យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Economic Times ផែនការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក ក្រោមការអនុវត្តច្បាប់ទណ្ឌកម្មលើរុស្ស៊ី និងអ៊ីរ៉ង់ ឆ្នាំ២០២៦ កំពុងបង្កជាស្រមោលអន្ធការ និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់នាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់របស់ប្រទេសឥណ្ឌា។ យ៉ាងណាមិញ សមាគមឧស្សាហកម្មវាយនភណ្ឌឥណ្ឌា បានអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលឥណ្ឌា បើកការចរចាត្រង់ជាមួយទីក្រុងវ៉ាស៊ីនតោន ជាបន្ទាន់ ដើម្បីរំដោះក្រុមអ្នកនាំចេញពីហានិភ័យ។ ហេតុផល គឺដោយសារតែសហរដ្ឋអាម៉េរិក គឺជាទីផ្សារធំជាងគេបង្អស់សម្រាប់ផលិតផលវាយនភណ្ឌឥណ្ឌា ដែលធ្វើឱ្យវិស័យមួយនេះងាយរងគ្រោះថ្នាក់បំផុត ប្រសិនបើមានការដំឡើងពន្ធគយបន្ថែមណាមួយកើតឡើង។
លោក អាស្វីន ចាន់ដ្រាន (Ashwin Chandran) ប្រធានសមាគមឧស្សាហកម្មវាយនភណ្ឌឥណ្ឌា បានព្រមានថា ប្រសិនបើអាម៉េរិក សម្រេចដំឡើងពន្ធបន្ថែមមែននោះ វាច្បាស់ជានឹងក្លាយជាដុំថ្មសង្កត់ទ្រូង យ៉ាងធ្ងន់ធ្ងរដល់វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ឥណ្ឌា ដែលភាគច្រើនជាសហគ្រាសធុនតូច និងមធ្យម។ លោកបានគូសបញ្ជាក់ថា វិស័យនេះកំពុងរងសម្ពាធស្រាប់ទៅហើយ ដោយសារសម្ពាធសេដ្ឋកិច្ច និងវិបត្តិអស្ថិរភាពដែលកំពុងបន្តកើនឡើងនៅតំបន់មជ្ឈិមបូព៌ា។
លោកបានសង្កត់ធ្ងន់ថា រាល់វិធានការសម្រេចចិត្តពីទីក្រុងវ៉ាស៊ីនតោន នឹងជះឥទ្ធិពលផ្ទាល់ដល់សមត្ថភាពប្រកួតប្រជែង និងការនាំចេញរបស់ឥណ្ឌា ទៅកាន់ទីផ្សារដ៏សំខាន់មួយនេះ។ ដូចនេះ រដ្ឋាភិបាលឥណ្ឌា ត្រូវតែប្រុងប្រយ័ត្ន និងធ្វើការជិតស្និទ្ធជាមួយអាម៉េរិក ដើម្បីធានាថា អ្នកនាំចេញឥណ្ឌាមិនត្រូវខាតបង់ ឬបាត់បង់ទីផ្សារអាម៉េរិកឡើយ។
ប្រធានសមាគមរូបនេះបានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលមានភាពយុត្តិធម៌ និងតុល្យភាពរវាងឥណ្ឌា និងសហរដ្ឋអាម៉េរិក គឺជាច្រកចេញចាំបាច់បំផុតនាពេលបច្ចុប្បន្ន ខណៈដែលភាគីទាំងពីរបានចំណាយពេលចរចាលើរឿងនេះអស់ជាយូរមកហើយ។
គួររំលឹកថា នៅក្នុងឆ្នាំសារពើពន្ធ ២០២៤-២០២៥ កន្លងទៅ ទំហំនៃការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់របស់ឥណ្ឌា ទៅកាន់សហរដ្ឋអាម៉េរិក មានតម្លៃរហូតដល់ជិត១១ពាន់លានដុល្លារអាម៉េរិក៕
ដោយៈ សរ សុជាតិ