ឆបោកអនឡាញ

ឧក្រិដ្ឋជនប្រើអន្ទាក់ K-Pop ធ្វើអាវុធឆបោកជនបរទេសរាប់ម៉ឺននាក់នៅកូរ៉េខាងត្បូង


នេះជាព័ត៌មានព្រមានដ៏សំខាន់មួយ សម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រវិស័យចម្រៀង K-Pop និងអ្នកដែលមានបំណងចង់ទៅកម្សាន្តនៅប្រទេសកូរ៉េខាងត្បូង។ ទិន្នន័យផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកូរ៉េខាងត្បូង បានទម្លាយឱ្យដឹងថា ចំនួនជនបរទេស ដែលបានធ្លាក់ចូលក្នុងអន្ទាក់បោកប្រាស់នៅក្នុងទឹកដីកូរ៉េខាងត្បូង បានហក់ឡើងយ៉ាងគំហុកជិត៤ដងក្នុងរយៈពេលត្រឹមតែ២ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ប័នមានសមត្ថកិច្ចបានរកឃើញថា ក្រុមជនខិលខូចបានប្រើប្រាស់ប្រជាប្រិយភាពនៃរលកវប្បធម៌កូរ៉េ ធ្វើជាចំណីល្បួង ដើម្បីបោកប្រាស់យកប្រាក់កាសពីជនបរទេស។
ឆបោកអនឡាញ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times បានលាតត្រដាងតួលេខគួរឱ្យភ្ញាក់ផ្អើលថា ចំនួនជនបរទេសដែលរងគ្រោះដោយសារអំពើឆបោកនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងពីជាង៥,០០០នាក់ក្នុងឆ្នាំ២០២៣ ដល់ ជជាង៨,០០០នាក់ក្នុងឆ្នាំ២០២៤។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺតួលេខជនរងគ្រោះបានហក់ឡើងដល់ជិត២ម៉ឺននាក់កាលពីឆ្នាំ២០២៥ កន្លងទៅនេះ។

ល្បិចកលដែលក្រុមទុច្ចរិតយកមកប្រើប្រាស់ គឺការកំណត់មុខសញ្ញាចំៗទៅលើកញ្ចប់អ្នកគាំទ្រ K-Pop ជនបរទេស។ ក្រុមបោកប្រាស់បានប្រើវិធីសាស្ត្រចូលទៅទំនាក់ទំនងយ៉ាងស្និទ្ធស្នាល បង្កើតភាពទាក់ទាញលើបណ្តាញសង្គម ហើយផ្សព្វផ្សាយលក់សំបុត្រប្រគំតន្ត្រី សម្ភារៈប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលមានកំណត់របស់តារា K-Pop ល្បីៗ។ ប៉ុន្តែនៅពេលដែលជនរងគ្រោះផ្ទេរប្រាក់កក់ ឬលុយថ្លៃទំនិញរួចរាល់ហើយ ពួកគេក៏បានផ្តាច់ប្រព័ន្ធទំនាក់ទំនងបាត់ស្រមោលសូន្យឈឹងតែម្តង។

ជាក់ស្តែងកាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនា ថ្មីៗនេះ ក្នុងអំឡុងពេលដែលក្រុមចម្រៀងបុរសលំដាប់ពិភពលោក BTS បានរៀបចំការប្រគំតន្ត្រីដ៏ធំមួយនៅក្នុងទីក្រុងប៊ូសាន មានបទល្មើសឆបោកចំនួន៥ករណីត្រូវបានរាយការណ៍ ដោយក្នុងនោះមានរហូតដល់ទៅ៣ករណី ដែលបានកើតឡើងផ្ទាល់ទៅលើអ្នកគាំទ្រជាជនបរទេស។ កំណើននៃឧក្រិដ្ឋកម្មនេះកំពុងបំផ្លាញរូបភាពដ៏ល្អរបស់ប្រទេសកូរ៉េខាតត្បូង។

ផ្អែកតាមទិន្នន័យដដែល បទល្មើសព្រហ្មទណ្ឌសរុបដែលបង្កការខូចខាតដល់ជនបរទេសគ្រប់ទម្រង់បានកើនឡើងជាង៨១% ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ពោលគឺបានកើនឡើងជិតទ្វេដងពីជាង២ម៉ឺន៨ពាន់នាក់ក្នុងឆ្នាំ២០២៣ រហូតដល់ជាង៥ម៉ឹននាក់ កាលពីឆ្នាំ២០២៥។

ការកើនឡើងនៃបទល្មើសឆបោកនេះ បានដើរទន្ទឹមគ្នាយ៉ាងគួរឱ្យបារម្ភជាមួយនឹងការហក់ឡើងនៃចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាកូរ៉េខាងត្បូង ដែលបានកើនឡើងរហូតដល់ជាង៧១% ក្នុងរយៈពេល២ឆ្នាំនេះ គឺចាប់ពីជាង១១លាននាក់ក្នុងឆ្នាំ២០២៣ រហូតដល់ជិត១៩លាននាក់ កាលពីឆ្នាំមុន។ ករណីនេះ គឺជាសញ្ញាព្រមានមួយចំពោះអ្នកទេសចរ និងអ្នកគាំទ្រទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ទ្វេដងរាល់ការទិញទំនិញ ឬសំបុត្រប្រគំតន្ត្រីពីប្រភពមិនច្បាស់លាស់ ដើម្បីជៀសវាងការធ្លាក់ខ្លួនជាចំណីរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាទាំងនោះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ការសិក្សាមួយបង្ហាញថា ស្មាតហ្វូនជាកត្តាចម្បងមួយ នៃការធ្លាក់ចុះអត្រាកំណើត

វិបត្តិនៃការធ្លាក់ចុះអត្រាកំណើតនៅទូទាំងសកលលោកហាក់បីដូចជា កំពុងដើរស្របគ្នាយ៉ាងគួរឱ្យកត់សម្គាល់ទៅនឹងការរីកដុះដាលនៃបច្ចេកវិទ្យាស្មាតហ្វូន។…

អ្នកកើតជំងឺមហារីកប្រព័ន្ធទឹកនោមនៅវៀតណាម កើនឡើងគួរឱ្យបារម្ភ ខណៈការជក់បារី និងពិសារគ្រឿងស្រវឹងហួសកម្រិតជាមូលហេតុចម្បង

ប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការវាយលុកយ៉ាងខ្លាំងពីជំងឺមហារីកប្រព័ន្ធផ្លូវទឹកនោមដោយក្នុងមួយឆ្នាំៗបានរកឃើញករណីឆ្លងថ្មីៗរហូតដល់ទៅជាង១ម៉ឺន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ