យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA យោធាអ៊ីរ៉ង់បានចោទប្រកាន់ថា សហរដ្ឋអាម៉េរិកបានវាយប្រហារលើនាវាចំនួន២គ្រឿងក្នុងច្រកសមុទ្រ Hormuz និងបានវាយប្រហារចូលក្នុងទឹកដីរបស់ខ្លួន។ ជាការឆ្លើយតប យោធាអាម៉េរិកបានបញ្ជាក់ថា សកម្មភាពបាញ់តបតរបស់ខ្លួន គឺធ្វើឡើងដើម្បីការពារខ្លួនពីការវាយប្រហារមុនរបស់ភាគីអ៊ីរ៉ង់តែប៉ុណ្ណោះ ដែលនេះជាការសាចទឹកដាក់គ្នាទៅវិញទៅមករវាងមហាអំណាចទាំងពីរ ដែលកំពុងគំរាមកំហែងដល់បទឈប់បាញ់ក៏ផុយស្រួយ។
ពាក់ព័ន្ធនឹងបញ្ហានេះប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន ABC ថា បទឈប់បាញ់នៅតែមានសុពលភាព ហើយភាគីទាំងពីរកំពុងព្យាយាមទប់ស្កាត់ការរីករាលដាល នៃជម្លោះ។ លោកបានចាត់ទុកការប៉ះទង្គិចគ្នាជាថ្មីនេះថា គ្រាន់តែជាការប៉ះទង្គិចស្រាលៗតែប៉ុណ្ណោះ។
ការផ្ទុះអាវុធនេះបានកើតឡើងចំពេល ដែលទីក្រុងវ៉ាស៊ីនតោន កំពុងរង់ចាំចម្លើយពីអ៊ីរ៉ង់ លើសំណើបញ្ចប់សង្គ្រាម។ ចំណុចចម្រូងចម្រាសបំផុតក្នុងកិច្ចចរចានេះ គឺការដែលអ៊ីរ៉ង់នៅតែទទូចរក្សាទុកកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ដើម្បីដោះស្រាយនៅពេលក្រោយ ខណៈអាម៉េរិកចង់ឱ្យមានការផ្អាកកម្មវិធីនេះជាបន្ទាន់ និងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ ទីក្រុងតេអេរ៉ង់បានលើកឡើងថា ខ្លួនមិនទាន់អាចទទួលយកចំណុចមួយចំនួននៅក្នុងសំណើរបស់អាម៉េរិកបាននៅឡើយទេ។
ជាមួយគ្នានេះកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា សហរដ្ឋអាម៉េរិក ក៏បានសម្រេចដាក់ទណ្ឌកម្មលើអនុរដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធចំនួន៣រូបផ្សេងទៀត ក្រោមបទចោទប្រកាន់ថា បានផ្តល់ការគាំទ្រដល់ប្រទេសអ៊ីរ៉ង់ផងដែរ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស