សារព័ត៌មាន Euronews បានរាយការណ៍ថា អាជីវកម្ម និងហាងលក់ទំនិញនៅទូទាំងប្រទេសបារាំងយ៉ាងហោចណាស់៣ពាន់កន្លែង ត្រូវបានរងផលប៉ះពាល់ដោយសាររលកកុបកម្មដ៏ឃោរឃៅកាលពីចុងសប្តាហ៍កន្លងទៅ ខណៈអាជ្ញាធរកំពុងប្រញាប់ប្រញាល់វាយតម្លៃ និងគណនាទំហំខូចខាតសរុបដែលកើតមានឡើង។
ពាក់ព័ន្ធនឹងការខូចខាតដ៏សន្ធឹកសន្ធាប់នេះ ក្រុមក្រុមហ៊ុនធានារ៉ាប់រងបានអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយក្នុងការគាំទ្រអតិថិជន ប៉ុន្តែការបាត់បង់ឱកាសអាជីវកម្ម ឬចំណូលដែលត្រូវខកខានក្នុងអំឡុងពេលកើតហេតុ អាចនឹងមិនស្ថិតក្នុងលក្ខខណ្ឌត្រូវទូទាត់សំណងនោះឡើយ។ តាមសេចក្តីរាយការណ៍ ក្រុមហ៊ុនធានារ៉ាប់រងត្រូវទទួលបន្ទុកចំណាយភាគច្រើនលើតែការខូចខាតទ្រព្យសម្បត្តិជាក់ស្តែងប៉ុណ្ណោះ ទោះបីជាពេលនេះការប៉ាន់ប្រមាណទំហំទឹកប្រាក់ នៃការខូចខាតសរុបមិនទាន់ត្រូវបានបញ្ជាក់ផ្លូវការយ៉ាងណាក៏ដោយ។
ជាមួយគ្នានេះសហព័ន្ធធានារ៉ាប់រងបារាំង បានប្រាប់សារព័ត៌មាន Euronews ថា សមាជិករបស់ខ្លួនបានត្រៀមលក្ខណៈជួយដល់អតិថិជនដែលមានកិច្ចសន្យាធានារ៉ាប់រងត្រឹមត្រូវ និងបានទទួលរងការខូចខាតពីហេតុការណ៍នេះ។ ប្រភពដដែលបានគូសបញ្ជាក់ថា ក្រុមការងារឆ្លើយតបវិបត្តិរបស់សហព័ន្ធ កំពុងធ្វើការយ៉ាងជិតស្អិតជាមួយអាជ្ញាធរសាធារណៈនៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលសហព័ន្ធបានពណ៌នាថា ជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុត។
គួររំលឹកថា ប្រទេសបារាំង ត្រូវបានគេស្គាល់ថា ជាសមរភូមិដែលរងគ្រោះជាញឹកញាប់ដោយសារបាតុកម្ម និងកុប្បកម្មចលាចលនៅតំបន់អឺរ៉ុប។ កាលពីឆ្នាំ២០២៣ កន្លងទៅ បារាំង ក៏ធ្លាប់បានឆ្លងកាត់វិបត្តិកុបកម្មដ៏ស្រួចស្រាល់បែបនេះម្តងរួចមកហើយ ដោយកាលណោះ ក្រុមហ៊ុនធានារ៉ាប់រងបានចំណាយថវិកាសងថ្លៃខូចខាតសរុបជិត៨៩០លានដុល្លារអាម៉េរិក លើសំណុំរឿងសំណងរហូតដល់ទៅ១ម៉ឺន៧ពាន់ករណី៕