ភាពទាល់ច្រក នៃកិច្ចចរចាការទូតរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងឈានទៅរករបត់ថ្មីមួយទៀត។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Axios អ៊ីរ៉ង់បានដាក់សំណើថ្មីមួយ ដែលព្យាយាមរំលងកម្មវិធីនុយក្លេអ៊ែ ដែលជាជម្លោះដ៏រ៉ាំរ៉ៃ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព និងការបើកដង្ហើមសេដ្ឋកិច្ចឡើងវិញឱ្យបានលឿនបំផុត។
ក្នុងដំណើរទៅកាន់ប្រទេសប៉ាគីស្ថានកាលពីចុងសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអ៊ីរ់ង់លោក អាបាស អារ៉ាក់ជី (Abbas Araghchi) បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់អ្នកសម្របសម្រួលមកពីប៉ាគីស្ថាន អេហ្ស៊ីប ទួកគី និងកាតា ថា ថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់នឹងមិនយល់ព្រមដាច់ខាតចំពោះការទាមទាររបស់លោក ដូណាល់ ត្រាំ ដែលបង្ខំឱ្យអ៊ីរ៉ង់ផ្អាកការចម្រាញ់រ៉ែអ៊ុយរ៉ានីញ៉ូមរហូតដល់១ទសវត្សរ៍។
សំណើកិច្ចព្រមព្រៀងថ្មីដែលផ្ញើទៅឱ្យសហរដ្ឋអាម៉េរិកតាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន បានផ្តោតសំខាន់លើការដោះស្រាយវិបត្តិបិទខ្ទប់នៅច្រកសមុទ្រហ័រមូស និងការឡោមព័ទ្ធបិទផ្លូវសមុទ្ររបស់សហរដ្ឋអាម៉េរិក រីឯការចរចារឿងនុយក្លេអែនឹងចាប់ផ្ដើមនៅពេលក្រោយ បន្ទាប់ពីច្រកសមុទ្រត្រូវបានបើក និងការឡោមព័ទ្ធបិទផ្លូវសមុទ្រត្រូវបានដកចេញ។
ទោះជាយ៉ាងណាសំណើនេះហាក់ដូចជាកំពុងដាក់អន្ទាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រោះប្រសិនបើលោកព្រមដកការឡោមព័ទ្ធដោយមិនដោះស្រាយរឿងនុយក្លេអ៊ែទេនោះ លោកនឹងបាត់បង់សន្លឹកបៀរអំណាចដ៏សំខាន់ក្នុងការបង្ខំឱ្យអ៊ីរ៉ង់បោះបង់កម្មវិធីនុយក្លេអ៊ែ។ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន លោក ត្រាំ នៅតែបង្ហាញជំហររឹងមាំដោយចង់បន្តការឡោមព័ទ្ធការនាំចេញប្រេង ដើម្បីបង្ខំឱ្យក្រុងតេអេរ៉ង់ចុះចាញ់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
បន្ទាប់ពីបញ្ចប់ការងារនៅប៉ាគីស្ថាន នៅថ្ងៃចន្ទ ទី២៧ ខែមេសា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបន្តដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដែលនេះជាសញ្ញាបង្ហាញថា អ៊ីរ៉ង់កំពុងព្យាយាមកៀរគររកខ្នងបង្អែកពីមហាអំណាចរុស្ស៊ី ដើម្បីប្រឆាំងនឹងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស