លោក Du Jianhao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនអំពីសាវតា បទពិសោធ សក្តានុពល និងសមត្ថភាពផលិតកម្មក្រុមហ៊ុន ដែលមានផលរបរប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងបាននាំចេញទៅកាន់បណ្តាប្រទេសនានាលើសកលលោក។ លោកបានជម្រាបជូនថា វិស័យកសិកម្ម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច ដ៏សំខាន់ ហើយក្រុមហ៊ុនមានបំណងបង្កើតរោងចក្រនៅកម្ពុជា នាំចូលតែវត្ថុធាតុដើមមកផ្សំនៅក្នុងស្រុកដោយប្រើប្រាស់ បច្ចេកវិទ្យា ដែលអាចកាត់បន្ថយថ្លៃដើមផលិត ធានាសុវត្ថិភាពខ្ពស់ជូនដល់កម្មករ បុគ្គលិក ធានាបាននូវបរិស្ថាន បៃតង និងលទ្ធភាពប្រកួតប្រជែងលើទីផ្សារ។ លោកបានបញ្ជាក់ថា ផលិតផលថ្នាំកសិកម្មដែលក្រុមហ៊ុនផលិតមានកម្រិតជាតិពុលទាបបំផុត (ទាបជាងគេ) មិនប៉ះពាល់ដល់សុខភាពមនុស្ស ហើយតាមរយៈការវិនិយោគនេះ ក្រុមហ៊ុននឹងរួមចំណែកជំរុញវិស័យផលិតកម្មឱ្យមានការលូតលាស់ ជួយកសិករខ្មែរ ក្នុងការកាត់បន្ថយការចំណាយ សន្សំសំចៃថវិកា បង្កើនទិន្នផលដំណាំ ដែលនឹងចូលរួមគាំទ្រដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូលថ្នាំកសិកម្មពីបរទេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន Shaoxing Shangyu Xin Yinbang Biochemical Co., Ltd. ដែលមានបំណងមកវិនិយោគនៅកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍ជានិច្ច និងផ្តល់ការគាំទ្រ ព្រមទាំងផ្តល់នូវបរិស្ថានវិនិយោគអនុគ្រោះដល់វិនិយោគិនល្អៗ ដែលមានបំណងវិនិយោគពិតប្រាកដ ពិសេសក្នុងវិស័យកសិកម្មនេះ។ ក្នុងន័យនេះ ទោះបីជាផលិតផលថ្នាំកសិកម្មជាតម្រូវការក្តី ប៉ុន្តែកម្ពុជាក៏មានការប្រយ័ត្នប្រយែងដែរ ត្បិតព្រោះថ្នាំកសិកម្មអាចផ្តល់ផលប្រយោជន៍ក៏ពិតមែន ប៉ុន្តែបើផលិតខុសបច្ចេកទេស គ្មានស្តង់ដា ឬមិនចេះប្រើប្រាស់ ឬប្រើប្រាស់ខុសបច្ចេកទេស នឹងបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ ដូច្នេះ ក្រុមហ៊ុនត្រូវតែគិតគូរឱ្យបានហ្មត់ចត់លើគុណភាព ស្តង់ដាបច្ចេកទេស និងការណែនាំការប្រើប្រាស់ដល់កសិករឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបានបន្ថែមថា ការប្រើប្រាស់ថ្នាំកសិកម្មដែលមានស្តង់ដា និងបច្ចេកទេសត្រឹមត្រូវ នឹងជួយជំរុញដល់ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន តំបន់ និងលើពិភពលោក នាពេលខាងមុខផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានអរគុណដល់ក្រុមហ៊ុន Shaoxing Shangyu Xin Yinbang Biochemical Co., Ltd. ដែលមានបំណងចាប់អារម្មណ៍វិនិយោគក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលជាខេត្តមានផ្ទៃដីធំ ស្ថិតនៅចំកណ្ដាលប្រទេស ប្រភពទឹកសំបូរបែប ចំនួនប្រជាជនច្រើនគួរសម និងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក អគ្គិសនី សមស្រប ជាប្រព័ន្ធ Ecosystem ព្រមទាំងជាមជ្ឈមណ្ឌលប្រមូលផ្តុំកសិកម្ម
កសិ-ឧស្សាហកម្មដ៏មានសក្តានុពល ដែលបាននិងកំពុងទាក់ទាញការវិនិយោគជាច្រើនពីក្រុមហ៊ុនបរទេសធំៗ ហើយថែមទាំងមានការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស សម្រាប់កែច្នៃកសិកម្ម និងកសិឧស្សាហកម្ម និងគម្រោងសួនឧស្សាហកម្មស្វាយចន្ទី (CIP) ទៀតផង។
ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជូនពរឱ្យក្រុមហ៊ុនទទួលបានជោគជ័យក្នុងការសិក្សា និងឈានទៅសម្រេចបាននូវការវិនិយោគពិតប្រាកដនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះ។