អ្នកស្រី ផុន ហេង ម្ចាស់ចម្ការទុរេនមួយរូបនៅខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខេមបូណូមីស ទាំងក្តីវិប្បដិសារីថា ទោះបីជាអ្នកស្រីបានត្រៀមលក្ខណៈដោយចងខ្សែភ្ជាប់ផ្លែទៅនឹងដើមទុរេនយ៉ាងណាក៏ដោយ ក៏កម្លាំងខ្យល់កន្ត្រាក់នៅតែបោកបក់ឱ្យជ្រុះអស់ជាង១,០០០ផ្លែ។ ការជ្រុះនេះបានធ្វើឱ្យអ្នកស្រី បាត់បង់ចំណូលចន្លោះពី១ម៉ឺនទៅ២ម៉ឺនដុល្លារ ដែលអាចធ្វើឱ្យម្ចាស់ចម្ការទុរេនរូបនេះប្រឈមនឹងការខាត។ អ្វីដែលអ្នកស្រីបារម្ភទៀតនោះ គឺបញ្ហាតម្លៃទីផ្សារ និងស្នើឱ្យអាជ្ញាធរជួយទប់ស្កាត់ទុរេន ដែលមានតម្លៃថោកហូរចូលពីក្រៅប្រទេស ដែលអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃទុរេនក្នុងស្រុក។
ជាមួយគ្នានេះ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន បានឱ្យដឹងថា បញ្ហាអាកាសធាតុជាពិសេសបញ្ហាភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់កំពុងកំរាមគំហែងដល់ការប្រមូលផលទុរេនរបស់កសិករមួយចំនួន ដោយសារបញ្ហានេះបានធ្វើឱ្យទុរេននៅចម្ការមួយចំនួនជ្រុះ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីកាត់បន្ថយហានិភ័យនៅរដូវកាលក្រោយ កសិករចាំបាច់ត្រូវដាំដើមឈើធំៗជុំវិញចម្ការឱ្យបានច្រើន ដើម្បីធ្វើជារនាំងការពារខ្យល់។ ទន្ទឹមនឹងនេះការប្រើប្រាស់ធាតុចូលកសិកម្មឱ្យត្រូវបច្ចេកទេស ដើម្បីពង្រឹងទងឱ្យស្វិត ក៏ជាកត្តាសំខាន់មិនអាចរំលងបានដែរ។ តែយ៉ាងណាអ្នកជំនាញរូបនេះ ស្នើដល់ស្ថាប័នពាក់ព័ន្ធជួយប្រឹក្សាណែនាំដល់កសិករក្នុងការបង្ការហានិភ័យ ដែលអាចកើតមានឡើងផ្សេងទៀត។
ជាមួយគ្នានេះ លោក ឈិម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានបញ្ជាក់ពីទំហំនៃការខូចខាតថា ភ្លៀងលាយឡំជាមួយខ្យល់កន្ទ្រាក់កាលពីល្ងាចថ្ងៃទី២៦ ខែមេសា បានធ្វើដើរទុរេននៅលើផ្ទៃដីប្រមាណ៤៥ហិកតាបានបាក់មែក និងដួលរលំ និងជ្រុះផ្លែជិតគ្រប់អាយុប្រមាណ២ម៉ឺនផ្លែ។ យ៉ាងណាមិញ លោកបានជំរុញឱ្យកសិករកុំទាន់អស់សង្ឃឹម និងត្រូវបន្តថែទាំផ្លែទុរេន ដែលនៅសេសសល់ឱ្យមានគុណភាពខ្ពស់ ដើម្បីប៉ះប៉ូវការខូចខាត។
ទោះបីជាមានផលប៉ះពាល់ពីអាកាសធាតុយ៉ាងណាក៏ដោយ ប្រធានមន្ទីរកសិកម្មរូបនេះ នៅតែមានសុទិដ្ឋិនិយមថា ទិន្នផលទុរេនក្នុងខេត្តបាត់ដំបងឆ្នាំនេះ អាចនឹងខ្ពស់ជាងឆ្នាំមុន ដោយសារមានភ្លៀងធ្លាក់កក់ខែច្រើន ដែលអំណោយផលដល់ការលូតលាស់របស់ដំណាំទុរេន៕
អត្ថបទ៖ ជា ម៉ារ៉ា