ចាប់តាំងពីថ្ងៃទី២៨ ខែតុលា មក រលកបាតុកម្មដ៏ធំមួយបានវាយប្រហារប្រទេសឥណ្ឌូនេស៊ី ដោយបាតុកររាប់ពាន់នាក់បានសម្រុកមកជួបជុំគ្នានៅទីក្រុងហ្សាកាតា ដើម្បីបង្ហាញកំហឹងចំពោះការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាលលើបញ្ហាផ្សែងអ័ព្ទពុល វិបត្តិថ្លៃជីវភាពរស់នៅហក់ឡើងខ្ពស់ និងការប្រព្រឹត្តអំពើពុករលួយក្នុងចំណោមមន្ត្រីសាធារណៈ។ បាតុកម្មនេះ ដឹកនាំដោយក្រុមនិស្សិតមកពីសាកលវិទ្យាល័យនានា និងក្រុមសង្គមស៊ីវិល ដោយពួកគេបានទាមទារឱ្យរដ្ឋាភិបាលប្រកាសអាសន្នថា គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅតំបន់ស៊ូម៉ាត្រា និងកាលីម៉ាន់តាន់ គឺជាគ្រោះមហន្តរាយថ្នាក់ជាតិ។ ការទាមទារនេះកើតឡើងចំពេលប្រទេសឥណ្ឌូនេស៊ី កំពុងទប់ទល់នឹងវិបត្តិថាមពល និងការវាយប្រហារពីបាតុភូត អែលនីញ៉ូ ដែលបានរុញច្រានថ្លៃចំណាយរស់នៅប្រចាំថ្ងៃឱ្យថ្លៃហួសពីសមត្ថភាពទ្រទ្រង់របស់ប្រជាជន។
ឆ្លើយតបនឹងការបាតុកម្មនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ស៊ីយ៉ាហ្វហ្គានដា ណាងហ្គោឡាន (Syahganda Nainggolan) បានលើកឡើងកាលពីថ្ងៃទី២៨ ខែតុលា ថា រដ្ឋាភិបាលគោរពសិទ្ធិធ្វើបាតុកម្មរបស់ពលរដ្ឋក្នុងប្រព័ន្ធប្រជាធិបតេយ្យ ដោយអាជ្ញាធរបានដាក់ពង្រាយកងកម្លាំងពន្លត់អគ្គិភ័យជាង៧ម៉ឺននាក់ និងកំពុងស៊ើបអង្កេតលើក្រុមហ៊ុន និងបុគ្គលទាំងឡាយណាដែលសង្ស័យថា បានលួចដុតព្រៃ។
ទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែបង្ហាញជំហរស្ទាក់ស្ទើរក្នុងការប្រកាសគ្រោះមហន្តរាយថ្នាក់ជាតិ ដែលធ្វើឱ្យកំហឹងមហាជនកាន់តែឆេះឆាបឆួល។ ក្រុមបាតុករបានរំលេចរូបភាពដ៏ខ្លោចផ្សាថា ផ្សែងអ័ព្ទពុលនេះបានបំពុលបរិយាកាសរហូតធ្វើឱ្យមនុស្សជាច្រើនធ្លាក់ខ្លួនឈឺ ហើយកុមារតូចៗរាប់ម៉ឺននាក់កំពុងរងគ្រោះដោយសារជំងឺផ្លូវដង្ហើម។ បន្ថែមលើនេះ តម្លៃម្ហូបអាហារ និងទំនិញនៅលើទីផ្សារកំពុងកើនឡើងជារៀងរាល់ថ្ងៃ ដែលកំពុងច្របាច់កជីវភាពប្រជាជនក្រីក្រឱ្យកាន់តែលំបាក។
បច្ចុប្បន្នរលកនៃការតវ៉ានេះមិនត្រឹមតែនៅទីក្រុងហ្សាកាតា ប៉ុណ្ណោះទេ ប៉ុន្តែបានរីករាលដាលទៅកាន់ទីក្រុងធំៗជាច្រើនទៀតរួមមាន ទីក្រុងយ៉ូកយ៉ាកាតា, បានឌុង, ម៉ាឡាង និងទីក្រុងប៉ាដាង ដែលកំពុងបង្កើតជាសម្ពាធនយោបាយ និងសង្គមយ៉ាងធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលឥណ្ឌូនេស៊ី៕