ចាប់តាំងពីជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ រហូតមកទល់ដើមខែឧសភា នេះ ទីផ្សារមាសបានស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ ទោះជាយ៉ាងណា នៅថ្ងៃព្រហស្បតិ៍កន្លងទៅ ហាងឆេងមាសបានបង្ហាញសញ្ញាវិជ្ជមានដោយកើនឡើង១,២%។
អ្នកវិភាគទីផ្សារបានលើកឡើងថា ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់អាចលេចចេញជាផ្លូវការមែននោះ ទីផ្សារលោហៈធាតុដ៏មានតម្លៃនេះ នឹងវិលត្រឡប់ទៅរកភាពរស់រវើកឡើងវិញ បន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេលជាង២ខែកន្លងមកនេះ ពោលគឺចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើង។ ក្រៅពីមាស ទីផ្សារប្រាក់ ក៏ត្រូវបានរំពឹងថា នឹងមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ២០២៦ នេះផងដែរ ប្រសិនបើដំណោះស្រាយសន្តិភាពត្រូវបានសម្រេច។
គួររំលឹកថា កាលពីឆ្នាំ២០២៥ តម្លៃមាសបានស្ទុះឡើងរហូតដល់៦៦% ខណៈដែលប្រាក់បានហក់ឡើងដល់១៣៥% ប៉ុន្តែវាបានស្រុតចុះមកវិញខ្លះ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើង។
លោក ហ្វីលីប ជីសែល (Philippe Gijsels) ប្រធានផ្នែកយុទ្ធសាស្ត្រនៅក្រុមហ៊ុន BNP Paribas Fortis បានអះអាងថា ទីផ្សារមាស និងប្រាក់បានចាប់ផ្ដើមមានរស្មីឡើងវិញហើយ។ លោកបានសង្កត់ធ្ងន់ថា ព័ត៌មាន នៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ គឺជាកាតាលីករដ៏សំខាន់ ដែលជួយឱ្យលោហៈមានតម្លៃទាំងពីរនេះមានពន្លឺចិញ្ចាចនៅលើទីផ្សារអន្តរជាតិសាជាថ្មី៕
ដោយៈ សរ សុជាតិ