បើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោក ណាតថាផុង រឿងបញ្ញាវុធ មេដឹកនាំគណបក្សប្រជាជនថៃ ស្នើឱ្យលោកនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល ស្វែងរកជំនួយពីបារាំង ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា អំឡុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសបារាំង។ ថ្លែងក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃទី២១ ខែឧសភា មេបក្សប្រឆាំងដ៏មានឥទ្ធិពលរូបនេះបានបង្ហាញការគាំទ្រចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោក អានុទីន ទៅកាន់ប្រទេសបារាំង ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៧ ខែឧសភា។ តែយ៉ាងណាលោកជំរុញឱ្យលោក អនុទីន ប្រើប្រាស់ឱកាសនេះ ដើម្បីគូសបញ្ជាក់ឱ្យបានច្បាស់អំពីតួនាទីយុទ្ធសាស្ត្ររបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ ដើម្បីស្តារមុខមាត់ឡើងវិញ។
ទន្ទឹមនឹងនេះ លោកស្នើឱ្យលោក អនុទីន អញ្ជើញប្រធានាធិបតីបារាំងលោក អេម៉ានុយអេល ម៉ាក្រុង ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសថៃឱ្យបានមុន លោក មកបំពេញទស្សនកិច្ចនៅកម្ពុជានៅអំឡុងខែវិច្ឆិកា ខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឬកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។
មេដឹកនាំគណបក្សប្រឆាំងថៃរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើប្រធានាធិបតីបារាំង អាចឆ្លៀតពេលមកបំពេញទស្សនកិច្ចនៅប្រទេសថៃ មុនពេលបន្តដំណើរទៅកាន់ប្រទេសកម្ពុជា វានឹងក្លាយជាឱកាសដ៏មានតម្លៃក្នុងការពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
សម្រាប់មេដឹកនាំបក្សប្រឆាំងរូបនេះ ដំណើរទស្សនកិច្ចកម្រិតខ្ពស់បែបនេះ ក៏អាចជួយទាក់ទាញការវិនិយោគពីបរទេសផងដែរ ជាពិសេសលើវិស័យប្តូរផ្លាស់ថាមពល។ លោកបានសង្កត់ធ្ងន់ថា អាទិភាពចម្បងរបស់រដ្ឋាភិបាលថៃ គឺត្រូវធ្វើយ៉ាងណាដាក់ប្រទេសថៃឱ្យក្លាយជាស្នូល នៃស្ថិរភាពនៅក្នុងតំបន់អាស៊ាន និងជាស្ពានតភ្ជាប់តំបន់នេះទៅកាន់សហភាពអឺរ៉ុបផងដែរ៕