អត្រាកំណើត

ការសិក្សាមួយបង្ហាញថា ស្មាតហ្វូនជាកត្តាចម្បងមួយ នៃការធ្លាក់ចុះអត្រាកំណើត


វិបត្តិនៃការធ្លាក់ចុះអត្រាកំណើតនៅទូទាំងសកលលោកហាក់បីដូចជា កំពុងដើរស្របគ្នាយ៉ាងគួរឱ្យកត់សម្គាល់ទៅនឹងការរីកដុះដាលនៃបច្ចេកវិទ្យាស្មាតហ្វូន។ នេះបើយោងតាមការវិភាគយ៉ាងស៊ីជម្រៅរបស់លោកស្រី គ្រីស្ទីន អេមបា (Christine Emba) អ្នកជំនាញ និងជាអ្នកវិភាគបញ្ហាសង្គមដ៏ល្បីល្បាញមួយរូបនៅសហរដ្ឋអាម៉េរិក។ នៅក្នុងអត្ថបទដែលចុះផ្សាយដោយសារព័ត៌មាន The New York Times លោកស្រីបានគូសបញ្ជាក់ថា វិបត្តិនៃការលែងចង់បានកូនរបស់មនុស្សជំនាន់ថ្មីមិនមែនកើតឡើងដោយសារតែបញ្ហាសេដ្ឋកិច្ច ឬការកើនឡើង នៃតម្លៃចិញ្ចឹមកូនតែមួយមុខនោះទេ។
អត្រាកំណើត
ដោយ

ផ្ទុយទៅវិញវត្តមាននៃឧបករណ៍ស្មាតហ្វូន និងការជក់ចិត្តដិតអារម្មណ៍លើបណ្តាញសង្គមកំពុងក្លាយជាឃាតករលាក់មុខ ដែលកាត់ផ្តាច់ទំនាក់ទំនងស្និទ្ធស្នាលរវាងមនុស្ស និងមនុស្សនៅក្នុងពិភពពិតជាក់ស្តែង។

ការធ្លាក់ចុះយ៉ាងគំហុក នៃអត្រាកំណើតនៅលើភពផែនដី គឺជារង្វាស់ដ៏គួរឱ្យព្រួយបារម្ភបំផុតមួយសម្រាប់អនាគត និងការបន្តវេនរបស់មនុស្សជាតិទៅថ្ងៃអនាគត។ ក្នុងចំណោមមូលហេតុជាច្រើន ឥទ្ធិពលអវិជ្ជមាននៃស្មាតហ្វូនត្រូវបានគេរកឃើញថា ជាកត្តាដ៏ចម្បងមួយដែលមិនអាចមើលរំលងបាន។ ជាក់ស្តែងកាលពីឆ្នាំ២០២៥ កន្លងទៅនេះ នៅទូទាំងសហរដ្ឋអាម៉េរិកចំនួនទារកចាប់កំណើតមានត្រឹមតែប្រមាណ៧០ម៉ឺននាក់ប៉ុណ្ណោះ ដែលជាតួលេខមួយតិចជាងឆ្ងាយណាស់ បើធៀបនឹងចំនួនទារកចាប់កំណើតកាលពីឆ្នាំ២០០៧។ អ្វីដែលរឹតតែគួរឱ្យបារម្ភនោះ គឺនៅឆ្នាំ២០២៦ នេះ ចំនួនទារកកើតថ្មីត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះកាន់តែទាបបន្ថែមទៀត។ ជាទូទៅនិន្នាការនេះត្រូវបានគេទម្លាក់កំហុសទៅលើការកើនឡើង នៃកម្រិត​អប់រំរបស់ស្ត្រី និងការចំណាយខ្ពស់ហួសហេតុលើការថែទាំកុមារ ប៉ុន្តែឫសគល់នៃបញ្ហាដ៏ធំមួយនៅក្នុងសម័យបច្ចុប្បន្ន គឺការរស់នៅជំពាក់វាក់វិននឹងស្មាតហ្វូន។

យោងតាមឯកសារស្រាវជ្រាវវិទ្យាសាស្ត្រមួយ ដែលចេញផ្សាយដោយការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចជាតិរបស់អាម៉េរិក (NBER) បានរកឃើញថា ស្មាតហ្វូន គឺជាកត្តារួមផ្សំដ៏មានឥទ្ធិពលនៃការធ្លាក់ចុះអត្រាកំណើត។ ការអង្កេតយ៉ាងលម្អិតទៅលើក្រុមស្ត្រីដែលមានអាយុចន្លោះពី១៥ ដល់៤៤ឆ្នាំ បានបង្ហាញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលថា អត្រាស្ត្រីដែលមានការប្រើប្រាស់ស្មាតហ្វូនកម្រិតខ្ពស់បានប្រឈមមុខនឹងការថយចុះនៃអត្រាបង្កើតបុត្រពី៣៣% រហូតដល់ទៅ៥២%ឯណោះ។

តើអ្វីទៅជាមូលហេតុពិតប្រាកដនៅពីក្រោយតួលេខដ៏គួរឱ្យភ័យខ្លាចនេះ? តើស្មាតហ្វូនមានផ្ទុកសារធាតុគីមី ឬបញ្ចេញវិទ្យុសកម្មធ្វើឱ្យមនុស្សអសមត្ថភាពក្នុងការបង្កើតកូនមែនឬយ៉ាងណា? ចម្លើយ គឺមិនមែនដោយសារតែកត្តាវិទ្យុសកម្មនោះទេ ប៉ុន្តែវាគឺជាបច្ច័យផ្លូវចិត្ត និងរបៀបរបបរស់នៅ។ ដោយសារតែស្មាតហ្វូនមនុស្សម្នាក់ៗបានចំណាយពេលវេលាស្ទើរតែទាំងស្រុងទៅលើអេក្រង់ បើធៀបទៅនឹងការចំណាយពេលជួបជុំគ្នាដោយផ្ទាល់។ វប្បធម៌អោនមុខសម្លឹងអេក្រង់នេះបានធ្វើឱ្យមនុស្សពេញវ័យដែលស្ថិតក្នុងវ័យបន្តពូជបាត់បង់ឱកាសក្នុងការបង្កើតទំនាក់ទំនងស្នេហា ចំណងមេត្រីភាព និងការស្វែងយល់ចិត្តគ្នានៅក្នុងជីវិតពិត។

រលកឌីជីថលបានធ្វើឱ្យមនុស្សជាច្រើនញៀន នឹងការកម្សាន្តតាមបែបបច្ចេកវិទ្យាមិនថា តែការអូសទស្សនាបណ្តាញសង្គម ការជក់ចិត្តនឹងហ្គេមអនឡាញ ឬការប្រើប្រាស់កម្មវិធីកម្សាន្តផ្សេងៗនោះទេ។ ភាពឯកោនៅក្នុងពិភពនិម្មិតនេះបានរុញច្រានឱ្យមនុស្សមួយចំនួនធំធ្លាក់ខ្លួនចូលទៅក្នុងមនោសញ្ចេតនារហូតដល់ថ្នាក់បាត់បង់ការចង់បានទំនាក់ទំនងផ្លូវភេទទាំងស្រុង ដែលនេះជាសញ្ញាអាសន្នដ៏គ្រោះថ្នាក់បំផុតសម្រាប់អនាគតនៃកំណើនប្រជាសាស្ត្រពិភពលោក​៕




អត្ថបទបន្ទាប់


គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាបន្តជួយផ្តល់ទុនដល់កសិករ ទោះប្រឈមនឹងវិបត្តិអាកាសធាតុ«អែលនីណូ»

ការប្រែប្រួលអាកាសធាតុកំពុងវិវឌ្ឍខ្លួនទៅជាហានិភ័យដ៏ធំធេងវាយប្រហារចំៗទៅលើដង្ហើមសេដ្ឋកិច្ច នៃវិស័យកសិកម្ម។ ជាក់ស្តែងថ្មីៗនេះ អង្គការឧតុនិយម…

ឧក្រិដ្ឋជនប្រើអន្ទាក់ K-Pop ធ្វើអាវុធឆបោកជនបរទេសរាប់ម៉ឺននាក់នៅកូរ៉េខាងត្បូង

នេះជាព័ត៌មានព្រមានដ៏សំខាន់មួយ សម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រវិស័យចម្រៀង K-Pop និងអ្នកដែលមានបំណងចង់ទៅកម្សាន្តនៅប្រទេសកូរ៉េខាងត្បូង។ ទិន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ