ផ្ទាំងទឹកកក និងចរន្តទឹកត្រជាក់ខុសប្រក្រតី កំពុងបង្ហាញវត្តមាននៅមហាសមុទ្រអាត្លង់ទិចខាងជើង ភាគខាងត្បូងនៃកោះហ្គ្រីនឡែន និងប្រទេសអ៊ីស្លង់ កំពុងក្លាយជាផ្ទាំងស៊ីប នៃការជជែកវែកញែកយ៉ាងក្តៅគគុកអំពីអព្ភូតហេតុដ៏អាថ៌កំបាំងមួយនេះ។ អ្វីដែលអ្នកវិទ្យាសាស្ត្រកំពុងចោទជាសំណួរនោះ គឺនៅក្នុងពេលដែលភពផែនដីកំពុងឡើងកម្ដៅខ្លាំង ហើយផ្ទាំងទឹកកកទូទៅកំពុងរលាយរាល់ថ្ងៃ ចុះហេតុអ្វីបានជាស្រាប់តែលេចឡើងនូវដុំទឹកកក និងផ្ទៃទឹកដ៏ត្រជាក់ខុសប្រក្រតីនៅតំបន់នេះទៅវិញ? ភាពមិនស៊ីសង្វាក់គ្នានេះ នាំឱ្យមានការសន្និដ្ឋានដ៏គួរឱ្យព្រួយបារម្ភថា វាអាចជាសញ្ញាបង្ហាញថា ផែនដីកំពុងតែរុញច្រានខ្លួនឯងយ៉ាងលឿនឆ្ពោះទៅរកចំណុចវិលត្រឡប់ថយក្រោយលែងកើត នៃវិបត្តិអាកាសធាតុ។
យោងតាមការវិភាគបែបវិទ្យាសាស្ត្រដែលចុះផ្សាយដោយ CNN អ្នកជំនាញបានដាក់ការសង្ស័យថា ភាពមិនប្រក្រតីនេះអាចបណ្តាលមកពីការបាត់បង់កម្ដៅនៅលើផ្ទៃមហាសមុទ្រ ដោយសារតែការផ្លាស់ប្តូររបបខ្យល់ និងពពក។ ប៉ុន្តែអ្វីដែលគួរឱ្យខ្លាចជាងនេះទៅទៀតនោះ គឺពួកគេបារម្ភថា នេះជាសញ្ញាចង្អុលបង្ហាញពីការចុះខ្សោយនៃប្រព័ន្ធចរន្តទឹកបញ្ច្រាសនៅក្នុងមហាសមុទ្រអាត្លង់ទិច ដែលជាប្រព័ន្ធចរន្តដ៏សំខាន់បំផុតក្នុងការរក្សាតុល្យភាពសីតុណ្ហភាពពិភពលោក។ ជាទូទៅចរន្តទឹកបញ្ច្រាសនេះ មានតួនាទីទាញយកទឹកក្តៅពីតំបន់ត្រូពិចទៅកាន់អឌ្ឍគោលខាងជើង។
លោក ស្តេហ្វេន រ៉ាស្តហ្វ (Stefan Rahmstorf) អ្នកវិទ្យាសាស្ត្រ និងជាសាស្ត្រាចារ្យផ្នែករូបវិទ្យាមហាសមុទ្រ នៅសាកលវិទ្យាល័យ Potsdam ប្រទេសអាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា៖«ការប្រែប្រួលនេះ មិនមែនជារឿងសាមញ្ញនោះឡើយ។ មានភស្តុតាងកាន់តែច្រើនឡើង ដែលបង្ហាញថា ស្ថានភាពប្រព័ន្ធអេកូឡូស៊ី និងបរិយាកាសរបស់យើង កំពុងតែស្ថិតក្នុងភាពវឹកវរ»។
ទោះបីជាលទ្ធផលចុងក្រោយទៅជាយ៉ាងណាក៏ដោយ ប៉ុន្តែវត្តមានដុំទឹកកកដ៏អាថ៌កំបាំងនេះ បានក្លាយជាការដាស់តឿនថ្មីមួយទៀតដល់មនុស្សជាតិ ឱ្យងាកមកមើលការប្រែប្រួលយ៉ាងគំហុក នៃភពផែនដី មុនពេលអ្វីៗគ្រប់យ៉ាងត្រូវហួសពេល៕
ដោយៈ សរ សុជាតិ