ច្បាប់អន្តោប្រវេសន៍

ជនបរទេសរួមទាំងពលរដ្ឋខ្មែរ និងសកម្មជនអាចបាត់បង់សិទ្ធិរស់នៅស៊ុយអែត ក្រោយប្រទេសនេះរឹតបន្តឹងច្បាប់អន្តោប្រវេសន៍


ប្រទេសស៊ុយអែត ដែលជាទីកន្លែងរស់នៅរបស់ជនអន្តោប្រវេសន៍រាប់សែននាក់មកពីជុំវិញពិភពលោក រួមទាំងពលរដ្ឋខ្មែរមួយចំនួនផងនោះ បានអនុម័តច្បាប់ថ្មីដ៏តឹងរ៉ឹងមួយ ដែលអាចដកហូតសិទ្ធិស្នាក់នៅរបស់ជនអន្តោប្រវេសន៍ ប្រសិនបើពួកគេមានកិរិយាមាយាទ ឬសកម្មភាពដែលអាជ្ញាធរចាត់ទុកថា មិនសមរម្យ ដូចជាគេចពន្ធ ជំពាក់បំណុលមិនព្រមសង ធ្វើការដោយខុសច្បាប់ ឬមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមជាដើម។
ច្បាប់អន្តោប្រវេសន៍
ដោយ

ការសម្រេចនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈស៊ុយអែត ដែលជាសមាជិកមួយរបស់សហភាពអឺរ៉ុប ក៏ជាប្រទេសមួយដែលធ្លាប់ផ្តល់សិទ្ធិជ្រកកោននយោបាយដល់​ពល​រដ្ឋខ្មែរ និងសកម្មជនខ្មែរមួយចំនួនក្នុងរយៈពេលកន្លងមក។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋសភាស៊ុយអែត បានអនុម័តច្បាប់ថ្មីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យអាជ្ញាធរអន្តោប្រវេសន៍ពិនិត្យឡើងវិញ និងអាចដកហូតបណ្ណស្នាក់នៅរបស់ជនបរទេស ប្រសិនបើពួកគេមិនគោរពច្បាប់ ឬមានទង្វើដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ច្បាប់នេះមិនត្រឹមតែអនុវត្តចំពោះអ្នក ដែលកំពុងដាក់ពាក្យសុំស្នាក់​នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចអនុវត្តចំពោះអ្នក ដែលទទួលបានសិទ្ធិស្នាក់នៅរួចហើយផងដែរ។ រដ្ឋាភិបាលស៊ុយអែត អះអាងថា អ្នកដែលមិនគោរពច្បាប់មិនគួរត្រូវបានអនុញ្ញាតឱ្យបន្តរស់នៅក្នុងប្រទេសនោះឡើយ។

ទន្ទឹមនឹងនេះ ស៊ុយអែត ក៏ជាប្រទេសដែលធ្លាប់ទទួលជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនពីកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០០៩ អតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម ឈ្មោះ ទឹម សាខន ត្រូវបានស៊ុយអែត ផ្តល់សិទ្ធិជ្រកកោននយោបាយ បន្ទាប់ពីបានស្នាក់នៅប្រទេសថៃ និងដាក់ពាក្យសុំការការពារពីសហគមន៍អន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Scand Asia។

ទោះជាយ៉ាងណាច្បាប់ថ្មីនេះបានរងការរិះគន់ពីគណបក្សប្រឆាំង និងអង្គការការពារសិទ្ធិមនុស្សមួយចំនួន ដែលព្រួយបារម្ភថា វាអាចបង្កឱ្យមានការសម្រេចចិត្តដោយអយុត្តិធម៌ ព្រោះសកម្មភាពមួយចំនួន ដែលមិនទាន់ត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ក៏អាចក្លាយជាមូលហេតុនាំឱ្យបាត់បង់សិទ្ធិស្នាក់នៅបានដែរ។

ក្រោមច្បាប់ថ្មីនេះ អាជ្ញាធរអន្តោប្រវេសន៍ស៊ុយអែត នឹងទទួលបន្ទុកពិនិត្យ និងសម្រេចលើករណីនីមួយៗ ខណៈអ្នកដែលត្រូវដកហូតសិទ្ធិស្នាក់នៅ នៅតែមានសិទ្ធិប្តឹងឧទ្ធរណ៍ទៅកាន់តុលាការអន្តោប្រវេសន៍បានតាមផ្លូវច្បាប់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាសន្នរោគលើតុអាហារ! ថៃ ប្រកាសបិទរោងចក្រខុសច្បាប់ និងបញ្ចេញឈ្មោះប្រហិត ហតដក និងសាច់ប៉ាតេល្បីៗជាង២០ម៉ាក ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព

នេះជាសារព្រមានអាសន្នដ៏គួរឱ្យរន្ធត់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលនិយមចូលចិត្តបរិភោគប្រហិតបំពង ហតដក និងសាច់ប៉ាតេ ដែលនាំច…

វៀតណាម បញ្ជូនទាហានឱ្យជួយសាងសង់អាកាសយានដ្ឋានតម្លៃជិត១៣ពាន់លានដុល្លាររបស់ខ្លួន

រដ្ឋាភិបាលវៀតណាម បានសម្រេចបញ្ជូនកងទ័ពរាប់រយនាក់ឱ្យទៅជួយសាងសង់អាកាសយានដ្ឋានអន្តរជាតិ ឡុង ថាញ់ តម្លៃជិត១៣ពាន់លានដុល្លារ ដែលខ្លួនចាត់ទុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ