យ៉ាងណាមិញ អាជ្ញាធរ និងវិស័យឯកជនកម្ពុជា នៅតែបន្តជួយសម្របសម្រួល និងមើលថែទាំអ្នកទេសចរបរទេសទាំងនោះយ៉ាងយកចិត្តទុកដាក់ ខណៈអ្នកជំនាញមើលឃើញថា សកម្មភាពមនុស្សធម៌នេះ គឺជាកាយវិការដ៏ល្អ ដែលជួយឱ្យកម្ពុជាទទួលបានការចាប់អារម្មណ៍ពីពិភពលោក និងលើកកម្ពស់មុខមាត់ទេសចរណ៍ជាតិយ៉ាងធំធេង។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា គម្រោងចាកចេញរបស់នាវាទេសចរណ៍ខ្នាតយក្ស Odyssey ពីផ្ទៃសមុទ្រកម្ពុជាត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា។ ការពន្យារពេលនេះត្រូវបានប្រធានមន្ទីរទេសចរណ៍រូបនេះវាយតម្លៃថា អាចដោយសារពុំទាន់មានហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីដោះស្រាយលើការចំណាយ។ ទោះជាបែបនេះក្ដីលោក តាំង សុចិត្រគ្រឹស្នា បានគូសបញ្ជាកថា អាជ្ញាធរកម្ពុជា រួមទាំងវិស័យឯកជនបានយកចិត្តទុកដាក់ និងសម្របសម្រួលជួយដល់អ្នកទេសចរបរទេសក្នុងនាវានេះតាមរយៈការបញ្ចុះតម្លៃលើសេវាស្នាក់នៅ ការបម្រើសេវាដឹកជញ្ជូនតាមគោលដៅមួយចំនួន និងការបំពេញនីតិវិធីផ្សេងៗជាដើម។
ដោយឡែក លោកបណ្ឌិត ឥន សុផល អ្នកជំនាញទំនាក់ទំនងអន្តរជាតិ បានលើកឡើងនៅក្នុងបណ្តាញសង្គមថា កម្ពុជា ទទួលបានផលចំណេញផ្នែកការទូតសាធារណៈពីការចូលចតរបស់នាវាទេសចរណ៍ខ្នាតយក្ស Odyssey តាមរយៈការជួយបង្កើតកេរ្តិ៍ឈ្មោះល្អ និងធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជា ជាប្រទេសមនុស្សធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការជួយមនុស្សជួបវិបត្តិ។ សម្រាប់អ្នកជំនាញរូបនេះ ផលប្រយោជន៍ដែលកម្ពុជាទទួលបានពីសកម្មភាពមនុស្សធម៌ជាមួយអ្នកទេសចរបរទេសរួមមាន កេរ្តិ៍ឈ្មោះល្អនៅលើឆាកអន្តរជាតិ, បទពិសោធល្អរបស់ភ្ញៀវអាចបង្កើតការយល់ឃើញវិជ្ជមានអំពីប្រទេសកម្ពុជា, កំពង់ផែកម្ពុជាមានសមត្ថភាពសម្របសម្រួលក្នុងគ្រាអាសន្ន និងជួយផ្សព្វផ្សាយដល់អ្នកទេសចរ និងការផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅសម្រាប់អ្នកទេសចរអន្តរជាតិផ្សេងៗទៀតជាដើម។
គួរបញ្ជាក់ថា នាវា Odyssey បានចេញដំណើរពីទីក្រុង Belfast ប្រទេសអៀរឡង់ខាងជើង កាលពីខែតុលា ឆ្នាំ២០២៤ ក្នុងកម្មវិធីទេសចរណ៍រយៈពេល៣ឆ្នាំកន្លះ ដោយផ្ទុកអ្នកដំណើរចំនួន២០៣នាក់ ដែលភាគច្រើនជាជនជាតិអាម៉េរិក និងបុគ្គលិកបម្រើការលើនាវាចំនួន១៥៦នាក់។ នាវានេះបានស្នើសុំចូលចតបណ្ដោះអាសន្ននៅកំពង់ផែក្រុងព្រះសីហនុ តាំងពីថ្ងៃសុក្រ ទី២៣ ខែតុលា មកម៉្លេះ។ តាមផែនការដំបូងនាវាទេសចរណ៍នេះគ្រោងចាកចេញពីកម្ពុជានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦៕
អត្ថបទ៖ បូ ដូឡា