នាយកគ្រប់គ្រងមូលនិធិ IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា បានប្រាប់សារព័ត៌មាន BBC ថា បណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនរួមទាំងអាម៉េរិក និងអង់គ្លេសផង ត្រូវតែកាត់បន្ថយការខ្ចីប្រាក់ និងបន្ថយកម្រិតបំណុល។ លោកស្រី បានព្រមានថា វិបត្តិ និងភាពរង្គោះរង្គើសេដ្ឋកិច្ចពិភពលោកបានជំរុញឱ្យបំណុលកាន់តែកើនឡើង ខណៈរដ្ឋាភិបាល នៃប្រទេសជាច្រើនមិនទាន់ចាត់វិធានការគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងថ្លៃសងបំណុល ដែលកំពុងកើនឡើងនៅឡើយទេ។
តែយ៉ាងណា លោកស្រី ទទួលស្គាល់ថា ការកាត់បន្ថយការចំណាយ និងបំណុល គឺជាការសម្រេចចិត្តដ៏លំបាកផ្នែកនយោបាយ ប៉ុន្តែវាជាការចាំបាច់ ដែលត្រូវធ្វើ ដើម្បីពង្រឹងវិន័យសារពើពន្ធជាអាទិភាព
ខណៈធនាគារកណ្តាលនានាបន្តប្រយុទ្ធប្រឆាំងនឹងអតិផរណា។
ការព្រមាននេះកើតឡើង ខណៈថ្លៃដើមនៃការខ្ចីប្រាក់កំពុងកើនឡើងនៅតាមបណ្ដាប្រទេសសេដ្ឋកិច្ចធំៗមួយចំនួន។ ជាក់ស្តែងនៅអង់គ្លេស ការខ្ចីប្រាក់របស់រដ្ឋាភិបាលបានឈានដល់ជាង២៤ពាន់លានដុល្លារអំឡុងខែសីហា កើនជិត២០% បើធៀបនឹងឆ្នាំមុន ខណៈការប្រាក់លើបំណុល ក៏បានហក់ឡើងដល់កម្រិតខ្ពស់បំផុតផងដែរសម្រាប់ខែសីហា ចាប់តាំងពីមានកំណត់ត្រាក្នុងឆ្នាំ១៩៩៧ មក។ នៅសហរដ្ឋអាម៉េរិកឯណោះវិញ បំណុលរដ្ឋាភិបាលបានកើនលើស៤០ទ្រីលានដុល្លារ ដែលកើនឡើងទ្វេដងក្នុងរយៈពេលប្រមាណមួយទសវត្សរ៍។
ទន្ទឹមនឹងនេះ មេ IMF ក៏ព្រមានដែរថា បច្ចេកវិទ្យា AI អាចក្លាយជាហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុ ប្រសិនបើប្រព័ន្ធ AI ដែលមានស្វ័យភាពកាន់តែខ្លាំងបង្កឱ្យមានការរំខានធំៗ។ លើសពីនេះ សេដ្ឋកិច្ចពិភពលោកកំពុងត្រូវបានជំរុញក្នុងទិសដៅ២ផ្ទុយគ្នា គឺថ្លៃថាមពលហក់ឡើងខ្ពស់ ខណៈការវិនិយោគលើបច្ចេកវិទ្យា AI កំពុងកើនឡើងយ៉ាងឆាប់រហ័ស៕
ដោយ: តែម សុខុម