អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុ លោក Winston Chow លើកឡើងថា ម៉ាស៊ីនត្រជាក់នៅតែមានតួនាទីសំខាន់ក្នុងការការពារអាយុជីវិត ជាពិសេសនៅមន្ទីរពេទ្យ សាលារៀន មណ្ឌលថែទាំមនុស្សចាស់ និងកន្លែងដែលមានក្រុមមនុស្សងាយរងគ្រោះ។ ប៉ុន្តែការពឹងផ្អែកលើម៉ាស៊ីនត្រជាក់ហួសហេតុពេក នឹងធ្វើឱ្យការប្រើប្រាស់អគ្គិសនីកើនឡើង និងបង្កការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន ដែលជាហេតុធ្វើឱ្យបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់។
លោកបញ្ជាក់ថា បទពិសោធន៍ដ៏សំខាន់ពីសិង្ហបុរី មិនមែនជាការប្រើម៉ាស៊ីនត្រជាក់ឱ្យកាន់តែច្រើននោះទេ ប៉ុន្តែជាការគ្រប់គ្រងកម្ដៅថ្លៃតាមប្រព័ន្ធទាំងមូល។ ក្នុងនោះរួមមាន ការបង្កើតតំបន់បៃតងឱ្យបានច្រើន ការប្រើសម្ភារៈសំណង់ដែលកាត់បន្ថយការស្រូបកម្ដៅ ការរចនាអគារឱ្យមានខ្យល់ចេញចូលល្អ និងការប្រើប្រព័ន្ធត្រជាក់ដែលសន្សំសំចៃថាមពល។
លោកក៏ព្រមានដែរថា បម្រែបម្រួលអាកាសធាតុកំពុងធ្វើឱ្យបាតុភូតរលកកម្ដៅកើតឡើងញឹកញាប់ អូសបន្លាយយូរ និងមានគ្រោះថ្នាក់កាន់តែខ្លាំង។ ដូច្នេះ បណ្ដាទីក្រុងនៅអឺរ៉ុប គួរតែរៀបចំផែនការរយៈពេលវែងចាប់ពីពេលនេះ ដើម្បីការពារសុខភាពប្រជាជន និងកាត់បន្ថយហានិភ័យ មុនពេលរលកកម្ដៅក្លាយជាវិបត្តិប្រចាំឆ្នាំ។
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ម៉ាស៊ីនត្រជាក់នៅតែជាឧបករណ៍ចាំបាច់សម្រាប់ក្រុមមនុស្សងាយរងគ្រោះ ប៉ុន្តែវាគួរតែជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់គ្រងកម្ដៅដ៏ទូលំទូលាយ មិនមែនជាដំណោះស្រាយតែមួយសម្រាប់ទីក្រុងទាំងមូលនោះទេ៕
ដោយ: តែម សុខុម