិញពីអ្នកប្រើប្រាស់នៅអាម៉េរិក មានការកើនឡើងខ្ពស់មកវិញ បន្ទាប់ពីរបាំងពន្ធនាំចូល ដែលអាម៉េរិក បានដាក់ទណ្ឌកម្មមកលើកម្ពុជា ត្រូវបានដកចេញ គួបផ្សំផលិតផលបន្ទះសូឡា គឺជាផ្នែកមួយ នៃការបង្កើតប្រភពថាមពលអគ្គិសនីជំនួសឱ្យការប្រើប្រាស់ប្រេងឥន្ធនៈ។ អ្នកនាំពាក្យរូបនេះ បានចាត់ទុកកំណើននាំចេញនេះ គឺជាជោគជ័យមួយ នៃដំណើរការធ្វើពិពិធកម្មទំនិញរបស់កម្ពុជា ពីឧស្សាហកម្ម ដែលផលិតដោយប្រើប្រាស់អតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញ។
ស្របគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការលើកលែងពន្ធនាំចូលពីអាម៉េរិក បានបើកផ្លូវឱ្យបន្ទះសូឡាកម្ពុជា មានលទ្ធភាពប្រកួតប្រជែងឡើងវិញ។ អ្នកជំនាញរូបនេះជឿជាក់ថា តម្រូវការថាមពលស្អាតនៅអាម៉េរិកនឹងបន្តជំរុញឱ្យការបញ្ជាទិញបន្ទះសូឡាពីកម្ពុជា មានសម្ទុះកើនឡើងបន្ថែមទៀតនៅឆមាសទី២ឆ្នាំនេះ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច ចាត់ទុកកំណើននាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនេះ គឺបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលស្អាតសកល ស្របពេលដែលក្រុមហ៊ុនអន្តរជាតិនានា កំពុងធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា កាន់តែច្រើន។ បន្ថែមលើនេះ វាបានបង្ហាញពីភាពចាំបាច់នៃតម្រូវការខ្ពស់របស់ទីផ្សារអន្តរជាតិ មកលើបន្ទះសូឡាកម្ពុជា ពិសេសពីទីផ្សារអាម៉េរិកតែម្តង។
គួររំលឹកថា ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅក្នុងរយៈពេល៣ខែឆ្នាំ២០២៦ កម្ពុជា សម្រេចបានការនាំចេញផលិតបន្ទះសូឡាក្នុងទំហំទឹកប្រាក់ជិត៦លានដុល្លារកើនឡើងជាង៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្វីដែលគួរឱ្យកត់សម្គាល់គ្រាន់តែទីផ្សារអាម៉េរិកមួយបានស្រូបទាញបន្ទះសូឡារបស់កម្ពុជា រហូតដល់៨០% នៃការនាំចេញសរុបជាមួយទឹកប្រាក់ជាង៤,៥លានដុល្លារ កើនឡើងប្រមាណ១២៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕