លោក ដូណាល់ ត្រាំ

លោក ត្រាំ បង្កការខឹងសម្បារដល់អ្នកកាន់សាសនាកាតូលិក ដោយសារជម្លោះនៅអ៊ីរ៉ង់


អ្នកកាន់សាសនាកាតូលិកនៅអាម៉េរិកជាច្រើនបានសម្តែងការខកចិត្តចំពោះការរិះគន់ដ៏កម្រ និងមិនធ្លាប់មានពីមុនមករបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ទៅលើសម្តេចប៉ាប ឡេអូ ទី១៤ ដែលជាប្រមុខសាសនាកាតូលិក និងជាជនជាតិអាម៉េរិកដំបូងគេនៅក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្នគេសង្កេតឃើញថា សេតវិមាន និងបុរីវ៉ាទីកង់កំពុងមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបញ្ហាសង្គ្រាម ដែលកំពុងឡើងកម្តៅនៅមជ្ឈិមបូព៌ា បន្ទាប់ពីកិច្ចចរចានៅប្រទេសប៉ាគីស្ថានបានបរាជ័យ។
លោក ដូណាល់ ត្រាំ
ដោយ

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា អ្នកបោះឆ្នោតដែលមានសាវតាជាកាតូលិកអាម៉េរិកភាគច្រើន បានគាំទ្រលោក ដូណាល់ ត្រាំ ក្នុងជ័យជម្នះ នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ ប៉ុន្តែនៅពេលនេះ ភាពមិនចុះសម្រុងគ្នារវាងពួកគេបានរីកធំឡើងជុំវិញបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា សូម្បីតែក្នុងចំណោមមេដឹកនាំកាតូលិក ដែលមានទំនោរអភិរក្សនិយមក៏ដោយ។

ប្រភពដដែលបានឱ្យដឹងថា អ្នកមានជំនឿលើសាសនាកាតូលិកនៅអាម៉េរិកជាច្រើនកំពុងសម្តែងការខកចិត្តចំពោះការវាយប្រហារដោយពាក្យសម្តីដ៏ចាស់ដៃរបស់លោក ត្រាំ ទៅលើសម្តេចប៉ាប ឡេអូ ទី១៤។ សម្តេចប៉ាបអង្គនេះ គឺជាជនជាតិអាម៉េរិកដំបូងគេ ដែលដឹកនាំបុរីវ៉ាទីកង់ ដែលជាស្ថាប័នមានឥទ្ធិពលបំផុតមួយក្នុងពិភពលោក។

ជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីសម្តេចប៉ាប បានថ្លែងថ្កោលទោសដោយចំហកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ចំពោះសង្គ្រាម ជាពិសេសនៅមជ្ឈិមបូព៌ា។ មតិជាច្រើនយល់ថា បន្ទូលរបស់ព្រះអង្គ គឺជាការចង់សំដៅទៅលើលោក ត្រាំ ដែលកំពុងបង្កើនភាពតានតឹងជាមួយអ៊ីរ៉ង់។ សម្តេចប៉ាប ឡេអូ មានបន្ទូលថា៖«វាគ្រប់គ្រាន់ហើយសម្រាប់ការបង្ហាញអំណាច! វាគ្រប់គ្រាន់ហើយសម្រាប់សង្គ្រាម!»។ លើសពីនេះ នៅថ្ងៃចន្ទ សម្តេចប៉ាប ឡេអូ បានបញ្ជាក់បន្ថែមថា ទ្រង់មិនខ្លាចរដ្ឋបាលរបស់លោក ត្រាំ ឡើយ។

ក្រោយការរិះគន់នេះលោក ត្រាំ ដែលជាប្រធានាធិបតីមិនសូវចូលចិត្តការរិះគន់ បានវាយបកវិញដោយអះអាងថា លោកមិនមានអ្វីត្រូវសុំទោសសម្តេចប៉ាបឡើយ ហើយលោកក៏មិនបានធ្វើអ្វីខុសនោះដែរ។

លោកស្រី ខេតលីន ស្ព្រៅស៍ ខាមីង (Kathleen Sprows Cummings) សាស្ត្រាចារ្យផ្នែកសិក្សា និងប្រវត្តិសាស្ត្រអាម៉េរិកនៅសាកលវិទ្យាល័យ Notre Dame បានលើកឡើងថា ការប្រមាថរបស់លោក ត្រាំ ពិតជាតំណាងឱ្យការបញ្ច្រាសប្រវត្តិសាស្ត្រ។ លោកស្រីបានបន្តថា៖«សព្វថ្ងៃនេះ ការគំរាមកំហែង គឺស្ថិតនៅក្នុងសេតវិមាន ខណៈដែលសម្តេចប៉ាប ឡេអូ គឺជាអ្នកការពារឧត្តមគតិ នៃសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសន្តិភាព ហើយព្រះអង្គតែងតែរិះគន់រាល់សកម្មភាពដែលជំរុញឱ្យមានសង្គ្រាម»៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


Vietjet ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររហូតដល់ 20% ចំនួន 11 លានសំបុត្រ សម្រាប់ការធ្វើដំណើរនារដូវក្តៅ

ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ – មុនពេលថ្ងៃឈប់សម្រាកសំខាន់ៗជាច្រើនរបស់ប្រទេសវៀតណាមមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូនកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ