ភូមិសាស្រ្តនយោបាយ

តើលោកត្រាំ ប្រុងបែងចែកពិភពលោកជាមួយ លោក ស៊ី និង លោកពូទីន មែន ឬយ៉ងណា?


សក្ខីកម្មជាក់ស្តែងថ្មីៗដែលកើតមានឡើងនៅប្រទេសវ៉េណេស៊ុយអេឡា នាំឲ្យមានសេណារីយូនៃការវិភាគខ្លះពីអ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា លោក ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដែលបានជួប លោក វ្លាឌីមៀ ពូទីន មេដឹកនាំរុស្ស៊ី និង លោក ស៊ី ជីនពីង មេដឹកនាំចិនរួចហើយនោះ អាចនឹងធ្វើការបែងចែកពិភពលោកគ្នា ដើម្បីគ្រប់គ្រង។
ភូមិសាស្រ្តនយោបាយ
ដោយ

ទឡ្ហីករណ៍ ដែលគេសង្ស័យនោះ គឺថា លោក ត្រាំ អាចប្រឹងច្បាមយកអាម៉េរិកខាងត្បូង និង អាម៉េរិកខាងជើង ហើយដកខ្លួនបន្ដិចចេញពីអឺរ៉ុប ហើយទុកអឺរ៉ុបឲ្យទប់ទល់នឹងលោកពូទីន រីឯទ្វីបអាស៊ីវិញ គឺទុកឱ្យជប៉ុន និងឥណ្ឌា ទប់ទល់ឥទ្ធិពលចិន ។

តើមានអំណះអំណាងអ្វីខ្លះធ្វើឱ្យមានការសង្ស័យថា អាម៉េរិក ចិន និងរុស្ស៊ី កំពុងពុះហែកពិភពលោកចែកគ្នាកាន់កាប់?

ករណី នៅប្រទេសវេណេស៊ុយអេឡាថ្មីៗនេះ អាចជាតម្រុយមួយនៃចម្លើយសម្រាប់សំណួរខាងលើនេះ។ វេណេស៊ុយអេឡា មានប្រព័ន្ធការពារដែនអាកាសមិនខ្លាំងដល់សហរដ្ឋអាម៉េរិក ប៉ុន្ដែក៏មិនអន់ពេកដែរ ដោយសារតែប្រទេសនេះ មានប្រព័ន្ធការពារដែនអាកាសទាំងរបស់រុស្ស៊ី និង ចិន ប៉ុន្តែ​នៅពេលដែលយន្តហោះសហរដ្ឋអាម៉េ​រិកប្រមាណ១៥០ គ្រឿងបើកការវាយប្រហារ ប្រព័ន្ធនេះ មិនដំណើរការទាល់តែសោះ ហើយបើកផ្លូវឲ្យកងកម្លាំងពិសេសសហរដ្ឋអាម៉េរិក វាយឆ្មក់ចូលដល់និវេសនដ្ឋានលោក នីកូឡា ម៉ាឌូរ៉ូ រួចចាប់ខ្លួនបានយ៉ាងជោគជ័យដោយងាយស្រួលទៅវិញ ដោយប្រើពេលវេលាប្រតិបត្តិការត្រឹមតែជាង ២ម៉ោងប៉ុណ្ណោះ។

ទឡ្ហីករណ៍នេះហើយ ជាសំនួរលេចឡើង ពីព្រោះប្រតិបត្តិការនេះវាកើតឡើងក្រោយជំនួបរវាងលោកត្រាំ និងលោក ពូទីន នៅអាឡាស្កា កាលពីខែសីហា និង ជំនួបជាមួយនឹងលោក ស៊ី នៅខែតុលា ឆ្នាំមុននេះ ។ នៅក្នុងជំនួបជាមួយនឹងលោកពូទីន ព័ត៌មានដែលប្រកាសវាអាចជារឿងសន្តិភាពនៅអ៊ុយក្រែន ហើយ ពេលជួបជាមួយនឹងលោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូង គឺរឿងសង្រ្គាមពាណិជ្ជកម្ម ប៉ុន្តែនៅក្នុងជំនួបដាច់ដោយឡែកនេះ វាអាចមានបញ្ហាភូមិសាស្រ្តនយោបាយ នៅពីក្រោយវាំងននខ្មៅនោះ។

នៅមុនប្រតិបត្តិការនៅវេណេស៊ុយអេឡា ដែលជាជម្រុកស្តុកប្រេងធំបំផុតនៅលើពិភពលោកនៅអាម៉េ​រិកខាងត្បូង ហើយនិងដំឡើងសាច់ដុំលើកោះហ្រ្គីនលែន នៅអាម៉េរិកខាងជើង លោកត្រាំ ហាក់បង្ហាញការយកចិត្តទុកដាក់ខ្លាំងណាស់លើបញ្ហាសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែពេលខ្លះលោកហាក់ដូចជា កំពុងតែរុញទំនួលខុសត្រូវនេះទៅឱ្យអឺរ៉ុបគ្រប់គ្រង ហើយហាក់មិនសូវនិយាយអំពីសម្ពាធយោធាដែលរុស្ស៊ី បានបន្តដាក់ទៅលើអ៊ុយក្រែនឡើយ។

ក្រោយពេលដែលសហរដ្ឋអាម៉េរិក ផ្តោតសកម្មភាពខ្លាំងនៅទ្វីបអាម៉េរិកខាងត្បូង និង​ទ្វីបអាម៉េរិកខាងជើង ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថា ក៏ហាក់ដូចជាបន្ថយសកម្មភាពនៅអាស៊ី ជាពិសេស គឺអាស៊ីប៉ាស៊ីហ្វិក ដែលនាំឲ្យមានការសង្ស័យថា សហរដ្ឋអាម៉េរិក អាចទុកទ្វីបនេះ ឱ្យចិន ដើរតួនាទីជាបងធំ ។ សព្វថ្ងៃនេះចិន ច្បាមឥទ្ធិពល និងតួនាទីខ្លាំងណាស់នៅអាស៊ី ប៉ុន្តែយ៉ាងណាក៏ដោយ ចិនត្រូវតែប៉ះពាល់ដល់ជប៉ុន ដែលមានឥទ្ធិពលមាំទាំមួយនៅក្នុងតំបន់ ហើយត្រូវប៉ះជាមួយនឹងឥណ្ឌាដែលសុទ្ធតែជាខ្លាកំណាច និងមានឥទ្ធិពលនៅអាស៊ីខាងត្បូង។

ដោយឃើញទឡ្ហីករណ៍ទាំងនះហើយ ទើបសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលលោក ត្រាំ ទុកបញ្ហាឱ្យរុស្ស៊ី ត្រូវប្រឈមមុខ និងដណ្តើមឥទ្ធិពលជាមួយនឹងសហភាពអឺរ៉ុបនៅអឺរ៉ុប ហើយទុកឲ្យចិន ធ្វើដើរតួនាទីនេះ នៅអាស៊ី ដោយសង្ឃឹមថា មានជប៉ុន និង ឥណ្ឌា ជួយទប់ឥទ្ធិពលចិន ហើយខ្លួនលូកជ្រៅទៅក្នុងកិច្ចការនៅហ្រ្គីនលែន នៅទ្វីបអាមេរិកខាងជើង និង វេណេស៊ុយអេឡានៅអាម៉េរិកខាងត្បូង ។

សរុបមក ទាំងប្រតិបត្តិការយោធានៅវេណេស៊ុយអេឡា ការកើនឡើងនៃសកម្មភាពអាម៉េរិកលើកោះហ្រ្គីនលែន ការបន្ថយសម្ពាធផ្ទាល់លើរុស្ស៊ីនៅអឺរ៉ុប និងការស្ងៀមស្ងាត់ជាងមុននៅអាស៊ីប៉ាស៊ីហ្វិក បានបង្កើតជាសញ្ញាដ៏គួរឲ្យកត់សម្គាល់មួយ នៅក្នុងល្បែងនៃការបែងចែកអំណាចពិភពលោក។ ទោះមិនមានភស្តុតាងផ្លូវការណាមួយបញ្ជាក់ពី “ការបែងចែកពិភពលោក” ជាកិច្ចព្រមព្រៀងរវាងមហាអំណាចទាំង៣នេះក៏ដោយ ប៉ុន្តែសកម្មភាពជាក់ស្តែងទាំងនេះ បានបើកផ្លូវឲ្យទឡ្ហីករណ៍ភូមិសាស្ត្រនយោបាយមួយលេចឡើងថា សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ អាចកំពុងកំណត់អាទិភាពថ្មី ដោយផ្តោតលើទ្វីបអាម៉េរិកខាងជើង និង អាម៉េរិកខាងត្បូង រួចទុកឲ្យអឺរ៉ុបឲ្យប្រឈមមុខនឹងរុស្ស៊ី ហើយអាស៊ីឱ្យទៅចិន ៕




អត្ថបទបន្ទាប់


កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង៦៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ កើនឡើងជាង១៨%

ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា នៅតែរក្សាបានភាពរឹងមាំ និងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ដោយសម្រេចបានជាង៦៥ពាន់…

អ្នកជំនាញចាត់ទុកការចាប់ខ្លួនមេខ្លោងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី ជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជាក្នុងទាក់ទាញទេសចរ និងវិនិយោគិន

ការចាប់ខ្លួនមេខ្លោងឧក្រិដ្ឋកម្មអនឡាញជនជាតិចិនដ៏ល្បីឈ្មោះលោក ចេន ហ្ស៊ី និងបក្ខពួកនាពេលថ្មីៗនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍សង្គម និងអ្នកជំនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ