ពិភពលោក

លក់ផ្ទះ និងឡាន ដើម្បីចូលនិវត្តន៍រស់នៅលើនាវាប្រណីត ប៉ុន្តែក្តីស្រមៃត្រូវរលាយដូចអំបិលត្រូវទឹក ក្រោយក្រុមហ៊ុនគ្រប់គ្រងនាវាអស់លុយទិញប្រេង


គូស្វាមីភរិយាជនជាតិអាម៉េរិកមួយគូបានសម្រេចចិត្តលក់ផ្ទះ និងរថយន្តរបស់ខ្លួន ដើម្បីបំពេញក្តី​ស្រមៃចូលនិវត្តន៍តាមរយៈការរស់នៅលើនាវាទេសចរណ៍ដែលធ្វើដំណើរជុំវិញពិភពលោក។ ប៉ុន្តែ ក្តីស្រមៃ​ដែលពួកគេ​បានចំណាយប្រាក់សន្សំស្ទើរតែពេញមួយជីវិតដើម្បីសម្រេចនេះ បានរលាយដូចអំបិលត្រូវទឹក បន្ទាប់ពីក្រុមហ៊ុននាវាទេសចរណ៍នោះ​ប្រកាសផ្អាក​ប្រតិបត្តិការ ដោយសារការចំណាយ​លើប្រេងឥន្ធនៈ​កើនឡើងខ្ពស់ និងបានបង្ខំឱ្យពួកគេចុះចេញពីនាវា នៅពេលដែលវាបានមកចតនៅកំពង់ផែក្រុងព្រះសីហនុ​របស់កម្ពុជានៅសប្ដាហ៍នេះ។
លើនាវាប្រណីត
ដោយ

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានរ៉យទ័រ លោក Paul Montoya និងភរិយា គឺលោកស្រី Lynn Montoya បានអះអាងថា ពួកគេបាន​លក់ផ្ទះ និងរថយន្តនៅរដ្ឋ Wyoming សហរដ្ឋអាម៉េរិក ដើម្បីទិញបន្ទប់ស្នាក់នៅលើនាវា Villa Vie Odyssey ក្នុងតម្លៃ ១៧៩ ០០០ ដុល្លារអាម៉េរិក ព្រមទាំងបង់ថ្លៃសេវាប្រមាណ ៦ ០០០ ដុល្លារក្នុងមួយខែ ដើម្បីអាចរស់នៅ និងធ្វើដំណើរជុំវិញ​ពិភពលោក​ក្រោយចូលនិវត្តន៍។

ប៉ុន្ដែ ក្តីស្រមៃរបស់ពួកគេអាចបន្តបានត្រឹមតែ ១៧ ខែប៉ុណ្ណោះ ខណៈនៅសប្តាហ៍នេះ ក្រុមហ៊ុន Villa Vie Residences ដែលជាប្រតិបត្តិករនាវា បានប្រកាសផ្អាកដំណើរការនាវា ដោយសារការកើនឡើង​យ៉ាងខ្លាំង​នៃតម្លៃប្រេងឥន្ធនៈ។ ការសម្រេចចិត្តនេះ បានបង្ខំឱ្យលោក Paul និងលោកស្រី Lynn រួមទាំង​អ្នកស្នាក់នៅប្រមាណ ២០០ នាក់ទៀត ត្រូវចាកចេញ​ពីនាវានៅកំពង់ផែក្នុងខេត្តព្រះសីហនុ ដោយត្រូវនាំយកសត្វចិញ្ចឹម និងសម្ភារផ្ទាល់ខ្លួនដែលអាចយកតាមខ្លួនបាន។
លោក Paul បាននិយាយថា លោកជឿថាក្រុមហ៊ុននាវានេះ កំពុងខ្វះខាតថវិកា រហូតដល់មិនអាចទិញប្រេង​ឥន្ធនៈបាន ហើយថែមទាំងជួបការលំបាកក្នុងការបើកប្រាក់ឈ្នួលឱ្យ​បុគ្គលិក​នាវាទៀតផង។ ដោយសារហេតុនេះ លោកមិនសូវមានសង្ឃឹមថានឹងអាចទទួល​បានប្រាក់​ដែលបានវិនិយោគត្រឡប់មកវិញនោះទេ។

យោងតាមលោក Paul បញ្ហានៅលើនាវាបានកើនឡើងជាបន្តបន្ទាប់ ខណៈជម្លោះពាក់ព័ន្ធ​នឹងអ៊ីរ៉ង់​អូសបន្លាយ និងធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង។ លោកបានអះអាងថា ក្រុមហ៊ុនបានស្នើឱ្យ​អ្នកស្នាក់នៅបង់ប្រាក់បន្ថែម ហើយថែមទាំងស្នើឱ្យពួកគេផ្តល់ប្រាក់កម្ចី​សម្រាប់ទិញប្រេង​ឥន្ធនៈផងដែរ។
លោកបានរំឭកថា នៅពេលនាវាមកដល់កម្ពុជា អ្នកស្នាក់នៅបានជួបបញ្ហាអ៊ីនធឺណិត ខណៈគុណភាព​អាហារបានចាប់ផ្តើមធ្លាក់ចុះប្រហែលបីខែមុន។ ស្ថានភាពទាំងនេះបានធ្វើឱ្យពួកគេ​សង្ស័យថា ក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។

បើតាមរ៉យទ័រ ក្រុមហ៊ុន Villa Vie Residences បានឱ្យដឹងថា ខ្លួនកំពុងស្វែងរកលទ្ធភាព​រៀបចំរចនាសម្ព័ន្ធ​អាជីវកម្មឡើងវិញ និងស្វែងរកដើមទុនបន្ថែម ដើម្បីដោះស្រាយបញ្ហា​ដែលកំពុងប្រឈម។ ប៉ុន្តែ ក្រុមហ៊ុនបានបញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបាន​បញ្ចប់នោះទេ ហើយក៏មិនអាចធានាបានថា ការស្តារអាជីវកម្មឡើងវិញនឹងទទួលបានជោគជ័យដែរ។




អត្ថបទបន្ទាប់


ធនាគារពិភពលោកព្រមានថា តម្លៃទំនិញនឹងហក់ឡើង ២៣% ខណៈតម្លៃថាមពល និងស្បៀងអាហារនឹងហក់ឡើងដល់កម្រិតកំពូល

ពិភពលោកកំពុងបង្ហាញនិន្នាការឈានទៅរកតំបន់គ្រោះថ្នាក់នៃវិបត្តិសេដ្ឋកិច្ច និងស្បៀងអាហារជាថ្មី ក្រោយធនាគារពិភពលោកបានព្រមានថា តម្លៃទំនិញសកលនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ