​វិស័យសេដ្ឋកិច្ច

ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា និងដំឡើងអត្រាអតិផរណា តែអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា សេដ្ឋកិច្ចនៅតែមានភាពធន់


ក្រុមអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ទោះបីស្ថាប័នអន្តរជាតិបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ និងត្រូវរងសម្ពាធពីឥទ្ធិពលនៃវិបត្តិនានាក្នុងតំបន់ និងសកលលោកក៏ដោយ តែសេដ្ឋកិច្ចកម្ពុជា នៅតែបន្តបង្ហាញភាពធន់ និងមានស្ថិរភាពរឹងមាំ ដែលអាចគ្រប់គ្រងបាន។ យ៉ាងណាមិញធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី៤,១% មកនៅត្រឹម៣,៩% និងបានដំឡើងការព្យាករអតិផរណាដល់កម្រិត៤,៧% សម្រាប់ឆ្នាំ២០២៦។
​វិស័យសេដ្ឋកិច្ច
ដោយ

ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញយល់ថា រាជរដ្ឋាភិបាលគួរតែដាក់ចេញនូវវិធានការឆ្លើយតបជាមុនឱ្យបានកាន់តែម៉ត់ចត់ ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយវិបត្តិខាងក្រៅ និងការហក់ឡើងអត្រាអតិផរណា។

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ទោះបីមានការបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចក៏ដោយ តែសេដ្ឋកិច្ចកម្ពុជា នៅតែបង្ហាញភាពធន់ ខណៈលំហូរវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញនៅតែជាជន្ទល់ដ៏សំខាន់ក្នុងការជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច។ ជាក់ស្ដែងនៅក្នុងរយៈពេល៨ខែមកនេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានការកើនឡើងប្រមាណ២០% ខណៈការនាំចេញមានការកើនឡើងប្រមាណ១៩% ស្របពេលការទាក់ទាញគម្រោងវិនិយោគថ្មី ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត លើកឡើងថា ការកើនឡើងអត្រាអតិផរណាបានកើតឡើងជាសកល ដែលបង្កដោយសារជម្លោះនៅមជ្ឈិមបូព៌ា។ នៅក្នុងបរិបទនេះពលរដ្ឋត្រូវបន្តគាំទ្រផលិតផលក្នុងស្រុក ដើម្បីរក្សាចរន្តសេដ្ឋកិច្ចជាតិ និងត្រូវរក្សាស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីរក្សាទំនុកចិត្តរបស់វិនិយោគិន និងស្ថិរភាពទីផ្សារ ព្រមទាំងមានការត្រួតពិនិត្យតម្លៃទំនិញ ដើម្បីជួយការពារអំណាចទិញ និងផលប្រយោជន៍ជូនដល់ពលរដ្ឋជាដើម។

ដោយឡែកលោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចយល់ឃើញថា ឥទ្ធិពលពីវិបត្តិសកល និងការបែងចែកភូមិសាស្រ្តនយោបាយបានធ្វើឱ្យអត្រាអតិផរណាមានការកើនឡើង។ នៅពេលណាអត្រាអតិផរណាមានការកើនឡើងនោះនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋទៅតាមស្ថានភាពជាក់ស្ដែង។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើអត្រាអតិផរណាស្ថិតក្នុងកម្រិតទាបជាង២% នោះមិនបង្កផលប៉ះពាល់ខ្លាំងនោះទេ តែប្រសិនបើលើសពីកម្រិត២% ឡើងទៅនោះនឹងមានផលប៉ះពាល់កើតឡើងលើជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។

ទោះជាបែបនេះក្ដីលោកបណ្ឌិត ហុង វណ្ណៈ លើកឡើងថា ស្ថិតនៅក្នុងស្ថានភាពនេះ សេដ្ឋកិច្ចកម្ពុជានៅតែអាចគ្រប់គ្រងបាន បើទោះបីជារងឥទ្ធិពលពីវិបត្តិនានាក៏ដោយ។ លោកបណ្ឌិត បានលើកឡើងថា នៅក្នុងអន្តរកាលនេះ រដ្ឋាភិបាលគួរមានវិធានការទុកជាមុន ដើម្បីបង្ការផលប៉ះពាល់ដែលបង្កឡើងពីវិបត្តិខាងក្រៅតាមរយៈការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការចំណាយមិនចាំបាច់ និងជំរុញសកម្មភាពសេដ្ឋកិច្ចជាដើម។

ជាមួយគ្នានេះ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាបន្តបង្ហាញភាពធន់ ដោយកំណើនដ៏រឹងមាំ នៃការនាំចេញផលិតផលកម្មន្តសាល និងការបន្តមានលំហូរចូលទុនវិនិយោគពីបរទេស កំពុងជួយប៉ះប៉ូវបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍។ លោកស្រីសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនសមត្ថភាពប្រកួតប្រជែង ការគាំទ្រគ្រួសារងាយរងគ្រោះ ក៏ដូចជាការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានសារៈសំខាន់ណាស់ សម្រាប់ការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ចេញរបាយការណ៍ថ្មីរបស់ខ្លួន ដោយបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី៤,១% ដែលធ្លាប់រំពឹងទុកពីមុនមកនៅត្រឹម៣,៩%ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៦។ ជាមួយគ្នានេះ ការព្យាករអតិផរណាត្រូវបានដំឡើង ដែលនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃថ្លៃប្រេងពិភពលោក និងការកើនឡើងថ្លៃដើមនៃការនាំចូល។ អតិផរណាបានកើនឡើងពីអត្រា ២,៦% ឆ្នាំលើឆ្នាំ ក្នុងខែកុម្ភៈ ទៅដល់ ៧,២% ក្នុងខែឧសភា មុនពេលថមថយមកត្រឹម ៥,៥% ក្នុងខែកក្កដា។ ជារួម ADB ព្យាករថា អតិផរណាជាមធ្យមនឹងស្ថិតនៅកម្រិតប្រមាណ ៤,៧% សម្រាប់ឆ្នាំ២០២៦ និង ២,៨% ក្នុងឆ្នាំ២០២៧ ដោយសារវិធានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈ និងតម្លៃប្រាក់រៀលដែលជាទូទៅមានស្ថិរភាព ជួយបន្ធូរបន្ថយសម្ពាធថ្លៃទំនិញ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើមានអ្វីនៅពីក្រោយ ដែលជំរុញឱ្យថៃ បន្តយកបញ្ហាវប្បធម៌មកបង្កជម្លោះជាមួយកម្ពុជា?

នាពេលថ្មីៗនេះភាគីថៃ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងជុំវិញការរៀបចំសម្ដែងសិល្បៈបុរាណក្នុងកម្មវិធីប្រកួតបវរកញ្ញានៅកម្ពុជា ដោយបានអះអាងទាំងបំពា…

មូលនិធិរូបិយវត្ថុអន្តរជាតិ ជំរុញឱ្យប្រទេសអ្នកមានកាត់បន្ថយបំណុល ខណៈវិបត្តិសកលជំរុញឱ្យថ្លៃដើមនៃការខ្ចីប្រាក់កើនឡើង

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងព្រមានពីការកើនឡើងនៃបំណុលរដ្ឋាភិបាល ខណៈសង្គ្រាម វិបត្តិថាមពល និងអត្រាការប្រាក់ខ្ពស់កំពុងធ្វើឱ្យថ្លៃដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ