តើបណ្តាខេត្តគោលដៅទេសចរណ៍មានការត្រៀមខ្លួនបែបណាខ្លះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យអុំទូក?
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា រៀងរាល់ពិធីបុណ្យទាននានា អាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ សន្តិសុខ ការគ្រប់គ្រងតម្លៃសេវាកម្ម និងសុវត្ថិភាពដឹកជញ្ជូនទៅកាន់កោះ ព្រមទាំងមានការរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីមួយចំនួន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ។ យ៉ាងណាមិញលោកមិនរំពឹងទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើននោះទេ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដោយសារកត្តាសេដ្ឋកិច្ច និងការឡើងថ្លៃប្រេងឥន្ធនៈអាចធ្វើឱ្យភ្ញៀវទេសចរមួយចំនួនកាត់បន្ថយការធ្វើដំណើរកម្សាន្ត។ បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ កន្លែងស្នាក់នៅនៅតាមកោះរំពឹងមានស្ថានភាពប្រសើរជាងនៅលើគោក ខណៈមកទល់ពេលនេះ គឺទទួលបានការកក់ទុកមុនប្រមាណ៦០% ហើយ។
ដោយឡែក លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានគូសបញ្ជាក់ថា ខេត្តកែប បានត្រៀមខ្លួនរួចរាល់ហើយក្នុងការស្វាគមន៍ភ្ញៀវទេសចរទៅលេងកន្សាន្តនាឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ និងរំពឹងខ្ពស់ថា អាចទទួលបានភ្ញៀវទេសចរបានច្រើនជាងឆ្នាំមុន។ បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ ក្នុងគោលបំណងបង្កភាពសប្បាយរីករាយ និងផ្តល់ភាពកក់ក្តៅជូនដល់ភ្ញៀវទេសចរ ដែលទៅសម្រាកលំហែកម្សាន្តនាឱកាសនោះ អាជ្ញាធរខេត្តបានចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅតាមទីតាំងគោលដៅសំខាន់ៗ និងបានណែនាំដល់អាជីវករឱ្យរក្សានូវសេចក្តីថ្លៃថ្លូរក្នុងការលក់ដូរ និងបម្រើសេវាកម្មល្អ អនាម័យ គុណភាព ព្រមជាមួយតម្លៃសមរម្យផងដែរ។ បើតាមលោក ប៉ុក ទាំង ក្រៅពីតំបន់ឆ្នេរដ៏ស្រស់ត្រកាល ខេត្តកែប ក៏មានគោលដៅទេសចរណ៍ដ៏សម្បូរបែបជាច្រើនទៀតសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរទៅលេងកម្សាន្តផងដែរ។
បើក្រឡេកទៅមើលខេត្តសៀមរាបឯណោះវិញ លោក គង់ សឿន អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាបនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំកម្មវិធីប្រណាំងទូករយៈពេល៣ថ្ងៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ដើម្បីចូលរួមលើកស្ទួយវប្បធម៌ទំនៀមទម្លាប់ ប្រពៃណីជាតិ និងជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលទៅទស្សនាប្រាង្គប្រាសាទ និងរមណីដ្ឋាននានាក្នុងខេត្តឱ្យបានកាន់តែច្រើនកុះករ។ ជាមួយគ្នានេះ ខេត្តសៀមរាប ក៏មានការរៀបចំការតាំងពិព័រណ៍ម្ហូបអាហារ ផលិតផលក្នុងស្រុក ការប្រគុំតន្ត្រី សិល្បៈកំសាន្ត និងការបាញ់កាំជ្រួចផងដែរ។ មន្ត្រីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា មកទល់ពេលនេះការកក់កន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរនៅតាមសណ្ឋាគារ និងផ្ទះសំណាក់ជារួមទទួលបានចន្លោះពី ៧៥%ទៅ៩៥% អាស្រ័យលើទីតាំង ជិត ឬឆ្ងាយពីតំបន់ផាប់ស្ទ្រីត។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្នាក់ជាតិនៅរាជធានីភ្នំពេញ នៅឆ្នាំ២០២៦នេះ ប៉ុន្តែការរៀបចំថ្នាក់ខេត្ត គឺអាស្រ័យលើការចាត់ចែងរបស់ខេត្តនីមួយៗ។ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីរាជការ បុគ្គលិក និងកម្មករ និងនិយោជិតត្រូវបានអនុញ្ញាតឱ្យឈប់សម្រាករយៈពេល៣ថ្ងៃ៕
អត្ថបទ សោម ស្រីពេជ្រ