វិស័យ ការពារជាតិ

វិមានក្រឹមឡាំងបង្កើនការការពារសុវត្ថិភាពលោក ពូទីន ក្រោយមានការលបធ្វើឃាត និងភ័យខ្លាចមានការរដ្ឋប្រហារ


យោងតាមរបាយការណ៍សម្ងាត់ពីអង្គភាពស៊ើបការណ៍សម្ងាត់អឺរ៉ុប វិមានក្រឹមឡាំងបានដាក់ចេញនូវវិធានការសន្តិសុខថ្មីដ៏តឹងរ៉ឹងបំផុត ដើម្បីការពារសុវត្ថិភាពលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។ ការរឹតបន្តឹងនេះកើតឡើងចំពេលដែលមានហេតុការណ៍លបធ្វើឃាតមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីជាបន្តបន្ទាប់ និងការកើនឡើងនូវក្តីបារម្ភអំពីអស្ថិរភាពផ្ទៃក្នុង ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារណាមួយនៅក្នុងជួរថ្នាក់ដឹកនាំកំពូល។
វិស័យ ការពារជាតិ
ដោយ

របាយការណ៍សម្ងាត់ពីអង្គភាពស៊ើបការណ៍សម្ងាត់អឺរ៉ុប បានបញ្ជាក់ថាបុគ្គលិកដែលធ្វើការជិតស្និទ្ធបំផុតជាមួយលោក ពូទីន រួមមាន ចុងភៅអង្គរក្ស និងអ្នកថតរូបត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈឡើយ។ ចំពោះអ្នកដែលត្រូវចូលជួបលោកប្រធានាធិបតីផ្ទាល់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់រហូតដល់២ដំណាក់កាល ខណៈបុគ្គលិកប្រចាំការត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តែទូរសព្ទដែលគ្មានអ៊ីនធឺណិតប៉ុណ្ណោះ ដើម្បីបង្ការការបែកធ្លាយព័ត៌មាន ឬការលួចតាមដានពីខាងក្រៅ។

ការរឹតបន្តឹងសន្តិសុខនេះបានកើនឡើងដល់កម្រិតកំពូល បន្ទាប់ពីមានការធ្វើឃាតឧត្តមសេនីយ៍កំពូលម្នាក់របស់រុស្ស៊ី កាលពីខែធ្នូ កន្លងទៅ ដែលបានបង្កឱ្យមានជម្លោះ និងការសង្ស័យគ្នានៅក្នុងស្ថាប័នសន្តិសុខជាតិ។របាយការណ៍ដដែលបានលើកឡើងថា វិមានក្រឹមឡាំង កំពុងស្ថិតក្នុងស្ថានភាពរំជើបរំជួល ដោយសាររងសម្ពាធទាំងបញ្ហាសេដ្ឋកិច្ច ការបរាជ័យក្នុងសមរភូមិអ៊ុយក្រែន និងសញ្ញានៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលកាន់តែលេចឡើងច្បាស់ៗ។

តាមសេចក្តីរាយការណ៍ ចាប់តាំងពីដើមឆ្នាំ២០២៦ នេះ លោក ពូទីនមិនទាន់បានបង្ហាញវត្តមាននៅតាមមូលដ្ឋានយោធាណាមួយឡើយហើយសូម្បីតែទីតាំងដែលលោកធ្លាប់ទៅជាប្រចាំដូចជាលំនៅឋានក្នុងតំបន់មូស្គូ និងផ្ទះលម្ហែនៅ Valdai ក៏ត្រូវបានកាត់បន្ថយការទៅស្នាក់នៅដែរ។ ប្រភពដដែលបានបង្ហើបថា លោក ពូទីន ចំណាយពេលភាគច្រើនស្នាក់នៅក្នុងលេណដ្ឋានក្រោមដី ដែលមានសុវត្ថិភាពបំផុតនៅតំបន់Krasnodar ក្បែរឆ្នេរសមុទ្រខ្មៅ។

ដើម្បីបិទបាំងភាពមិនច្បាស់លាស់ វិមានក្រឹមឡាំងបានប្រើប្រាស់រូបភាពនិងវីដេអូដែលបានថតទុកជាមុន ដើម្បីផ្សព្វផ្សាយដល់សាធារណជនឱ្យយល់ថាស្ថានភាពលោកប្រធានាធិបតី នៅជាធម្មតា។ ឯកសារស៊ើបការណ៍សម្ងាត់ដែលធ្លាយដល់ដៃ CNN នេះ បានឆ្លុះបញ្ចាំងពីវិបត្តិដ៏ជ្រៅនៅក្នុងជួរថ្នាក់ដឹកនាំរុស្ស៊ី ក្រោយសង្គ្រាមឈ្លានពានអ៊ុយក្រែនបានអូសបន្លាយចូលដល់ឆ្នាំទី៤ ដែលមិនត្រឹមតែបំផ្លាញកម្លាំងទ័ពនៅសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងអង្រួនស្ថិរភាព នៃអំណាចរបស់លោក វ្ល៉ាឌីមៀរ ពូទីន ផងដែរ៕

អត្ថបទៈ សួន ឡង់ទី




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ