យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បម្រាមឈប់បាញ់ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន១៤ចំណុច ត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ។ ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានឆាបឆេះឡើងវិញ ក្រោយអ៊ីរ៉ង់បានបើកការវាយប្រហារលើនាវាដឹកទំនិញមួយគ្រឿងនៅត្រង់ច្រកសមុទ្រយុទ្ធសាស្ត្រហ័រម៉ូស ដែលជំរុញឱ្យកងទ័ពសហរដ្ឋអាម៉េរិកបើកការវាយប្រហារផ្លូវអាកាសភ្លាមៗទៅលើគោលដៅយោធារបស់អ៊ីរ៉ង់។
ប៉ុន្តែទីក្រុងតេអេរ៉ង់ មិនបានឱនក្បាលនោះឡើយ ដោយនៅព្រឹកថ្ងៃទី២៨ ខែមិថុនា កងកម្លាំងអ៊ីរ៉ង់បានឆ្លើយតបវិញយ៉ាងចាស់ដៃតាមរយៈការបាញ់ស្រោចមីស៊ីល និងយន្តហោះគ្មានមនុស្សបើក វាយប្រហារទៅលើទីតាំងយោធាអាម៉េរិកនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែនយ៉ាងកក្រើកមេឃ។
ទិដ្ឋភាពនេះបានស្តែងឱ្យឃើញថា ស្ថាបត្យកម្មសន្តិភាពដែលកំពុងសាងសង់ឡើងនៅប្រទេសស្វីស គឺមានភាពផុយស្រួយដូចកញ្ចក់។ កន្លងមកជំនួបកម្រិតកំពូលរវាងអនុប្រធានាធិបតីអាម៉េរិកលោក ជេឌី វេន (JD Vance) និងប្រធានសភាអ៊ីរ៉ង់លោក មូហាម៉ាត់ បាគ័រ កាលីបាហ្វ (Mohammad Baqer Qalibaf) ធ្លាប់បានបង្កើតក្តីសង្ឃឹមយ៉ាងធំធេងក្នុងការដោះស្រាយវិបត្តិស៊ីជម្រៅ ទាំងការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញរហូតដល់ជំហាននៃការលើកលែងទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែសេណារីយ៉ូពេលនេះ បានប្រែប្រួលពីតុចរចាមកលើសមរភូមិវិញសឹងតែទាំងស្រុង។
ទោះបីជាកិច្ចចរចាសន្តិភាពមិនទាន់ប្រកាសថាដួលរលំជាផ្លូវការក៏ដោយ ប៉ុន្តែវាកំពុងស្ថិតក្នុងដង្ហើមចង្រិត។ សម្ពាធកាន់តែធ្ងន់ធ្ងរឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញសារព្រមានយ៉ាងដាច់អហង្ការលើបណ្តាញសង្គមថា អាចមានចំណុចមួយដែលអាម៉េរិកត្រូវបង្ខំចិត្តនឹងប្រើប្រាស់កងកម្លាំងយោធា ដើម្បីកម្ទេចអ៊ីរ៉ង់។ ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ក៏បានព្រមានត្រឡប់ទៅវិញដែរថា ការឈ្លានពានរបស់អាម៉េរិកអាចនឹងកាត់ផ្តាច់រាល់ដំណើរការការទូតទាំងអស់ដោយគ្មានការលើកលែង។
អ្នកវិភាគភូមិសាស្ត្រនយោបាយយល់ឃើញថា នេះគឺជាល្បែងលេងសើចនឹងភ្លើងដ៏គ្រោះថ្នាក់បំផុត។ ទាំងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់កំពុងប្រើប្រាស់កម្លាំងយោធា ដើម្បីបង្កើនទម្ងន់ចរចារលើតុការទូត។ ប៉ុន្តែ ប្រសិនបើរង្វង់នៃការសងសឹកនេះមិនត្រូវបានទប់ស្កាត់ជាបន្ទាន់ទេនោះ កិច្ចព្រមព្រៀងសន្តិភាព១៤ចំណុចនឹងក្លាយជាក្រដាសមួយសន្លឹក ហើយតំបន់មជ្ឈិមបូព៌ាទាំងមូលនឹងត្រូវធ្លាក់ក្នុងសង្រ្គាមដ៏ខ្មៅងងឹត ដែលពិបាកនឹងស្រោចស្រង់ឡើងវិញ៕
ដោយៈ សរ សុជាតិ