សារព័ត៌មាន Interesting Engineering បានរាយការណ៍កាលពីថ្ងៃទី៣០ ខែតុលា ថា យោធាសហរដ្ឋអាម៉េរិក បានប្រកាសពីការត្រៀមខ្លួនសម្រាប់សង្គ្រាមទ្រង់ទ្រាយធំ ដោយបញ្ហាឱ្យគ្រប់មូលដ្ឋានយោធាធំៗទូទាំងប្រទេស រៀបចំស្តុកទុកស្បៀងអាហារ ថាមពល និងយុទ្ធភណ្ឌយោធាឱ្យបានគ្រប់គ្រាន់សម្រាប់ថែរក្សាសមត្ថភាពប្រយុទ្ធរយៈពេល៩០ថ្ងៃពេញ ឬ៣ខែ ដោយឯករាជ្យ និងមិនបាច់ពឹងផ្អែកលើការផ្គត់ផ្គង់ពីពិភពខាងក្រៅ។ គោលបំណងធំនៃការត្រៀមខ្លួននេះ គឺដើម្បីធានាថា រាល់មូលដ្ឋានយោធា និងទីភ្នាក់ងារសន្តិសុខសំខាន់ៗរបស់អាម៉េរិកអាចឈរជើង និងធ្វើប្រតិបត្តិការបានយ៉ាងរឹងមាំឥតរំខាន ក្នុងករណីដែលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឬបណ្តាញផ្គត់ផ្គង់ទូទាំងប្រទេសត្រូវបានកាត់ផ្តាច់។
ក្រុមអ្នករៀបចំផែនការយោធាជាន់ខ្ពស់អាម៉េរិក បានទទួលស្គាល់ថា សង្គ្រាមនាពេលអនាគតមិនមែនត្រឹមតែជាការបាញ់ប្រហារគ្នានៅលើសមរភូមិឆ្ងាយៗនោះទេ ប៉ុន្តែវាអាចជាសង្គ្រាមកូនកាត់ និងសង្គ្រាមអ៊ីនធឺណិត ដែលអាចវាយប្រហារដោយផ្ទាល់មកលើបណ្តាញអគ្គិសនី ប្រព័ន្ធឧស្សាហកម្ម និងសេវាសាធារណៈនៅក្នុងទឹកដីអាម៉េរិកផ្ទាល់តែម្តង។
ដើម្បីឆ្លើយតបនឹងសេណារីយ៉ូដ៏អាក្រក់នេះ ផែនការ FORTRESS តម្រូវឱ្យមូលដ្ឋានយោធានីមួយៗបង្កើតឃ្លាំងបម្រុងអាសន្ន រួមមានអាវុធយុទ្ធភណ្ឌ គ្រាប់រំសេវ ប្រេងឥន្ធនៈ បច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិក រ៉ែយុទ្ធសាស្ត្រ សម្ភារវេជ្ជសាស្ត្រ គ្រឿងបន្លាស់យោធា ប្រព័ន្ធទំនាក់ទំនងបម្រុង និងស្បៀងអាហារ។ បរិមាណនៃទំនិញស្តុកទុកទាំងនេះ នឹងត្រូវគណនាយ៉ាងហ្មត់ចត់ទៅតាមអត្រាប្រៀបធៀបនៃសេចក្តីត្រូវការ ដើម្បីធានាការរស់រាន និងការឆ្លើយតបបានយ៉ាងរឹងមាំរហូតដល់ស្ថានភាពវិបត្តិត្រូវបានដោះស្រាយបញ្ចប់៕